ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងអះអាងថា ខ្លួននៅតែជាប្រទេសមិនមានករណីឆ្លង COVID-19 ដដែល

កូរ៉េខាងជើង៖ សារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើងបានចេញផ្សាយថា ប្រទេសរបស់ខ្លួនមិនមានករណីឆ្លង COVID-19 នោះទេ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីករណីសង្ស័យមួយ ត្រូវបានរកឃើញលើបុរសម្នាក់  ដែលបានឆ្លងព្រំដែនពីកូរ៉េខាងត្បូង ចូលមកក្នុងទឹកដីកូរ៉េខាងជើងនាពេលថ្មីៗ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ។

បច្ចុប្បន្នកូរ៉េខាងជើងបានបិទទីក្រុងកេសុងជាបណ្ដោះអាសន្ន ក្រោយបុរសម្នាក់ ដែលបានរស់នៅកូរ៉េខាងត្បូងអស់រយៈពេល០៣ឆ្នាំ បានឆ្លងដែនចូលមកកាន់ទីក្រុងមួយនេះ ។ ដំបូងឡើយរូបគេត្រូវបានប្រកាសថា មានរោគសញ្ញាសង្ស័យ COVID-19 ប៉ុន្តែមកទល់ពេលនេះ កូរ៉េខាងជើងមិនបានទទួលស្គាល់ថា ជាករណីឆ្លងនោះទេ ហើយព័ត៌មានពាក់ព័ន្ធនឹងបុរសរូបនេះ ក៏មិនទាន់ការបញ្ជាក់ដែរ ។

ដោយឡែកបើតាមក្រុមមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង គ្មានសញ្ញាណាមួយបង្ហាញថា ជននោះបានឆ្លង COVID-19 នៅពេលឆ្លងព្រំដែនឡើយ ខណៈមនុស្សពីរនាក់ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធនឹងរូបគេ ក៏ត្រូវបានធ្វើតេស្ដចេញលទ្ធផលអវិជ្ជមានផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner