ប្រជាពលរដ្ឋជាអ្នកផលិតចង្ក្រានឆ្នាំងជាង ៨០គ្រួសារលើកគ្នាមកតវ៉ាស្នើសុំអាជ្ញាធរជួយដោះដូរដី៤ហិតា ជាមួយក្រុមហ៊ុនយកដីដែលមានដីឥដ្ឋល្អ

កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជាង ៨០គ្រួសារមកពីជិត ១០ភូមិ ក្នុងឃុំជ្រៃបាក់និង ឃុំស្រែថ្មី ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ បាននាំគ្នាទៅតវ៉ានៅចំណុចអន្លង់ភ្លង ក្នុងឃុំជ្រៃបាក់ ថាក្នុងពេលថ្មីៗប៉ុន្មានថ្ងៃ នេះក្រុមហ៊ុនបានជីកប្រឡាយបិទ ផ្លូវជាថ្មីម្ដងទៀត មិនអនុញ្ញាតឲ្យពួកគាត់ចូលជីកយកដីឥដ្ឋ មកផលិតចង្ក្រានឆ្នាំងឡើយ ដែលអាចធ្វើឲ្យមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់ជួបការលំបាក ។

ប្រជាពលរដ្ឋខាងលើបានបញ្ជាក់ថា ពួកគាត់ជាអ្នកប្រកបមុខរបរផលិតចង្ក្រានឆ្នាំងចិញ្ចឹមជីវិតតាំងពីដូនតាមក រស់ក្នុងភូមិត្រពាំងគរ ភូមិអូររោង ភូមិអូរកណ្ដោល ភូមិព្រៃលាក់នាង ភូមិអូរកំណប់ ភូមិអាឡែង ភូមិឃ្លៃ ភូមិត្រពាំងអន ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ កន្លងមកធ្លាប់នាំគ្នាមកជីកយកដីឥដ្ឋនៅចំណុចអន្លង់ភ្លងនេះទៅផលិតចង្ក្រានឆ្នាំងដើម្បីលក់ដូរចិញ្ចឹមគ្រួសារ ។

ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា កាលពីជាង ៣ឆ្នាំមុន ក្រុមហ៊ុនបានបិទផ្លូវមិនឲ្យពួកគាត់ចូលមកជីកយកដីឥដ្ឋនៅតំបន់នេះម្ដងហើយ ។ ក្រោយពីពួកគាត់បានតវ៉ាកាលណោះដោយមានការ សម្របសម្រួលរបស់អាជ្ញាធរ ខាងក្រុមហ៊ុនក៏បានអនុញ្ញាតឱ្យដីទំហំ ៤ហិតាសម្រាប់ជីកយកដីឥដ្ឋផលិតចង្រ្កានឆ្នាំង ប៉ុន្តែក្រោយមកការជីកយកដីឥដ្ឋនៅក្នុងដីទំហំ ៤ហិតានេះទៅផលិតចង្រ្កានឆ្នាំងចេះតែផ្ទុះខូចនិងពណ៌ខ្មៅ ពុំអាចផលិតចង្ក្រានឆ្នាំងយកទៅលក់ដូរបានឡើយ ។

បន្ទាប់មកពួកគាត់ក៏ចេះតែចូលមកជីកយកដីនៅកន្លែងផ្សេងៗរបស់ក្រុមហ៊ុន ហើយខាងក្រុមហ៊ុនក៏មិនដែលរករឿងអ្វីឡើយ ព្រោះក្រុម ហ៊ុនក៏បានចូលយកដីគ្រួសបាយ ក្រៀមក្នុងតំបន់ដី ៤ហិកតារបស់ប្រជាពលរដ្ឋផងដែរ ។ ប៉ុន្តែក្នុងពេលថ្មីៗនេះពេលក្រុមហ៊ុនឈប់យកដីគ្រួសបាយក្រៀមក្នុងតំបន់ដីរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុនក៏បានជីកកាយប្រឡាយបិទផ្លូវមិនឱ្យប្រជាពលរដ្ឋចូលយកដីឥដ្ឋក្នុងតំបន់ដីរបស់ក្រុមហ៊ុនទៀតឡើយ ។ ដូច្នេះនៅថ្ងៃនេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរស្រុក ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយសម្របសម្រួលដោះដូរដីចាស់ទំហំ ៤ហិតារបស់គាត់ សុំដូរយកក្នុងទីតាំងដីរបស់ក្រុមហ៊ុនដែលមានដីឥដ្ឋល្អអាចយកដីឥដ្ឋទៅផលិតចង្ក្រានឆ្នាំងលក់ដូរបានផងចុះ ។

ដោយឡែកនៅព្រឹកនេះដែរ លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ ក៏បានមកជួបបងប្អូនប្រជាពលរដ្ឋជាអ្នកតវ៉ា និងបានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានយើងថា គាត់នឹងទទួលយកសំណូមពររបស់ប្រជាពលរដ្ឋខាងលើនេះ រាយការណ៍ទៅអាជ្ញាធរស្រុក និងខេត្ត ដើម្បីសុំសម្របសម្រួលជាក្រុមហ៊ុន ស្នើសុំដោះដូរដីទំហំ ៤ហិតាដែលមានដីឥដ្ឋល្អអាចយកទៅផលិតចង្ក្រានឆ្នាំងបានជូនប្រជាពលរដ្ឋ ។ ប៉ុន្តែត្រង់ថា អាចដោះដូរបាន ឬមិនបានយ៉ាងណានោះ លោកមិនហ៊ានសន្យានោះឡើយ ។

ដូច្នេះដើម្បីអោយការផលិតចង្រ្កានឆ្នាំង និងវត្ថុអនុស្សាវរីយ៍ពីដីឥដ្ឋ ដែលជាមរតកពីដូនតាខ្មែរ និងដែលជាអត្តសញ្ញាណរបស់ខេត្តកំពង់ឆ្នាំងឲ្យបានគង់វង្ស ប្រជាពលរដ្ឋនិងអាជ្ញាធរឃុំ គោរពស្នើសុំអាជ្ញាធរស្រុក ខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយសម្របសម្រួល ដោះស្រាយសំណូមពរខាងលើនេះជូនបងប្អូនប្រជាពលរដ្ឋដោយក្ដីអនុគ្រោះផងចុះ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner