កិច្ចប្រជុំកំពូលស្តីពីការអប់រំសាកល (Global Education Summit )

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលស្តីពីការអប់រំសាកល (Global Education Summit) នាថ្ងៃទី២៨ ដល់ ២៩ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណង កៀរគរធនធានថវិកាប្រទេសជាដៃគូនានា ដើម្បីគាំទ្រ និងកែលម្អវិស័យអប់រំឱ្យមានភាពល្អប្រសើរឡើងនៅលើពិភពលោក។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមនាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស ប្រធានាធិបតីនៃសាធារណរដ្ឋកេនយ៉ា និងប្រធានមូលនិធិភាពជាដៃគូសាកលសម្រាប់ការអប់រំ (GPE)។ ក្នុងកិច្ចប្រជុំកំពូលនោះឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូពីព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងនាយកដ្ឋានជំនាញ រួមជាមួយបណ្ដាប្រទេសជាច្រើនលើពិភពលោក ដូចជា សហរដ្ឋអាមេរិក ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ សហព័ន្ធអារ៉ាប់រួម និងប្រទេសចំនួន ១០៤ លើពិភពលោក តាមប្រព័ន្ធអេឡិចត្រូនិក។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យបាន ចែករំលែកបទពិសោធន៍ល្អៗ និងបានបង្ហាញអំពីអាទិភាពសំខាន់ៗក្នុងវិស័យអប់រំ និងបានឆ្លុះបញ្ចាំងពីគំនិតនវានវត្តន៍ក្នុងការធ្វើកំណែទម្រង់អប់រំក្នុងទទួលបានជោគជ័យ ជាពិសេសការផ្តល់សេវាអប់រំ និងការកំណត់សកម្មភាពអាទិភាពសំខាន់ៗក្នុងវិស័យអប់រំ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ លើសពីនេះឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកែលម្អហិរញ្ញវត្ថុសាធារណក្នុងវិស័យអប់រំឱ្យបានល្អប្រសើរ និង ខិតខំកៀរគរក្នុងការបង្កើនថវិកាសម្រាប់វិស័យអប់រំ ដើម្បីធ្វើកំណែទម្រង់វិស័យអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងប្រសិទ្ធភាពខ្ពស់។ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner