អ៊ីរ៉ង់ស្នើឱ្យអាមេរិកដោះលែងប្រាក់ជាប់កកជាង១០ ពាន់លានដុល្លារ ក្នុងការចរចានុយក្លេអ៊ែរ

កាល​ពី​ថ្ងៃ​សៅរ៍ ទី​២ តុលា​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​បាន​និយាយ​ថា​កាល​ពី​ខែ​មុន​សហរដ្ឋអាមេរិក​បាន​ព្យាយាម​បើក​ការ​ចរចា​នុយក្លេអ៊ែរ​ឡើង​វិញ ប៉ុន្តែ​លោក​បាន​បដិសេធ ហើយ​ស្នើ​ឱ្យ​ក្រុង​វ៉ាស៊ីនតោន​លើក​លែង​ការគិតជា​ទឹក​​ប្រាក់​របស់​អ៊ីរ៉ង់​ជាង១០ពាន់​លាន​ដុល្លារ​ ដែល​ជាប់​កក​ក្នុង​ធនាគារ​បរទេស​ ជា​មុន​សិន​ ដើម្បី​បង្ហាញ​ឆន្ទៈ​ល្អ​។

អ៊ីរ៉ង់​បាន​បដិសេធ​ធ្វើ​ការ​ចរចា​ដើម្បី​ស្ដារ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ ២០១៥ ដោយ​ផ្ទាល់​ជាមួយ​សហរដ្ឋអាមេរិក​ ហើយ​ការ​ចរចា​ដោយ​ប្រយោល​បាន​ជាប់​គាំង​តាំង​ពី​ខែ​មិថុនា​មក​ម្ល៉េះ​ រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក​ហូសសេន អាមីរ៉ាបដូឡាហៀន​បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​ថា​មន្ត្រី​អាមេរិក​បាន​ព្យាយាម​ធ្វើ​ការ​ទាក់​ទង​មក​តាម​រយៈ​ភាគី​ទី​បី​នៅ​អង្គការ​សហប្រជាជាតិ​។ លោកបាន​និយាយ​ថា​៖ «អាមេរិក​បាន​ព្យាយាម​ទាក់ទង​យើង​តាម​រយៈ​បណ្ដាញ​ផ្សេង​ៗ​នៅ​ញូវយ៉ក ហើយ​ខ្ញុំ​បាន​ប្រាប់​អ្នក​សម្រប​សម្រួល​ថា​ប្រសិន​បើ​ចេតនា​របស់​អាមេរិក​គឺ​ដោយ​ស្មោះ​ នោះ​សញ្ញា​ដោយ​ស្មោះ​គឺ​ចាំ​បាច់ ការ​ ដូច​ជា​ការ​ដោះឡែង​ប្រាក់​ជាប់​កក​ជាង​ ១០ ពាន់​លាន​ដុល្លារ​»​។

លោក​អាមីរ៉ាបដូឡាហៀន​បាន​និយាយ​ថា​អ៊ីរ៉ង់​នឹង​វិល​ត្រឡប់​ទៅ​ការ​ចរចា​ដោយ​ប្រយោល​នៅ​ក្រុង​វីយ៉ែនណា​ ប្រទេស​អូទ្រីស​ «នៅ​ពេល​ឆាប់​ៗ​នេះ​» ប៉ុន្តែ​មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​ច្បាស់​លាស់​។

ដោយ​សារ​តែ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ទៅ​លើ​វិស័យ​ធនាគារ និង​ថាមពល អ៊ីរ៉ង់​មិន​អាច​ដក​ប្រាក់​របស់​ខ្លួន​រាប់​ពាន់​លាន​ដុល្លារ​នៅ​ធនាគារ​បរទេស​ ដែល​ភាគ​ច្រើន​ជា​ចំណូល​មក​ពី​ការ​នាំចេញ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​។

លក្ខខណ្ឌ​មួយ​ដែល​អ៊ីរ៉ង់​បាន​ទាមទារ​ក្នុង​ការ​ចរចា​ គឺ​ការ​ដក​ទណ្ឌកម្ម​អាមេរិក​ទាំង​អស់​ ដែល​ត្រូវ​បាន​ដាក់​លើ​ប្រទេស​អ៊ីរ៉ង់​ជា​បន្ត​បន្ទាប់​ ចាប់​តាំង​ពី​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដក​ខ្លួន​អាមេរិក​ចេញពី​​កិច្ចព្រមព្រៀង​កាល​ពី​ឆ្នាំ​ ២០១៨​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner