ភ្នំពេញ ៖ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ខណៈដល់ផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលទៅបុកឃឿនផ្លូវពេញទំហឹងបណ្ដាលឲ្យដួលអូសជាង៥០ម៉ែត្រ បោកក្បាលស្លាប់ម្នាក់ របួសស្រាលម្នាក់ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវទំនប់៧០ ក្បែររង្វង់មូលគួចកាណុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សពជនរងគ្រោះមានឈ្មោះ លឹម តុលា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះម្នាក់ទៀតរងរបួសស្រាល មានឈ្មោះ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ។
បេីតាមសម្ដីមិត្តភ័ក្តជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះខាងលេីបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ គ្មានស្លាកលេខ បានឌុបគ្នាចេញពីបឹងកក់ គោលបំណងទៅខណ្ឌជ្រោយចង្វារ ដោយធ្វេីដំណេីរក្នុងល្បឿនលឿន រួមទាំងជនរងគ្រោះស្រវឹងស្រាផងនោះ ក៏ជ្រុលចង្កូតទៅបុកឃឿនផ្លូវពេញទំហឹងដួលអូសជាង៥០ម៉ែត្រ បណ្ដាលឲ្យយុវជនម្នាក់បោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល ។
ក្រោយកេីតហេតុ ជនរងគ្រោះដែលរបួសស្រាលបានសម្រេចចិត្តឡេីងរថយន្តសាមុយទៅមន្ទីរពេទ្យពិនិត្យខ្លួនប្រាណ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងសាច់ញាតិឲ្យមកទទួលដេីម្បីយកទៅធ្វេីបុណ្យតាមប្រពៃណី ។ រីឯម៉ូតូរបស់ជនរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដូនពេញធ្វេីការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា