ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ លោកអ្នកមានពេលវេលាច្រើនដើម្បីបំពេញការងារ ដូច្នេះកុំធ្វើអ្វីប្រញាប់ប្រញាលពេក គួរប្រើពេលសំឡឹងមើលហេតុការណ៍នានានៅជុំវិញខ្លួនឲ្យបានម៉ត់ចត់សិន។ ប្រសិនបើអ្នកទទួលបានការផ្តល់ជូននានា សូមកុំទាន់សម្រេចចិត្ត គួរពិនិត្យឲ្យបានជាក់លាក់ ពីព្រោះសញ្ញាណនៃការចាញ់បោកគេ ឬការខកចិត្តកំពុងកើតឡើង។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកទទួលបានសំណាងល្អក្នុងអាជីពការងារ ដោយរាល់ការងារទាំងនោះមានសញ្ញាណវិជ្ជមានទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចទទួលបានការគាំទ្រពេញទំហឹង។ ចំពោះទំនាក់ទំនងនានាក្នុងថ្ងៃនេះល្អប្រសើរណាស់ ក្នុងនោះទំនាក់ទំនងដៃគូក៏កាន់តែប្រសើរទៅទៀត។ ថ្ងៃនេះប្រសិនបើអ្នកសម្រេចចិត្តបោះទុក ផ្លាស់ប្តូរការងារថ្មី ឬរៀបចំពិធីមង្គលនានាឃើញថានឹងកើតលាភ និងសេចក្តីសុខក្សេមក្សាន្ត។ ដោយឡែក បញ្ហាតូចតាចនានាក្នុងថ្ងៃនេះអាចកើតមានខ្លះ តែកុំបារម្ភលោកអ្នកនឹងអាចដោះស្រាយបាន។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ណាស់ ហើយកំពុងស្ថិតក្នុងចំណុចមួយយ៉ាងច្បាស់លាស់ ដូច្នេះសូមអ្នកខិតខំបំពេញការងារទាំងនោះបន្ថែម ដោយត្រូវចំណាយពេលវេលា និងកំលាំងកាយចិត្តធ្វើវាឲ្យបានល្អ។ រាសីថ្ងៃនេះផ្តល់នូវឳកាសការងារជាច្រើនផ្សេងទៀត ប៉ុន្តែវាប្រហែលជាមិនចាំបាច់ត្រូវចាប់យកការងារច្រើនក្នុងពេលតែមួយ។ វាជាការល្អប្រសើរណាស់ ប្រសិនបើអ្នកចំណាយពេលវេលាធ្វើកិច្ចការក្នុងបន្ទុកឲ្យបានចប់រួចរាល់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យធំណាស់។ គំនិតយោបល់លោកអ្នកអាចដឹកនាំអ្នកទៅរកភាពជាអ្នកដឹកនាំយ៉ាងល្អប្រសើរក្នុងពេលនេះ។ លោកអ្នកទទួលបានអំណោយផលសម្រាប់គំនិត និងវិធីសាស្រ្តយ៉ាងវិជ្ជមានសម្រាប់អាជីព។ ហេតុដូច្នេះសូមកុំមានក្តីព្រួយបារម្ភឡើយ សូមធ្វើការងារទាំងឡាយណាដែលអ្នកពេញចិត្ត នោះផលនឹងទទួលបានយ៉ាងប្រសើរ។ ក្រៅពីនេះ លោកអ្នកអាចមានលទ្ធភាពដោះស្រាយភាពអសកម្មទាំងអស់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីជួញដូរ និងអាជីវកម្មដំណើរការទៅដោយរលូន និងគ្មានអ្វីអាចមករំខានកិច្ចការអ្នកបានទេ។ ថ្ងៃនេះសកម្មភាពរបស់អ្នកនឹងទទួលបានការកោតសរសើរពីថ្នាក់លើ ដូច្នេះសូមបន្តសកម្មភាព ហើយបង្ហាញចេញគម្រោងផែនការដែលអ្នកបានគូសវាស។ អំណោយផលថ្ងៃនេះ អាចនឹងបន្តនិរន្តរភាពបានយូរ ដូច្នេះសូមចាត់ចែងការងារឲ្យបានល្អ និងកុំឲ្យខកខានឳកាស។ ក្នុងនោះសូមគ្រប់គ្រងអាកប្បកិរិយា និងពាក្យសំដីជាពិសេស។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់បន្តិច ដែលបណ្តាលឲ្យអ្នកពិបាកក្នុងការធ្វើដំណើរឲ្យទៅដល់គោលដៅ ដែលបានគ្រោងទុក ឬពិបាកក្នុងការគិតគូរ ឬចាប់យកឳកាសថ្មីៗសម្រាប់អភិវឌ្ឍន៍អាជីព។ ចំពោះការធ្វើដំណើរក្នុងបេសកកម្មការងារ សូមមានការប្រុងប្រយ័ត្នឲ្យបានច្រើន ហើយប្រសិនជាអាចក៏គួរតែផ្អាកសិន ពីព្រោះបញ្ហា និងកំហុសអាចកើតឡើងច្រើន។ បើទោះបីជាស្ថានភាពថ្ងៃនេះមិនសូវជាផ្តល់ផលដែលអ្នកត្រូវការ សូមកុំបោះបង់ជំហរនៅពេលនេះ អ្វីៗនឹងប្រសើរក្នុងពេលដ៏ឆាប់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ រាល់អាជីពការងារទាំងឡាយរបស់អ្នកកំពុងជួបនឹងលាភសំណាងធំណាស់។ លោកអ្នកអាចទទួលបានផលសម្រេច និងចំណូលយ៉ាងពេញចិត្តបំផុត។ ក្រៅពីនេះការសម្រេចចិត្ត ឬការផ្តល់យោបល់របស់អ្នកនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សក្នុងរង្វង់ការងារ។ ថ្ងៃនេះប្រសិនបើអ្នកមានលទ្ធភាពបើកអាជីវកម្មថ្មី នោះនឹងទទួលបានស្ថេរភាពយូរអង្វែង។ ដោយឡែក សូមប្រុងប្រយ័ត្ននឹងពាក្យនិន្នាឈ្នានីស ជម្លោះ ឬការនិយាយដើមចុងអ្នកណាឡើយ សូមរស់នៅដោយការអនុគ្រោះ និងមិនប្រមាថ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយរលូន និងទទួលការគាំទ្រណាស់។ លោកអ្នកអាចសម្រេចដាក់ចេញការងារថ្មី ឬបន្តការងារដែលកំពុងអនុវត្តប្រកបដោយភាពជោគជ័យគួរជាទីកត់សម្គាល់។ ថ្ងៃនេះពាក្យសំដី និងអាកប្បកិរិយារបស់អ្នកអាចត្រូវរងការគៀបសង្កត់ពីមនុស្សដែលនៅជុំវិញអ្នកបន្តិច ដូច្នេះសូមអត់ធ្មត់ ហើយបំពេញការងារទាំងឡាយណាដែលស្ថិតក្នុងការទទួលខុសត្រូវរបស់អ្នក។ ចំពោះបញ្ហាលុយកាក់ សូមកុំចំណាយច្រើន ហើយការខ្ចីបុល ប្រហែលជានឹងធ្វើឲ្យអ្នកខកចិត្ត។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ ក្នុងនោះដែរ លោកអ្នកអាចសម្រេចចិត្តបណ្តាក់ទុន ឬផ្លាស់ប្តូរការងារទាំងឡាយណាដែលអ្នកមានបំណងជាយូរមកហើយដោយជោគជ័យ។ ដោយឡែក ថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់រងទុក្ខទេ អ្នកគួរបំភ្លេចចោលភាពអវិជ្ជមានទាំងឡាយ ហើយជាពិសេសសូមកុំរំលឹករឿងដែលកន្លងទៅហើយ។ លើសពីនេះ សូមគ្រប់គ្រងការគិតរវើរវាយរបស់អ្នក ពិសេសបញ្ហា ឬភាពបរាជ័យក្នុងអតីតកាល។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារ និងមុខរបររបស់អ្នកចម្រើនលូតលាស់ណាស់ ទន្ទឹមនឹងនោះ អ្នកកអាចសម្រេចចិត្តធ្វើការងារណាមួយក៏នឹងទទួលបានជោគជ័យយ៉ាងធំដែរក្នុងពេលនេះ។ លើសពីនេះដំណឹងល្អ ឬឳកាសទទួលបានតំណែងការងារ និងទ្រព្យសំណាងមានភាពវិជ្ជមានយ៉ាងខ្លាំង។ ក្នុងនោះដែរ អំណោយផលមានច្រើនចំពោះអ្នកប្រកបអាជីកម្ម ពីព្រោះផលចំណេញនឹងទទួលបានច្រើនណាស់។ ផ្ទុយទៅវិញ សូមរកពេលវេលាសម្រាកឲ្យបានគ្រប់គ្រាន់ ពិសេសការការពារសុខភាពផ្លូវចិត្ត។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើនរងុរឿងយ៉ាងខ្លាំង ពិសេសលោកអ្នកទទួលបានការគាំទ្រ និងទំនុកបំរុងពីមនុស្សក្នុងក្រុមការងារ ពិសេសទទួលបានការទុកចិត្តពីដៃគូជំនួញ។ ដោយឡែកបញ្ហាថ្ងៃនេះមិនអាចព្យាករណ៍ទុកជាមុនបានទេ ដូច្នេះសូមត្រៀមខ្លួន និងត្រូវឆ្លើយតបនឹងបញ្ហាឲ្យបានល្អប្រសិនបើវានឹងកើតឡើង។ ប្រសិនបើអ្នកមិនអាចរកផ្លូវដោះស្រាយបាន សូមកុំភ្លេចមនុស្សជិតស្និទ្ធនៅជុំវិញខ្លួន ពិសេសមនុសឆ្នាំឆ្លូវ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការងារ និងរបររកស៊ីក្នុងថ្ងៃនេះកំពុងជួបភាពអវិជ្ជមាន ដូច្នេះអ្នកមិនទាន់ទទួលបានផលតាមការគ្រោងទុកនោះទេ។ ក្នុងនោះដែរ សូមប្រយ័ត្នក្នុងការគិតគូរ ឬធ្វើការសម្រេចចិត្ត។ អ្នកមិនគួរធ្វើអ្វីប្រញាប់ប្រញាល ហើយគ្មានមូលដ្ឋាននោះទេ។ ក្រៅពីនេះ សូមព្យាយាមធ្វើទំនាក់ទនងល្អ ពីព្រោះពួកគេអាចផ្តល់ពត៌មាន ព្រមទាំងជួយជ្រោមជ្រែងលោកអ្នកបានល្អ។ ក្រៅពីនេះ សូមប្រយ័ត្នជម្លោះជាមួយថ្នាក់លើ។ បើទោះជាអ្នកមានហេតុផលពេញលេញក្តី សូមសម្របទៅតាមកាលទេសជានិច្ច។
ចំណាំ៖
ឆ្នាំទាំង៤ ឆ្លូវ ថោះ មមី រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភសំណាង ឳកាសការងារល្អៗ និងសេចក្តីសុខក្សេមក្សាន្តក្នុងជីវិតយ៉ាងពេញលេញក្នុងថ្ងៃនេះ។