ការសម្រេចចិត្តដ៏ភ្ញាក់ផ្អើល នាយករដ្ឋមន្ត្រីជប៉ុនថ្មីគ្រោងរៀបចំការបោះឆ្នោតនៅ ថ្ងៃ៣១តុលា

កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៤ តុលា លោក​ហ្វូមីអូ គីស៊ីដា​ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ គឺ​កំពុង​គ្រោង​រំលាយ​អាណត្តិ​​សភា​បច្ចុប្បន្ន​នៅ​សប្ដាហ៍​ក្រោយ​ ហើយ​រៀប​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​ ៣១ តុលា​ នេះ​បើ​តាម​រាយការណ៍​របស់​សារព័ត៌មាន​រដ្ឋ​ជប៉ុន NHK​។

ការ​សម្រេច​ចិត្ត​ដ៏​ភ្ញាក់​ផ្អើល​នេះ ​កើត​ឡើង​ចំ​ពេល​គេ​រំពឹង​ថា​ការ​បោះឆ្នោត​នឹង​កើត​ឡើង​នៅ​ចុង​ខែ​វិច្ឆិកា​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ព្យាយាម​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​កើន​ឡើង​ការ​គាំទ្រ​ដែល​តែងតែ​អម​នឹង​ការ​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​។

អតីត​នាយករដ្ឋមន្ត្រី​លោក​យ៉ូស៊ីហ៊ីដេ ស៊ូហ្គា​បាន​ទទួល​ការ​គាំទ្រ​ជាង​ ៧០ ភាគរយ​ភ្លាម​ៗ​បន្ទាប់​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ​មុន​ ប៉ុន្តែ​អត្រា​ការ​គាំទ្រ​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយ​សារ​ការ​រិះគន់​អំពី​ការ​គ្រប់គ្រង​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ដែល​ធ្វើ​ឱ្យ​លោក​លាលែង​តំណែង​ ធ្វើ​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​តំណែង​មេដឹកនាំ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ (LDP)​។

NHK បាន​រាយការណ៍​ថា​ក្នុង​សន្និសីទ​កាសែត​ដំបូង​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី លោក​គីស៊ីដា​បាន​គ្រោង​ប្រកាស​រំសាយ​អាណត្ត​សភា​នៅ​ថ្ងៃ​ទី ១៤ ​តុលា​

លោក​គីស៊ីដា​ ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន កាល​ពី​សប្ដាហ៍​បាន​យក​ឈ្នះ​លើ​គូ​ប្រជែង​បី​រូប​ក្នុង​ការ​បោះឆ្នោត​តំណែង​មេដឹកនាំ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ (LDP)​។ លោក គីស៊ីដា ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រកាស​សមាសធាតុ​គណៈរដ្ឋមន្ត្រី​ថ្មី​នៅ​ពេល​ឆាប់​ៗ​នេះ​ ដោយ​ភាគ​ច្រើន​គឺ​ជា​សម្ព័ន្ធមិត្ត​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក​ស៊ីនហ្សូ អា​បេ​ ធ្វើ​ឱ្យ​អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា​លោក​នឹង​មាន​ការ​លំអៀង​ទៅ​រក​ក្រុម​ស្ដាំ​និយម ដែល​គាំទ្រ​ការ​ពង្រឹង​សមត្ថភាព​យោធា​របស់​ជប៉ុន​ និង​មាន​និន្នាការ​អភិរក្ស​និយម​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner