ទឹកធ្លាក់ស្ទឹងពង្រូលជាទីកម្សាន្តដ៏មនោរម្យសម្រាប់អ្នកទេសចរងូតទឹកលេងនិងទស្សនាព្រៃភ្នំ

កោះកុង​៖ តំបន់​ទឹកធ្លាក់​ស្ទឹង​ពង្រូល​ស្ថិតនៅ​ភូមិសាស្ត្រ​សហគមន៍​ភ្នំ​ទ័ព​ជាង​នៃ​ឧ​ទ្យា​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​គឺជា​ប្រភព​សម្បូ​ណ៍​ទៅដោយ​ធនធានធម្មជាតិ សត្វព្រៃ​និង​ទឹកធ្លាក់​ជាទី​កម្សាន្ត​ដ៏​មនោ​រម្យ​។​


តាមពិត​ទឹកធ្លាក់​ស្ទឹង​ពង្រូល​ស្ថិតក្នុង​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​ទីកន្លែង​នេះ​គឺ​ជាទី​ទឹកធ្លាក់​ក្នុងព្រៃ​មួយកន្លែង​ដែលមាន​សម្រស់​ទេសភាព​ដ៏​ស្រស់ត្រកាល​គួរ​ជាទី​ក្តី​ស្រ​ម៉ៃ​របស់​របស់​អ្នកទេសចរ​គ្រប់រូប​។
​ ​កាលបើ​អ្នកទេសចរ​មានបំណង​ចង់ទៅ​ដើរ​កម្សាន្ត​នៅ​ទឹកធ្លាក់​ស្ទឹង​ពង្រូល​នោះ​គឺ​គេ​អាចធ្វើ​ដំណើរ​តាមផ្លូវ​ចំនួន​៣​ខ្សែ​ក្នុងនេះ​គឺ​ទី​១​ផ្លូវ​ចូល​តាម​ស្រុក ស្រែអំបិល និង​ចំណែក​២​ខ្សែ​ទៀត​គឺ​គេ​អាច​ចូល​តាម​ស្រុក​កំពង់​សិលា​មាន​ចម្ងាយ​ជិត ៣០​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ ៤​។​
​ ​បច្ចុប្បន្ន​បើទោះបី​កំណាត់​ផ្លូវ មួយចំនួន មិនទាន់បាន​ស្ថាបនា​ជា​ផ្លូវ​ក្រាល​ចាក់​កៅស៊ូ ឬ ផ្លូវ បេតុង ក្តី​ក៏​គេ​ឃើញ​មាន​ភ្ញៀវទេសចរ​ក្នុងស្រុក​មួយចំនួន​បាន​ចូល​ដើរ​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​ផងដែរ​។​


ទឹកធ្លាក់​ស្ទឹង​ពង្រូល​មាន​២​តំណាក់​គឺ​ទឹកធ្លាក់​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​។​ទឹកធ្លាក់​នៅ​ផ្នែក​ខាងលើ​គេ​ចាំបាច់​ត្រូវធ្វើ​ដំណើរ​ឡើងលើ​កំពូលភ្នំ​ដែលមាន​ប្រវែង​ប្រមាណ​១​គីឡូម៉ែត្រ​។​បើ​អ្នកទេសចរ​មិន​ចង់​ឡើងទៅ​ងូតទឹក​ធ្លាក់​ផ្នែក​ខា​លើ​ដោយសារ​ផ្លូវ​ពិបាក​ឡើង​ទេ គេ​អាច​ចូល​កម្សាន្ត និង ងូតទឹក​ផ្នែក​ខាងក្រោម​បាន​។​នៅ​ផ្នែក​ខាងក្រោម​នេះ​មាន​តូប​ដាក់​តាម​មាត់​ទឹកស្ទឹង​សម្រាប់​អង្គុយ​កម្សាន្ត ចុះ​ងូតទឹក​ធ្លាក់​លេង​និង​មាន​ចំណីចំណុក​អ្នកស្រុក​លក់​ទៀតផង​។​
​ ​លោក ឆាយ ធារ៉ា អនុប្រធាន​សមាគមន៍​តំបន់ការពារធម្មជាតិ​ភ្នំ​ទ័ព​ជាង ដែលជា​តំបន់​គ្រប់​ត​ណ្ត​ប់​ទឹកធ្លាក់​ស្ទឹង​ពង្រូល​នេះ​បានឱ្យដឹងថា ការដែល​ទីកន្លែង​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា​ជា​ស្ទឹង​ពង្រូល​ដោយសារ​ពី​ដើមឡើយ​សម្បូ​ណ៍​ទៅដោយ​សត្វ​ពង្រូល ទើប​ចាស់ៗ​សម័យមុន​បានដាក់​ឈ្មោះ​ជា​ទឹកធ្លាក់​ស្ទឹង​ពង្រូល​មកដល់​សព្វថ្ងៃ​។​បើទោះបី​រហូតមកដល់​បច្ចុប្បន្ន​សត្វ​ពង្រូល​នៅតែមាន​វត្តមាន​ច្រើន​នៅ​ទីកន្លែង​នេះ​នៅឡើយ​ដែរ​។​សត្វ​ទាំងនេះ​វា​ចូលចិត្ត​រស់នៅ​តាម​មាត់​ស្ទឹង​ដែល​សម្បូ​ណ៍​ទៅដោយ​ចំណីអាហារ និង​កន្លែង​លាក់​បំពួន​ខ្លួន​បាន​យ៉ាង​ងាយស្រួល​។​


​ ​បើតាម​លោក​ឆាយ ធារ៉ា​បានឱ្យដឹង​បន្ថែមថា នៅតាម​ដងស្ទឹង​ពង្រូល​អ្នកទេសចរ​គេ​អាចមក​បោះតង់​សម្រាក​ពេលយប់ ដើម្បី​ស្តាប់​សត្វ​យំ មើល​ពពក​លើ​ភ្នំ និង​ទទួល​នូវ​ខ្យល់​បរិសុទ្ធ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​យ៉ាង​ជាប់ចិត្ត​ពី​ទីកន្លែង​នៃ​សម្រស់​ធម្មជាតិ​គ្មាន​ពីរ​មួយកន្លែង​នេះ​។​
ដោយឡែក​លោក វង្ស​សាមឿន ប្រធាន​អភិរក្ស​សមាគមន៍​ការពារ ធនធានធម្មជាតិ​នៅ​ភូមិ​ព្រះអង្គ​កែវ ឃុំ​ដក​ពែ​ក ស្រុកស្រែ​អំបិល ខេត្តកោះកុង​បានឱ្យដឹងថា នៅ​តំបន់​ទឹកស្ទឹង​ពង្រូល និង ពិសេស​ភ្នំ​ជាង សម្បូ​ណ៍​ទៅដោយ​សត្វ​ចម្រុះ​ជាច្រើន​។​ក្នុងនេះ​លោក​ធ្លាប់​ជួប សត្វ​ទន្សោង ខ្ទីង ដំរី ឈ្លូស ជ្រូកព្រៃ សត្វ​ស្វា និង​សត្វ​ប្រភេទ​តូចៗ​ជាច្រើន​កំពុង​រស់នៅ​ទីកន្លែង​នេះ​យ៉ាង​សុខដុម​។​ទាំងនេះ​ដោយសារតែ​ការចូលរួម​អភិរក្ស​ពី​សំណាក់ មន្ត្រី​ឧ​ទ្យា​នុ​រក្ស អាជ្ញាធរ​មូលដ្ឋាន អង្គការ​ដៃគូ និង​ពិសេស​ប្រជា​សហគមន៍​បាន​ចូលរួម​សហការ​យ៉ាង​ជិតដិត​ដើម្បី​កិច្ចការពារ និង​អភិរក្ស​ព្រៃឈើ​និង​សត្វព្រៃ​ទីកន្លែង​នេះ​តែម្តង​។​


លោក វង្ស​សាមឿន​ដែល​កាលពីមុន​ធ្លាប់តែ​ចូល​ព្រៃ​កាប់​ឈើ និង​បរបាញ់​សត្វ​បាន​ប្រាប់ឱ្យដឹង​បន្ថែមថា អ្នកស្រុក​ទីកន្លែង​នេះ​បច្ចុប្បន្ន​បាន​យល់ដឹង​កាន់តែច្រើន​ពី​ការអភិរក្ស​ធន​ធន​ធម្មជាតិ ដូចជា​រូបលោក​ធ្លាប់តែ​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ និង​កាប់​ព្រៃឈើ​នោះ ពេលនេះ​បាន​ងាក​មក​ចូលរួម​ការពារ​របស់​ទាំងនេះ​យ៉ាងសកម្ម​វិញ​។​
​ ​លោក​ថា បើ​ប្រៀបធៀប​កាលពីមុន និង​ពេលបច្ចុប្បន្ន ពលរដ្ឋ​តំបន់​នេះ​ស្ទើរ​ទាំងអស់​បាន​យល់​ជ្រួតជ្រាប​ពី​តម្លៃ​ធនធានធម្មជាតិ ហើយ​ពួកគាត់​បាននាំគ្នា​ងាក​មក​ការពារ​របស់​មានតម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន​នេះ​វិញ​ហើយ​។​
​ ​បុរស​វ័យ​ជាង​៥០​ឆ្នាំ​រូបនេះ​បានលើកឡើង​ដែរ​ថា​”​បច្ចុប្បន្ន​អ្នកស្រុក​ទីនេះ​បាន​ទទួលផល​កម្រៃ​ពី​វិស័យ​ទេសចរណ៍​ដោយ​ក្នុងនេះ​មានការ​លក់ដូរ​និង​ជូន​ភ្ញៀវទេសចរ​ដោយ​អាច​រក​ផល​កម្រៃ​គ្រាន់​ដោះស្រាយ​ជីវភាព​”​។​
បុរស​រូបនេះ​បានលើកឡើង​ដែរ​ថា “​បើ​ប្រៀបធៀប​គឺ​ការរក​ផល​កម្រៃ​ពី​វិស័យ​ទេសចរណ៍​យើង​មាន​លំនឹង​ល្អ​ដោយ​យើង​អា​ចរក​ចំណូល​ពី​វិស័យនេះ​មិនចេះ​រីងស្ងួត ហើយ​ជា​មុខរបរ​ស្របច្បាប់​ទៀត ផ្ទុយទៅវិញ​ការចូល​ព្រៃ​កាប់​ឈើ ចាប់​សត្វព្រៃ​មិន​ត្រឹម​ខុសច្បាប់​ទេ​នៅ​បំ​ផ្លិត​បំផ្លាញ​ទ្រព្យសម្បត្តិ​ធនធានធម្មជាតិ​ដ៏​មហាសាល​មិនអាច​កាត់ថ្លៃ​បាន​របស់​ប្រទេសជាតិ​យើង​ផង​”​។​

យុវជន សុខ បញ្ញា ដែលជា​អ្នកទេសចរ​នៅ​រាជធានី​ភ្នំពេញ​មួយរូប​ដែល​បាន​នាំ​គ្នាំ​ទៅ​បោះតង់​សម្រាក​ពេលយប់​នៅ​កន្លែង​ទឹកជ្រោះ​ស្ទឹង​ពង្រូល​ផ្នែក​ខាងលើ​បាន​ឆ្លៀត​ប្រាប់ AMS​ថា ក្រុម​ខ្លួន​ជា​ញឹកញាប់​តែង​នាំគ្នា​មក​សម្រាក​បោះ​តុង​លើ​កំពូលភ្នំ​កន្លែង​នេះ​ពីព្រោះថា​នៅទីនេះ​មិន​ត្រឹម​តែមាន​ទឹកជ្រោះ​យ៉ាង​ល្អ​ឯក​សម្រាប់​ងូត​កម្សាន្ត​ទេ គេ​នៅ​អាចមក​ដេក​ស្តាប់​សត្វ​យំ​ពេលយប់ ពេល​ព្រលប់​និង​ពេលព្រឹក​ផង​។​ក្រៅពីនេះ​គេ​នៅ​អាច​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ និង​គយគន់​ពពក​ពីលើ​កំពូលភ្នំ​យ៉ាង​សប្បាយរីករាយ​ក្រែ​លែង​។​ ​

ដោយឡែក​យុវតី ចាន់នី​តា ដែល​បាននាំគ្នា​ជា​ក្រុម​មក​កម្សាន្ត​នៅ​កន្លែង​ទឹកធ្លាក់​ស្ទឹង​ពង្រូល ផ្នែក​ខាងក្រោម​បានឱ្យដឹង​ដូចគ្នា​ថា​រូប​កញ្ញា​មិន​ធ្លាប់​មក​ទីនេះ​ទេ​។​ពេលមកដល់​គឺ​ទេសភាព​ទីកន្លែង​នេះ​ស្រស់ស្អាត​ពុំ​អាច​កាត់ថ្លៃ​បាន​សោះឡើយ​។​កញ្ញា​ពិតជា​ជាប់ចិត្ត​ពី​សម្រស់​ធម្មជាតិ​ក្នុង​ទឹកដី​មួយកន្លែង​នេះ​ពិសេស​បាន​ងូតទឹក​ដ៏​ថ្លា​និង​ត្រជាក់ស្រេង​នៃ​ទឹកធ្លាក់​ពី​កំពូលភ្នំ​ពិតជា​មិន​ចង់​ងើប​វិលត្រឡប់​ទៅផ្ទះ​វិញ​។​
គួរ​បញ្ជាក់ថា​នៅត្រង់​ទឹកធ្លាក់​ពង្រូល​អ្វី​ជាទី​ចាប់អារម្មណ៍​របស់​ក្រុម​អ្នកទេសចរ​នោះ​គឺ​ផ្ទាំង​ថ្ម​ធំៗ​ដែល​ផ្ទាំង​ខ្លះ​មាន​ទំហំ​រហូតដល់​១០​ម៉ែត្រ មាន​ស្នាម​ប្រេះ​រហែក​តាម​កាល​វេលា​ច្រើន​ឆ្នាំ​មកហើយ ដែល​ធ្វើឱ្យ​ទឹក​ហូរ​ជ្រែក​ប្រដេញ​គ្នា​ធ្លាក់​ពីលើ ចុះមក​ក្រោម​បង្ក​ឱ្យ​បែកផ្សែង​ទឹក​សំពោង​និង​មាន​ស្នូរ​សម្លេង​គួរ​ជាទី​សប្បាយរីករាយ​។​ទឹក​នៅ​ទីកន្លែង​នេះ​មាន​សភាព​ត្រជាក់​ស្រេ​ប និង​ថ្លា​ដូច​កញ្ចក់ បើ​បាន​ចុះ​ងូត​ហើយ​មិន​ចង់​ងើប​ចេញ​វិញ​សោះឡើយ​។​
ភាពស្រស់ស្អាត​នៃ​ធម្មជាតិ​ទឹកធ្លាក់​កន្លែង​នេះ​បង្កើត​នូវ​ទស្សនីយភាព​អស្ចារ្យ​ផ្នែក​ធម្មជាតិ​និង​មា​នស​ភាពរស់រវើក​គួរ​ជាទី​កន្លែង​សម្រាប់​សម្រាក​លំហែកាយ​ដែល​គ្មាន​គូរ​ប្រៀប ។​ក្រៅពីនេះ​នៅ​តំបន់​ជុំវិញ​ទឹកធ្លាក់​ក៏​អម​ទៅដោយ​ដើម​រុក្ខជាតិ​តូចធំ​ដុះ​ប្រជ្រៀត​គ្នា​ធ្វើឱ្យ​យើង​គយគន់​មើល​ហើយ​ស្ទើរ​អត់​សរសើរ​ពីស​ម្រ​ប់​ធម្មជាតិ​បង្កើត​មក​យ៉ាង​អស្ចារ្យ​នៅ​តំបន់​មួយកន្លែង​នេះ​ពុំបាន​។​
ស្ទើរ​គ្រប់​រដូវ​កាល​គឺ​ទឹកធ្លាក់​ស្ទឹង​ពង្រូល​ខេត្តកោះកុង បានផ្តល់​អំណោយផល​យ៉ាង​ល្អ​ណាស់​ដល់​ក្រុម​អ្នកទេសចរ​។​បច្ចុប្បន្ននេះ​ទាំង​បរិស្ថាន និង​ការរក្សាបាន​នូវ​ធនធានធម្មជាតិ​បានធ្វើឱ្យ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទីកន្លែង​នេះ​ក្លាយជា​តំបន់​ដែល​អ្នកទេសចរ​កើតក្តី​ស្រ​ម៉ៃ​ចង់ទៅ​កម្សាន្ត​បន្តបន្ទាប់​។​
​ ​សម្រស់​ដ៏​ស្អាត​ផូរផង់​នៃ​ស្ទឹង​ពង្រូល​បានកើត​ឡើង​ពី​ធម្មជាតិ​អស់កាល​យូរយា​ឆ្នាំ​មកហើយ ហើយ​វា​ក៏​ជា​តំបន់​ព្រៃ​មួយផ្នែក​នៃ​តំបន់​អា​រ៉ែ​ង​ផងដែរ​។​
ទឹកធ្លាក់​ស្ទឹង​ពង្រូល​បច្ចុប្បន្ន​ស្ថិតនៅក្នុង​តំបន់​អភិរក្ស​របស់​សហគម​ន៍​នៃ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​សំខាន់​ក្នុងការ​អភិរក្ស ព្រៃឈើ សត្វព្រៃ និង​សម្បត្តិ​ធម្មជាតិ​តាំងតែ​ពី​បុរាណកាល​របស់​ដូនតា​ឱ្យ​ស្ថិតនៅ​គង់វង្ស​យូរអង្វែង​ដល់​កូនចៅ​ជំនាន់​ក្រោយ​បន្តទៅទៀត​។​
សូម​រំលឹក​ដែរ​ថា គម្រោង​និរន្តរភាព​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា នៃ​ក្រសួងបរិស្ថាន បានរៀបចំ​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​ខេត្តកោះកុង​កាលពី​ថ្មីៗ​មកនេះ​ដើម្បី​សិក្សា​ស្រាវជ្រាវ​ទៅលើ​គ្រំចំពុះទា តំបន់​ទេសចរណ៍​ក្នុង​ខេត្តកោះកុង​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​គ្រំចំពុះទា​កាន់​តែមាន​ទីផ្សារ​ក្នុងស្រុក​និង​តំបន់​ទេសចរណ៍​ពិសេស​ស្ទឹង​ពង្រូល​នេះ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកទេសចរ​ទាំង​ក្នុងស្រុក​និង​ក្រៅប្រទេស​កាន់តែ​ប្រសើរឡើង​៕
​ដោយ​៖​ម៉ា​ដេប៉ូ​

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner