អ្នកវិភាគចៅចាក់ស្មុក៖ គំនិតផ្តួចផ្តើមលើការសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ថាថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិមានសញ្ជាតិខ្មែរតែមួយ ធ្វើឱ្យអ្នកនយោបាយឡេឡឺភ្លីភ្លើសញ្ជាតិ២ ដូចជនក្បត់ជាតិ សម រង្ស៊ី ចប់ដោយបូរិបូណ៌

«ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»។ នេះគឺជាការបញ្ជាក់គោលជំហរយ៉ាងច្បាស់លាស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៦ ខែតុលាឆ្នាំ ២០២១។ សម្តេចតេជោបានប្រគល់ភារកិច្ចជូនឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សាធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។ សម្តេចបានថ្លែងថា៖«បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថាវិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសំឡេង ២/៣ ទើបអាចអនុម័តបាន»។  

គោលជំហររបស់ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជានៅពេលនេះដើម្បីឆ្លើយតបនឹងការចោទប្រកាន់គ្មានមូលដ្ឋានក្នុងចេតនាទុច្ចរិតរបស់ជនក្បត់ជាតិតពូជ សម រង្ស៊ី ដែលម្តងហើយម្តងទៀតបានព្យាយាមក្នុងការឡើងកាន់អំណាចតាមរយៈបដិវត្តន៍ពណ៌ តាមបែបមិនប្រជាធិបតេយ្យ និងបាន បង្កើត និងប្រឌិតព័ត៌មានក្លែងក្លាយគ្រប់បែបយ៉ាងក្នុងចេតនាបង្កើតចលាចលសង្គម។ ចុងក្រោយជនក្បត់ជាតិ សម រង្ស៊ី បានប្រឌិតព័ត៌មានដោយចោទប្រកាន់ថាសម្តេចតេជោ ហ៊ុនសែន មានសញ្ជាតិស៊ីព្រ និងបានចេញលិខិតអំពាវនាវឱ្យមានការប្រឆាំង នឹងសម្តេចតេជោ ហ៊ុន សែន និងងើបបះ បោរដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ រៀបចំប្រទេសឡើងវិញ ខណៈប្រជាពល រដ្ឋខ្មែរកំពុងជួបជុំប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ។ ការចោទប្រកាន់បែបទុច្ចរិតនេះ គ្មានការពិត ឡើយ តែនេះនឹងធ្វើឱ្យសម រង្ស៊ី បានភ្លឺភ្នែក និងបញ្ចប់សុបិន្តកណ្តាលថ្ងៃត្រង់របស់ខ្លួន ដោយភាពសោកសៅបំផុត នោះគឺជនមាន សញ្ជាតិ ២ ដូចជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកគូកនក្បត់ជាតិផ្សេងទៀតរបស់គេនឹងគ្មានវាសនាមកធ្វើជាថ្នាក់ដឹកនាំកំពូល កម្ពុជាឡើយ។ វាជាតម្រិះជិះកឯង និងជាការធ្វើនយោបាយគ្មានទស្សនវិស័យច្បាស់លាស់។ ជនក្បត់ជាតិសម រង្ស៊ី ខ្លួនឯងក៏មិន នឹកស្មានថាសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើចំណុចនេះអាចកើតឡើងនៅពេលនេះទេ។

វិសោធនកម្មរដ្ឋធម្មនុញ្ញនេះគឺដើម្បីការពារ ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជន និងដើម្បីការពារពីការជ្រៀតជ្រែករបស់បរទេសក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ព្រោះ មេដឹកនាំកំពូលទាំងអស់ត្រូវមានសញ្ជាតិខ្មែរតែមួយ។ នេះជាការបញ្ជាក់ពីភាពស្មោះត្រង់ឥតងាករេរបស់មេដឹកនាំកម្ពុជាក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ដែលបង្ហាញវត្តមានជានិច្ចជាមួយជាតិនិងប្រជាជនទោះក្នុងកាលៈទេសៈណាក៏ដោយ ហើយដើម្បីបញ្ជាក់ថាសម្តេច និងក្រុមគ្រួសារ ព្រមទាំង ថ្នាក់ដឹកនាំកំពូលកម្ពុជា បានគិតគូរខ្ពស់ពីផលប្រយោជន៍ជាតិ និងមិនដែលស្រម៉ៃ សូម្បីតែយល់សប្តិ៍លើការចង់បានសញ្ជាតិស៊ីព្រដូចការចោទប្រកាន់របស់ជនក្បត់ជាតិ សមរង្ស៊ី។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈជា ច្រើនលើក ច្រើនសារួចមកហើយនូវគោលជំហរនយោបាយឥតងាករេ ក្នុងការបម្រើជាតិនិងប្រជាជនកម្ពុជាគឺ«សម្តេចរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ហើយដាច់ខាតមិនរត់ចោលប្រជាជននិងប្រទេសកម្ពុជាឡើយ ទោះបីកាលៈទេសៈលំបាយ៉ាងណាក៏ ដោយ។ ហ៊ុន សែន មិនមានទម្លាប់រត់ចោលប្រជាជន នៅពេលមានទុក្ខនោះឡើយ។ ពលរដ្ឋកាន់តែលំបាក ហ៊ុន សែន តែងតែមានវត្តមានជានិច្ច»។  

ប្រសិនបើអ្នកនយោបាយ ប្រធានគណបក្សនយោបាយសញ្ជាតិ ២ ផ្សេងទៀតចង់បន្ទោស គួរបន្ទោសជនក្បត់ជាតិ សម រង្ស៊ី ដែលជាអ្នកនយោបាយអង្ករកំប៉ុង ដែលតែង តែធ្វើនយោបាយដោយគ្មានទស្សនវិស័យ ច្បាស់លាស់ និងគ្មានការពិចារណា។ ជនក្បត់ជាតិ សម រង្ស៊ី នេះធ្លាប់ត្រូវបានប្រើប្រាស់ឱ្យកែរដ្ឋធម្មនុញ្ញពី ២/៣ មក ៥០%បូក ១ ម្តងរួចមកហើយ។ ឥឡូវនេះ ដោយសារតែការធ្វើនយោបាយមិនដឹងខ្យល់ ដោយប្រើវិធីសាស្ត្រទុច្ចរិត បង្កើតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំកម្ពុជាដែលមិនមានសញ្ជាតិ ២ ដូចខ្លួន គឺវាបានជះមកលើខ្លួនឯងវិញ នៅពេលដែលការសិក្សាពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ម្ធផ្សេងទៀតដើម្បីកំណត់ថាមេដឹកនាំស្ថាប័នកំពូលរបស់ជាតិរួមមានប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយ ហើយនេះគឺជាការបិទទ្វារទាំងស្រុងចំពោះអ្នកនយោបាយសញ្ជាតិ ២ ដែលប៉ុនប៉ងកាន់តួនាទីកំពូលទាំងនេះ។ គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធនេះបានទទួលនូវការស្វាគមន៍និងគាំទ្រយ៉ាងស្មោះស្ម័គ្រពីប្រជាពលរដ្ឋកម្ពុជា។  សម រង្ស៊ី ចប់ដោយបរិបូណ៌! 

ដោយចៅចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner