ប្រមុខការទូតកម្ពុជាគូសបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការសហការគ្នាដោយស្មោះត្រង់លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមក្នុងតំបន់ និងអនាគតរួមគ្នាមួយដែលប្រកបដោយសន្តិភាព វិបុលភាព និងបរិយាប័ន្ន

ភ្នំពេញៈឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបសន្ទនាជាមួយលោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី បានពិភាក្សាអំពីបញ្ហាមួយចំនួន រួមទាំងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅថា «AUKUS»។ នេះបើយោងតាមហ្វេសប៊ុករបស់ឯកឧត្តម ប្រាក់ សុខុន។

ជំនួបរវាងប្រមុខការទូតកម្ពុជាជាមួយរដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី បានធ្វើឡើងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ។ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី បានជម្រាបឯកឧត្តមថា ភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅថា «AUKUS» មានបំណងលើកកម្ពស់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយនឹងគោរពមជ្ឈភាពរបស់អាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។

ឯកឧត្តម ប្រាក់ សុខុន ក៏បានតបថា កម្ពុជាតែងតែស្វាគមន៍រាល់គំនិតផ្តួចផ្តើមណាដែលផ្តល់ផលប្រយោជន៍រួម ហើយសង្ឃឹមថាគំនិតផ្តួចផ្តើមទាំងនោះនឹងមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ យើងបានគូសបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការសហការគ្នាដោយស្មោះត្រង់លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមក្នុងតំបន់ និងអនាគតរួមគ្នាមួយដែលប្រកបដោយសន្តិភាព វិបុលភាព និងបរិយាប័ន្ន៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner