សម្តេចក្រឡាហោម ស ខេង ៖ តួរអង្គ៤សំខាន់ ក្នុងការជះឥទ្ធិពល​ដល់សម្លេងឆ្នោត គឺមេឃុំ/ចៅសង្កាត់.ស្មៀន.មេប៉ុស្តិ៍នគរ​បាលរដ្ឋ​បាល​មូលដ្ឋាន.និងមេភូមិ!ហើយជោគជ័យ ឬមិនជោគជ័យ គឺអាស្រ័យ​លើបុគ្គលទាំង៤នេះ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា តួរអង្គ៤ សំខាន់ក្នុងការជះឥទ្ធិពលដល់សម្លេងឆ្នោត គឺមេឃុំ/ចៅសង្កាត់.ស្មៀន.មេប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន.និងមេភូមិ!ហើយជោគជ័យ ឬមិនជោគជ័យ គឺអាស្រ័យលើបុគ្គលទាំង៤នេះ ។

ប្រសាសន៍ថ្លែងរបស់សម្តេចក្រឡាហោម បានថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តស្ទឹងត្រែងថ្មី នាឱកាសព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ នៅឯរដ្ឋបាលខេត្តស្ទឹងត្រែង ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងការចូលកាន់មុខតំណែងថ្មីរបស់ឯកឧត្តម ស្វាយ សំអ៊ាង សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា   ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តចាស់ ក៏នៅតែមានការរួមចំណែកក្នុងការកសាងជាតិមាតុភូមិ បើទោះបីជាមិនបាននៅក្របខ័ណ្ឌខេត្តស្ទឹងត្រែងនេះក្តី ឬក្របខ័ណ្ឌក្រសួងមហាផ្ទៃក្តី! ដោយនៅក្នុងក្រសួងមហាផ្ទៃ ក៏នៅតែមានកិច្ចការច្រើនក្នុងការបំពេញ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ។ ជាមួយគ្នានោះ សម្តេចក្រឡាហោម មានប្រសាសន៍ដោយជំនឿមុតមាំថា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តថ្មី ដែលទើបនឹងផ្ទេរពីខេត្តមណ្ឌលគិរី មកទទួលតំណែងជាអភិបាលខេត្តថ្មី នៃខេត្តស្ទឹងត្រែងនេះ គឺពិតជា នឹងនាំមកនូវបទពិសោធន៍ដែលមាននៅខេត្តមណ្ឌលគិរី ហើយដោយស្រប និងស្ថានការជាក់ស្តែងក្នុងខេត្តស្ទឹងត្រែង ដើម្បីពង្រីកនូវបទពិសោធន៍នោះ ឲ្យកាន់តែល្អថែមទៀត ។

សម្តេចក្រឡាហោម មានប្រសាសន៍បន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយ សម្តេចមានសង្ឃឹមជឿជាក់ថា គណៈអភិបាលខេត្តស្ទឹងត្រែង ក្រុមប្រឹក្សា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅតាមមន្ទីរអង្គភាពនានា ក៏ដូចជាកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ និងកងនគរបាលជាតិ ក្នុងខេត្ត នឹងគាំទ្រដល់ឯកឧត្តម ស្វាយ សំអ៊ាង ដើម្បីមានលទ្ធភាពកាន់តែច្រើនថែមទៀតក្នុងការចាត់ចែងការងារគ្រប់វិស័យ ឲ្យទទួលបានលទ្ធផលល្អនៅក្នុងខេត្តស្ទឹងត្រែង ក្នុងបុព្វហេតុដើម្បីបម្រើប្រជាពលរដ្ឋ ។

គួររំលឹកផងដែរថា យោងតាមព្រះរាជក្រឹត្យ  ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្ទេរភារកិច្ច ឯកឧត្តម ស្វាយ សំអ៊ាង ពីអភិបាល អភិបាលខេត្តមណ្ឌលគិរី មកជាអភិបាលថ្មី នៃខេត្តស្ទឹងត្រែង ជំនួសឯកឧត្តម ម៉ុម សារឿន ដែលត្រូវបានតែងតាំងមុខតំណែង ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ៕ ដេង ម៉ាវិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner