ក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារឲ្យបាននូវសន្តិភាព និងស្ថិរភាព

នយោបាយ៖ កម្ពុជាជាប្រទេសមួយដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង, ជាប្រទេសមួយដែលធ្លាប់ត្រូវបានទទួលរងនូវការ​ជាន់ឈ្លីអធិបតេយ្យជាតិ ការរលត់រលាយបាត់បង់ឯករាជ្យ ការបែកបាក់ និងក្តីវិនាសសព្វបែបយ៉ាងដែលជាហេតុធ្វើឲ្យប្រជាជនកម្ពុជាយល់ច្បាស់ណាស់ពីតម្លៃនៃសន្តិភាព និងស្ថិរភាព។

ជាក់ស្តែង គ្រាន់តែក្នុងរយៈពេល ២៣ឆ្នាំ ចុងក្រោយ បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ និងការឯកភាពជាតិទាំងស្រុង ដោយសារនយោបាយ ឈ្នះ ឈ្នះ ដែលបានចាប់ផ្តើមពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងស្តារប្រទេសជាតិឡើងវិញ និងបានបោះជំហានលើមាគ៌ាអភិវឌ្ឍ ទទួលបានការរីកចម្រើនលើគ្រប់វិស័យ ។ កំណើនសេដ្ឋកិច្ចកម្ពុជាកើនឡើងជាមធ្យមប្រមាណ ៧% រៀងរាល់ឆ្នាំ ដោយបានត្រួសត្រាយផ្លូវសម្រាប់កម្ពុជា ទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ឈានទៅសម្រេចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ។ ពេលនេះទោះបីកម្ពុជាទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-19 ប៉ុន្តែអត្រាកំណើតសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២១ អាចងើបឡើងវិញក្នុងរង្វង់ ២,៥% បន្ទាប់ពីការធ្លាក់ចុះក្នុងកម្រិត -១,៩% ក្នុងឆ្នាំ២០២០ ។ អ្វីដែលគួរឲ្យកត់សម្គាល់គឺ តាមការវាយតម្លៃចុងក្រោយរបស់អង្គការសហប្រជាជតិដែលធ្វើឡើងនៅរៀងរាល់ ៣ឆ្នាំម្តង ទិន្នផលក្នុងឆ្នាំ២០២១ បង្ហាញថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា កម្ពុជាមានលទ្ធភាពអាចបំពេញតាមលក្ខខណ្ឌដែលអាចចាត់ទុកថា រួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួច ។ សមិទ្ធផលធំៗលើគ្រប់វិស័យដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ននេះ គឺជាផល ជាផ្លែផ្កា និងជាគុណតម្លៃនៃសន្តិភាព ហើយដែលយើងទាំងអស់គ្នាត្រូវរួបរួមសាមគ្គីឯកភាពជាតិជាធ្លុងមួយ ថែរក្សាការពារឲ្យបានសន្តិភាព ភាពសុខដុមរមនាសម្រាប់ប្រជាជនយើងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព ។

ប៉ុន្តែទោះបីជាប្រទេសជាតិយើងកំពុងស្ថិតក្នុងសុខសន្តិភាពយ៉ាងនេះក្តី ក៏ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តនៅតែបន្តប្រើប្រាស់គ្រប់ល្បិចកលគំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដារពីរ អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ។ ពួកមជ្ឈដ្ឋានប្រឆាំងបានប្រើប្រាស់គ្រប់ឧបាយកលប៉ុនប៉ងបំផ្លាញសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាគ្មានឧបាយកលណាមួយរបស់ពួកប្រឆាំងអាចសម្រេចបាននោះទេ ។ នៅក្នុងឱកាសទិវាសន្តិភាពអន្តរជាតិថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ «រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមិនភ្លេចទេនូវវិនាសកម្ម និងការឈឺចាប់ដែលបង្កឡើងដោយសង្គ្រាមដែលប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តអស់ទាំងនោះបានដាក់បង្ខំមកលើយើង ។ យើងក៏មិនបានឲ្យប្រទេសអស់ទាំងនោះសងបំណុលសីលធម៌ដែលពួកគេជំពាក់ចំពោះប្រជាជនកម្ពុជាទេ តែយើងគ្រាន់តែប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួន ជាម្ចាស់ទឹក ម្ចាស់ដី ការពារការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិតែប៉ុណ្ណោះ ។ នៅក្នុងទិសដៅនេះ កម្ពុជាបានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងការគោរពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក»

ទិសស្លោក «អរគុណសន្តិភាព , ខ្ញុំស្រឡាញ់សន្តិភាព , មានសន្តិភាព ទើបមានការអភិវឌ្ឍ និងអ្វីៗទាំងអស់» នៅតែបន្តជ្រួតជ្រាបយ៉ាងជ្រៅនៅក្នុងមនសិការរបស់ប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ គ្រប់ជំនាន់ គ្មានថ្ងៃណាអាចរលុបបានឡើយ ។ សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ដែលត្រូវតែថែរក្សាការពារឲ្យបានគត់មត់ មិនអនុញ្ញាតឲ្យកម្លាំងណាមួយមកបំផ្លាញបានឡើយ ។ ដើម្បីការពារឲ្យបានសុខសន្តិភាព យើងត្រូវតែលើកកម្ពស់ស្មារតីនៃភាពជាម្ចាស់ប្រទេសរបស់យើងឲ្យរឹងមាំ ។ យើងត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយត្រូវតែថែរក្សាការពារឲ្យបាននូវសន្តិភាព និងស្ថិរភាពដែលកម្ពុជាទទួលបានដោយលំបាក ដើម្បីកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ។មានសន្តិភាព និងស្ថិរភាព ទើបមានឱកាសនៃការអភិវឌ្ឍន៍ប្រទេសជាតិ ៕ អត្ថបទ ទស្សនាវដ្តីប្រជាជន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner