មេដឹកនាំយោធាកំពូលអាមេរិកព្រមានថា ក្រុមអាល់កៃដា និង ISIS អាចបង្កើតឡើងវិញនៅអាហ្វហ្គានីស្ថាន ក្នុងរយៈពេលពី ៦ ទៅ ៣៦ ខែ

វ៉ាស៊ីនតោន៖ នាយសេនាធិការកងទ័ពចម្រុះអាមេរិក លោកឧត្ដមសេនីយ៍ ម៉ាក មីលី (Mark Milley) បាននិយាយថា មានលទ្ធភាពពិតប្រាកដ ដែលក្រុមអាល់កៃដា ឬក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ISIS អាចបង្កើតឡើងវិញនៅអាហ្វហ្គានីស្ថានក្នុងរយៈពេល ៦ ទៅ ៣៦ ខែខាងមុខទៀតនេះ ។

មេដឹកនាំយោធាកំពូលអាមេរិករូបនេះបន្តថា ពិតណាស់នៅនាទីនេះ ការគំរាមកំហែងភេរវកម្មពីអាហ្វហ្គានីស្ថាន គឺតូចជាងការវាយប្រហារភេរវកម្ម ៩/១១ ប៉ុន្តែសម្រាប់ការបង្កើតឡើងវិញរបស់ក្រុមអាល់កៃដា ឬក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ISIS អាចមានខ្ពស់ណាស់។ លោក មីលី បាន​ប្រាប់គណៈកម្មាធិការសេវាអាវុធនៃព្រឹទ្ធសភាអាមេរិកទៀតថា មានលទ្ធភាពបង្កើតឡើងវិញនូវក្រុមភេរវកម្មនៅអាហ្វហ្គានីស្ថាននាពេលអនាគតដ៏ខ្លីខាងមុខ ពោលគឺចន្លោះពី ៦ ១២ ១៨ ២៤ ដល់ ៣៦ខែ ហើយវាជាការងាររបស់យើង ដើម្បីទប់ស្កាត់នៅក្រោមលក្ខខណ្ឌផ្សេងៗគ្នា។ អ្វីដែលសំខាន់នោះ វាជាការងាររបស់យើង ដើម្បីបន្តការពារពលរដ្ឋអាមេរិកប្រឆាំងនឹងការវាយប្រហារពីអាហ្វហ្គានីស្ថាន។

ទន្ទឹមគ្នា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន បានយល់ស្របជាមួយនឹងការវាយតម្លៃនេះ ដោយលោកបាននិយាយថា ក្រុមអាល់កៃដាត្រូវបានបំផ្លាញជាបន្តបន្ទាប់។ ឥឡូវនេះ អង្គការភេរវករកំពុងស្វែងរកកន្លែងដែលគ្មានមនុស្សរស់នៅ ដើម្បីពួកគេអាចធ្វើការបណ្តុះបណ្តាល និងបំពាក់បំប៉ន ដូច្នេះហើយ នៅទីនោះ (អាហ្វហ្គានីស្ថាន) មានលទ្ធភាពយ៉ាងច្បាស់ ដែលអាចកើតឡើងនាពេលខាងមុខ៕ ប្រភព៖ CNN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner