វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺជាមរតករួមរបស់ប្រទេសជាតិ

នយោបាយ៖ ប្រជាជនកម្ពុជាបានធ្វើដំណើរឆ្លងកាត់នៅលើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ អស់រយៈជិត២ឆ្នាំកន្លងមកដោយបានតស៊ូប្រឹងប្រែងឆ្លងកាត់ការលំបាក​សព្វបែបសព្វយ៉ាង ហើយឆ្លងតាមរយៈនេះយើងក៏ទទួលបាននូវបទពិសោធន៍ជាច្រើនទាំងចំណុចខ្លាំងដែលត្រូវបង្កើនការយកចិត្តទុកដាក់ជំរុញអនុវត្តបន្ត និងចំណុចសេសសល់ ដែលត្រូវកែសម្រួលឡើងវិញ។ ទោះបីជាយើងមិនទាន់អាចយកជោគជ័យបានទាំងស្រុងក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប៉ុន្តែយើងអាចគ្រប់គ្រងបាន យើងអាចធ្វើភាព​ម្ចាស់ការបាន ដែលរហូតមកដល់ថ្ងៃនេះ ទប់ស្កាត់បានការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំហើយ ចំនួននៃអ្នកឆ្លង និងអ្នកស្លាប់ប្រចាំថ្ងៃមានការថយចុះច្រើន។ យើងសង្ឃឹមថានឹងកាត់ផ្តាច់បាននូវសង្វាក់នៃការចម្លង ហើយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នឹងកាន់តែធូរស្រាលបង្កភាពអនុគ្រោះ​ដល់ការបើកដំណើរប្រទេសជាតិ​ឡើងវិញនាពេលដ៏ឆាប់ខាងមុខ។

          នៅថ្ងៃទី១៧ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា៖ “ចំពោះរឿងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមកនាំយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ជាង១១លាននាក់គឺជាមរតក ដ៏មានតម្លៃរបស់រាជរដ្ឋាភិបាលយើង របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល របស់អង្គព្រះមហាក្សត្រ និងហ្លួងម៉ែ។ នេះជាមរតកធំណាស់ ។ ពិតមែនតែខ្ញុំ មានតួនាទីសម្រេចអ្វីៗទាំងអស់ ក៏ប៉ុន្តែប្រសិនបើគ្មានព្រះរាជតម្រិះ គ្មានការគាំទ្រពីព្រះមហាក្សត្រ គ្មានការគាំទ្រពីហ្លួងម៉ែទេ កិច្ចការរបស់យើងមិនបានឈានដល់ដំណាក់កាលជ្រៅជ្រះប៉ុណ្ណេះទេ។ ប៉ុន្តែព្រះអង្គបានព្រះរាជទានព្រះរាជទ្រព្យ ចូលរួមទិញវ៉ាក់សាំង ចូលរួមទិញមន្ទីរពេទ្យ និងចូលរួមដំណើរការនានាទាក់ទងនឹងការប្រឆាំងនឹងជំងឺកូវីដ១៩។ មរតកវ៉ាក់សាំងនេះ ជាមរតករួមរបស់ប្រទេសជាតិរបស់យើង ហើយនៅក្នុងរាជកាលព្រះរាជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី គ្រងរាជ្យ”។

          យើងគប្បីរំលឹកថា ប្រទេសកម្ពុជាធ្លាប់បានទទួលរងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង”ព្រឹត្តិការណ៍៣វិច្ឆិកា” ដែលត្រូវបិទបញ្ចប់នៅថ្ងៃទី១៨ ខែវិច្ឆិកា,“ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា” ដែលជាការឆ្លងចូលក្នុងសហគមន៍ជាលើកដំបូងបំផុតនៅកម្ពុជា ដែលត្រូវបិទបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ និង”ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ”ដែលបាននិងកំពុងអូសបន្លាយរហូតមកដល់ពេលនេះ។ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គមកម្ពុជា និងលំនឹងជីវភាពរស់នៅរបស់ប្រជាជន ហើយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការចាត់វិធានការ ដោះស្រាយរាល់ការលំបាកនេះដើម្បីគ្រប់គ្រងឲ្យបានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការទ្រទ្រង់សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាលកូវីដ-១៩ និងការដាក់ចេញផែនការយុទ្ធ​សាស្រ្តនៃការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩។ ជាមួយគ្នានេះការឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទដែលតា ក៏ជាបន្ទុកដែលរាជរដ្ឋាភិបាលត្រូវខិតខំដាក់ចេញវិធានការធ្វើយ៉ាងណាគ្រប់គ្រងឲ្យបានលឿន មានប្រសិទ្ធភាព កាត់ផ្តាច់ខ្សែរចង្វាក់នៃការឆ្លងនូវរលកទី៣នៃការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ។

          រាជរដ្ឋាភិបាលបានចាត់ទុកការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាការងារអាទិភាពដោយដំបូងបំផុតគឺការការ​ពារឲ្យបានអាយុជីវិតរបស់ប្រជាជន និងការធានាស្ថិរភាពសកម្មភាពសេដ្ឋកិច្ច-សង្គម ដោយបានចាត់ទុកគោលនយោបាយវ៉ាក់សាំងជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់ជាងគេ ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។  ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដែលរហូតមកដល់ពេលនេះ ប្រទេសយើងបានជាប់ចំណាត់ថ្នាក់លេខ២ក្នុងប្រទេសអាស៊ានទាំង១០ ដែលបានចាក់វ៉ាក់សាំងបានច្រើនជាងគេ, ជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសធំៗមួយចំនួនដែលបានចាក់វ៉ាក់សាំងឲ្យកុមារ និងយុវវ័យអាយុក្រោម១៨ឆ្នាំ,ជាប្រទេសមួយក្នុងចំណោមប្រទេសដ៏តិចតួចបំផុតនៅលើពិភពលោកដែលបានចាប់ផ្តើមយុទ្ធសា​ស្រ្ត​ចាក់  វ៉ាក់សំាងដូសទី៣។ សម្តេចតេជោ ហ៊ុន សែន បានប្រកាន់យកគោលជំហរមួយច្បាស់លាស់ ត្រឹមត្រូវ ប្រក​បដោយភាពឈ្លាសវៃបំផុត និងចក្ខុវិស័យវែងឆ្ងាយស្តីពីយុទ្ធសាស្រ្តវ៉ាក់សាំង ដោយយកវ៉ាក់សំាងចិនជាប្រភពយុទ្ធសាស្រ្ត និងប្រភពដទៃទៀតជាប្រភពគាំទ្រ។ លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងផែនការសកម្មភាពជាក់ស្តែងជាច្រើនរួមមាន៖ ការដាក់ចេញនូវយុទ្ធសាស្រ្តវ៉ាក់សំាងកូវីដ-១៩ ដោយរួមបញ្ចូលនូវផែនការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ និងគោលការណ៍ណែនាំប្រតិបត្តិសម្រាប់យុទ្ធសាស្រ្តចាក់វ៉ាក់សាំង,យុទ្ធសា​ស្រ្ត​ ជាតិចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពសុំាសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១(ថ្ងៃទី៧​ខែឧសភា),យុទ្ធសាស្រ្ត៦ចំណុចដើម្បីបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាព(ថ្ងៃទី១ ខែកក្កដា​)​, ការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់កុមារ និងយុវវ័យពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ (ថ្ងៃទី១ ខែសីហា), ការបើកដំណើរការយុទ្ធនាការជាតិក្រោមប្រធានបទ ”រួមគ្នាទទួលខុសត្រូវ ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ក្នុងបរិបទដែលកម្ពុជាស្ថិតក្នុងដំណាក់កាលនៃការឆ្លងមេរោគបំប្លែងថ្មីប្រភេទដែលតា (ថ្ងៃទី១៦ ខែសីហា), សេចក្តីប្រកាសស្តីពីគោលនយោបាយចាក់វ៉ាក់សំាងកូវីដ-១៩ ដូសជំរុញដោយអនុវត្តតាមគោលការណ៍ចំនួន៥ (ថ្ងៃទី២៥ ខែសីហា), ការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារពីអាយុចាប់ពី៦ឆ្នាំដល់១២ឆ្នាំ និងយុទ្ធនាការចាក់វ៉ាក់ដូសទី៣ជូនប្រជាជនកម្ពុជា(ថ្ងៃទី១៧ ខែកញ្ញា)។

          ក្នុងការអនុវត្តយុទ្ធសាស្រ្តវ៉ាក់សាំងជាតិនេះ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមលក្ខណៈសម្បត្តិបានគ្រប់គ្រាន់ទាំងអស់ ទាំងពេលវេលា ទាំងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស ដែលធ្វើឲ្យយុទ្ធនាការនេះដំណើរការទៅយ៉ាងរលូន និងមានប្រសិទ្ធភាពខ្ពស់។ តាមរយៈការអនុវត្តដោយជោគជ័យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩មានកត្តាសំខាន់ៗចំនួន៥  ដែលជាបទពិសោធន៍ត្រូវបន្តពង្រីកបន្ថែម សម្រាប់ការងារចំពោះមុខនោះគឺ ៖ ១- ការដឹកនាំមានភាពច្បាស់លាស់ ទំាងការគិតគូរ ទាំងយន្តការអនុវត្ត ក្នុងនោះគឺការកំណត់នូវគោលជំហរ និងយុទ្ធសាស្រ្តវ៉ាក់សាំងប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ២- ដោយចិនជាបង្អែកយុទ្ធសាស្រ្ត ឯប្រភពផ្សេងទៀតគឺជាប្រភពគាំទ្រ មកដល់ថ្ងៃនេះ កម្ពុជាមានប្រភពផ្គត់ផ្គង់វ៉ាក់សាំងច្បាស់លាស់ មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាជនគោលដៅ និងអាចវ៉ាក់សំាងសម្រេចបានមុនផែនការ ៣- កម្ពុជាមានសាច់ប្រាក់សន្សំគ្រប់គ្រាន់ក្នុងដៃដែលអាចចាត់ចែងបានភ្លាមៗ ពោលគឺ បន្ទាប់ពីចុះកិច្ចសន្យាទិញលក់វ៉ាក់សាំង គឺចាប់ផ្តើមអនុវត្តតែម្តង ៤- កម្ពុជាមានធនធានមនុស្សសម្រាប់ដំណើរការចាក់វ៉ាក់សាំងទាំងពេទ្យយោធា ពេទ្យស៊ីវិល ពេទ្យស្ម័គ្រចិត្ត បូករួមជាមួយនិងការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង៥- ការចូលរួមពីសំណាក់ប្រជាជនដែលមកទទួលការចាក់វ៉ាក់សំាង និងការជួយឧបត្ថម្ភគំាទ្រជាថវិកាក្នុងការទិញវ៉ាក់សាំងដែលនេះគឺជាចលនាជាតិដ៏ទូលំទូលាយឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌នៃមហាសាមគ្គីជាតិកម្ពុជាក្នុងស្ថានភាពដែលប្រទេសជាតិកំពុងជួបការលំបាក។ អាស្រ័យដោយជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មជ្ឈដ្ឋានសហគមន៍អន្តរជាតិ ដៃគូអភិវឌ្ឍនានា      បណ្តាប្រទេសមួយចំនួន រួមទាំងឥស្សរជនបទខ្លះបានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា យើង ដែលបានរៀបចំយុទ្ធសាស្រ្តដ៏ល្អ និងកិច្ចដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩បានឆាប់រហ័ស ធ្វើឲ្យប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសនាំមុខគេលើពិភពលោកសម្រាប់ដំណើរការចាក់វ៉ាក់សាំង។

ទោះយ៉ាង​​នេះក្តី ក៏យើងមិនត្រូវធ្វេសប្រហែស បន្ធូរបន្ថយចំពោះសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ សូម្បីតែមួយវិនាទីឡើយ។  រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តខិតខំគ្រប់គ្រងសភាពការណ៍ជំងឺកូវីដ-១៩ ដោយ​ផ្តោតលើកិច្ចការអាទិភាពមួយចំនួន ដូចជា ការជំរុញការចាក់វ៉ាក់សាំងជូនប្រជាជន និងបណ្តាវិធានការជាច្រើនទៀត ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមា ការឆ្លងនៅក្នុងសហគមន៍។ ជាមួយគ្នានេះ  ប្រជាជនយើងទាំងអស់គ្នាក៏ត្រូវតែបន្តចូលរួមទទួលខុសត្រូវ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដោយត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់​ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ បើទោះបីជាត្រូវបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ៕ អត្ថបទ ទស្សនាវដ្តីប្រជាជន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner