អភិបាលខេត្តបាត់ដំបង បានជម្រុញនិងណែនាំឲ្យ រដ្ឋបាលក្រុង-ស្រុក និងមន្ឋីរទេសចរណ៍ខេត្ត ចុះពិនិត្យឲ្យបានច្បាស់ ពីការបើកខារ៉ាអូខេ ដោយជ្រកក្រោមស្លាកភោជនីយដ្ឋាន

អត្ថបទដោយ៖
Kien Sereyvuth

 ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានធ្វើការដាស់តឿន ដោយក្រើនរំលឹក និងជំរុញទៅដល់មន្ទីរទេសចរណ៍ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសនៅក្នុងក្រុងបាត់ដំបងត្រូវចុះធ្វើការត្រួតពិនិត្យឡើងវិញសារជាថ្មីឲ្យបានច្បាស់លាស់ ពីការលួចបើកបង្កប់នូវសេវាកម្សាន្តខារ៉ាអូខេដោយជ្រកនៅក្រោមស្លាកភោជនីយដ្ឋានដែលទង្វើបែបនេះ គឺផ្ទុយទាំងស្រុងទៅនឹងការអនុញ្ញាតនិងការណែនាំរបស់រាជរដ្ឋាភិបាល ដោយត្រូវចុះទៅទប់ស្កាត់ឲ្យបាន។ ហើយក៏ត្រូវព្រមានទៅដល់ពួកគេទាំងនោះ។ក្នុងករណីមិនស្ដាប់ការណែនាំពីអាជ្ញាធរទេនោះ។អាជ្ញាធរដែនដីផ្ទាល់ត្រូវតែមានវិធានការច្បាប់ម៉ឺងម៉ាត់ នឹង ឈានទៅដល់ការបិទមិនឲ្យធ្វើអាជីវកម្មទាំងស្រុង ។

        ការថ្លែងដោយដាក់ចេញនូវវិធានការម៉ឺងម៉ាត់បែបនេះ គឺក្នុងគោលបំណងដើម្បីជម្រុញទៅដល់មន្ត្រីជំនាញ និងអាជ្ញាធរដែនដីនៅទីនោះ។ ហើយការជំរុញដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធបែបនេះ គឺធ្វើឡើងបន្ទាប់ពីមានទីតាំងបម្រើសេវាកម្សាន្តខារ៉ាអូខេមួយចំនួន នៅតែបន្តលបលួចនិងបានប្រព្រឹត្តបំពានពីការណែនាំហាមប្រាមរបស់ប្រមុខរាជរដ្ឋាភិបាល។ហើយកន្លងមកនេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏ធ្លាប់បានចុះទៅហាមឃាត់និងធ្វើការអប់រំជារឿយៗ រួចមកហើយផងដែរ ។

       ការថ្លែងបែបនេះ គឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត៎ដំបង ងួន រតនៈ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ របស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២០នេះ។

       ឯកឧត្តម ងួន រតនៈ បានលើកឡើងទៀតថា៖ទាំងអាជ្ញាធរក្រុង និងមន្ត្រីនៃមន្ទីរទេសចរណ៍ ត្រូវបន្តចុះមើលតាមភោជនីយដ្ឋាន អាហារដ្ឋាន និងទីកន្លែងដែលបម្រើសេវាផ្សេងៗ អំពីការងារចូលរួមនិងជួយទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវចុះទៅពិនិត្យនិងណែនាំដល់ម្ចាស់ទីកន្លែងទាំងនោះ ត្រូវរៀបចំឲ្យមានបុគ្គលិកពិនិត្យវាស់កម្តៅអតិថិជនជាភ្ញៀវរបស់ខ្លួន ត្រូវបាញ់អាល់កុលនិងជែលឲ្យបានត្រឹមត្រូវមុននិងឲ្យភ្ញៀវចូលទៅក្នុងហាងរបសខ្លួន។និងចៀសវាងការដាក់ទុកចោលនៅលើតុ។

       ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានសង្កត់បន្ថែមទៀតថាចំពោះទីតាំងសេវាកម្សាន្តខារ៉ាអូខេ ដែលរាជរដ្ឋាភិបាល បានណែនាំនិងអនុញ្ញាតឲ្យកន្លែងទាំងអស់នោះ កែប្រែបើកធ្វើអាជីវកម្មជាភោជនីយដ្ឋាន ឬអាហារដ្ឋានឡើងវិញនោះ។គឺអាជ្ញាធរមានសមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធត្រូវចុះទៅពិនិត្យ និងត្រូវតែឃ្លាំមើល ខ្លាចក្រែងលួចបន្លំបើកខារ៉ាអូខេឡើងវិញ ដោយលួចលាក់ ។

       ជាមួយគ្នានេះផងដែរ ក្នុងនាមជា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត  ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យសាខាកាកបាទក្រហមខេត្តបាត់ដំបង ត្រូវបន្តជួយផ្សព្វផ្សាយ ក្រៅពីសារឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ និងការងារមនុស្សធម៌ សូមបន្តក្នុងការជួយអប់រំពីការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់ពលរដ្ឋក្នុងខេត្ត ត្រូវបន្តការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ថែមមួយកម្រិតទៀត ពីបញ្ហាប្រឈមការឆ្លងនិងការចម្លងពីជំងឺកូវីដ-១៩នេះ ។
    
       ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  បានគូសបញ្ជាក់ឲ្យដឹងថា៖ កន្លងមកពាក់ព័ន្ធនឹងការងារទប់ស្កាត់នៃការរីករាលដាលពីជំងឺកូវីដ-១៩នេះ សមាជិក និង យុវជនសាខាកាកបាទក្រហមខេត្ត បានចុះអប់រំផ្សព្វផ្សាយពីការទប់ស្កាត់នូវជំងឺកូវីដ-១៩ ព្រមទាំងមានការចែកម៉ាស់ អាល់កុល និងជែល ដល់ប្រជាពលរដ្ឋទៀតផង។
 
        គួរបញ្ជាក់ផងដែរថា៖ ដោយគិតត្រឹមឆមាសទី១ឆ្នាំ២០២០នេះ សាខាកក្រក. ខេត្តបាត់ដំបង បានឆ្លើយតបទៅនឹងការងារគ្រោះមហន្តរាយបានចំនួន២.២០២ គ្រួសារ រួមទាំងការផ្ដល់ជាស្បៀងនូវគ្រឿងឧបភោគ-បរិភោគផ្សេងៗ ដល់ប្រជាពលរដ្ឋរងគ្រោះ ដល់ប្រជាពលរដ្ឋងាយរងគ្រោះដោយសារតែការប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារតែការរាតត្បាតជាសកល ពីជំងឺកូវិដ-១៩  បានជាច្រើនគ្រួសារផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner