ឯកឧត្តម ស សុខា គាំទ្រអនុសាសន៍សម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ

ភ្នំពេញៈឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលជាកូនប្រុសច្បងរបស់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញសារគាំទ្រចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលស្នើឲ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សារៀបចំសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់ឲ្យថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ ។

តាមរយៈបណ្តាញសង្គម ឯកឧត្តម ស សុខា បានសរសេរយ៉ាងដូច្នេះថា ៖ “ក្នុងនាមយុវជនខ្មែរមួយរូប ខ្ញុំសូមចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រគល់ឱ្យក្រសួងយុត្តិធម៌ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា ដោយកំណត់ឲ្យថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ ។

ជាការពិតកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងប្រកាន់យកធម៌ខន្តី និងមានការយោគយល់ខ្ពស់ចំពោះអ្នកនយោបាយខ្មែរ មិនថាមកពីគណបក្សនយោបាយណា ឬនិន្នាការណា ដែលបាននិរទេសខ្លួនទៅរស់នៅបរទេស ទោះក្នុងហេតុផលណាក៏ដោយ ដើម្បីបានវិលត្រឡប់មកធ្វើការប្រកួតប្រជែងតាមរយៈការបោះឆ្នោត ការបញ្ចេញមតិយោបល់ និងការចូលរួមអភិវឌ្ឍប្រទេសជាតិ ដោយមិនសម្រេចយកលក្ខខណ្ឌសញ្ជាតិ ១ ឬ ២ មកកំណត់ឡើយ ។

ទន្ទឹមនឹងការយោគយល់នេះ ក្រុមអ្នកនយោបាយប្រឆាំងក្រៅស្រុក តែងព្យាយាមប្រើគ្រប់ល្បិចកល ដើម្បីវាយប្រហារមកលើថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលទង្វើមិនល្អទាំងនេះហើយ តម្រូវឲ្យថ្នាក់ដឹកនាំប្រទេស សម្រេចចិត្តសិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយកំណត់អោយថ្នាក់ដឹកនាំជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ ដូចទៅនឹងថ្នាក់ដឹកនាំនាពេលបច្ចុប្បន្នដែរ ។

ជាថ្មីម្តងទៀត លោកសូមគាំទ្រចំពោះអនុសាសន៍របស់សម្តេចតេជោ និងស្នើឲ្យស្ថាប័នពាក់ព័ន្ធ ពន្លឿនការសិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ ស្តីពីការកំណត់អោយថ្នាក់ដឹកនាំជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយនេះ ឲ្យបានលឿន ដើម្បីដាក់ចេញអនុវត្តតរៀងទៅ“ ៕ 

ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner