កូរ៉េខាងជើងព្រមានស្ថាប័នកំពូលអង្គការសហប្រជាជាតិបន្ទាប់ពីកិច្ចប្រជុំបន្ទាន់

សេអ៊ូល៖ ​​ប្រទេស​កូរ៉េ​ខាង​ជើង​​ព្រមាន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ ប្រឆាំង​នឹង​ការ​រិះគន់​លើ​កម្មវិធី​មីស៊ីល​របស់​ខ្លួន​ នៅក្នុ​ង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​រួម​បញ្ចូល​ការ​គំរាម​កំហែង​​មិន​ជាក់​លាក់​ប្រឆាំង​នឹង​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​។​

​ក្នុង​អំឡុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​ជា​បន្ទាន់​នៃ​ស្ថាប័ន​កំពូល​របស់​អ.ស.ប.​កាល​ពី​ថ្ងៃ​សុក្រ ​ប្រទេស​បារាំង​បាន​ផ្សព្វ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ និង​អំពាវនាវ​ឱ្យ​ក្រុង​ព្យុងយ៉ាង​អនុវត្ត​យ៉ាង​ពេញ​លេញ​នូវ​ដំណោះ​ស្រាយ​របស់​ក្រុម​ប្រឹក្សា​ ដែល​ហាម​ឃាត់​ការ​បាញ់​មីស៊ីល​ផ្លោង​របស់​ខ្លួន​។​

​កាល​ពី​ថ្ងៃ​អាទិត្យ​ លោក ​Jo Chol Su ​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង​​ព្រមាន​ក្រុម​ប្រឹក្សា​អ.ស.ប.​ថា​ គួរ​តែ​គិត​ឱ្យ​បាន​ច្បាស់​ថា​តើ​វា​នឹង​នាំ​មក​នូវ​ផល​អាក្រក់​អ្វី​ខ្លះ​នៅ​ពេល​អនាគត​ក្នុង​ករណី​ ដែល​ស្ថាប័ន​នេះ​ព្យាយាម​រំលោភ​អធិបតេយ្យ​ភាព​របស់​កូរ៉េ​ខាង​ជើង​។​ លោក​ Jo​ ក៏​​ចោទ​ប្រកាន់​ស្ថាប័ន​អ.ស.ប.​ថា​មាន​​ស្តង់ដារ​ដោះស្រាយ​​ពីរ​ មិន​​ស្មើ​គ្នាជា​មួយ​ការ​ធ្វើ​តេស្ត​អាវុធ​ស្រដៀង​គ្នា​ដោយ​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​​ផ្សេង​ទៀត​។​

​បន្ទាប់​ពី​ផ្អាក​អស់​រយៈ​ពេល​ ៦​ ខែ ​កូរ៉េ​ខាង​ជើង​​បន្ត​ការ​សាក​ល្បង​មីស៊ីល​កាល​ខែ​កញ្ញា​ដោយ​បាញ់​មីស៊ីល​ដែលទើ​ប​​​ធ្វើ​រួច​ រួម​មាន​ទាំង​អាវុធ​នុយក្លេអ៊ែរ​​ផង​។​ ប្រទេស​នេះ​នៅ​តែ​ផ្តល់​ការ​ពិភាក្សា​ដោយ​មាន​លក្ខខណ្ឌ​ជាមួយ​កូរ៉េខាងត្បូង​​ក្នុង​អ្វី​ដែល​អ្នក​ជំនាញ​ខ្លះ​ហៅ​ថា​ ការ​ប៉ុន​ប៉ង​ដាក់​សម្ពាធ​ទីក្រុង​សេអ៊ូល​ដើម្បី​បញ្ចុះ​បញ្ចូល​ទីក្រុង​វ៉ាស៊ីនតោន​ឱ្យ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច​​​។​

​យោង​តាម​សេចក្តី​សម្រេច​ជាច្រើន​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ កូរ៉េ​ខាង​ជើង​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​សកម្មភាព​មីស៊ីលផ្លោ​ង​ណាមួយ​ឡើយ​ ព្រោះ​ប្រទេស​នេះ​មាន​បំណង​បំពាក់​អាវុធ​នុយក្លេអ៊ែរ​លើ​មីស៊ីល​​ប្រភេទ​នេះ​។​ កូរ៉េ​ខាង​ជើង​​អះអាង​ថា ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មាន​បំណង​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ផ្នែក​យោធា​របស់​សហរដ្ឋ​អាមេរិក​ ទោះ​បី​ជា​ទីក្រុង​វ៉ាស៊ីនតោន​​និយាយ​ថា​ខ្លួន​គ្មាន​ចេតនា​អរិភាព​ចំពោះ​ទីក្រុង​ព្យុងយ៉ាង​ក៏ដោយ​។​

​ប្រភព៖ ABC News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner