ក្រសួងការបរទេសស.រ.អ៖ «មានវឌ្ឍនភាពលើផ្នែកមួយចំនួន» បន្ទាប់ពីជួបក្រុមតាលីបង់

នៅ​ថ្ងៃ​អង្គារ​សប្ដាហហ៌នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​លោក​ណេដ ប្រៃស៍​​បាន​និយាយ​ថា​ «មាន​វឌ្ឍនភាព​លើ​ផ្នែក​មួយ​ចំនួន» បន្ទាប់​ពី​ជំនួប​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​រវាង​គណៈ​ប្រតិភូ​អាមេរិក និង​ក្រុម​តាលីបង់​ នៅ​ទីក្រុង​ដូហា​ ប្រទេស​កាតា​។

«មាន​ការ​ពិភាក្សា​ប្រកប​ដោយ​ផលិតភាព​លើ​បញ្ហា​ជំនួយ​មនុស្ស​ធម៌​» លោក​ប្រៃស​បាន​និយាយ​បែប​នេះ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​ ហើយ​បាន​កត់​សម្គាល់​ថា​ «យ៉ាង​ណាស់​មាន​កម្រិត​មូលមតិ​គ្នា​» អំពី​បំណង​ចង់​បាន​ជំនួយ​។

ក្រៅ​ពី​បញ្ហា​ជំនួយ​មនុស្សធម៌​ លោក​ប្រៃស​បាន​និយាយ​ថា​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​ដូចជា​ក្រុម​ ISIS-K ការ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាមេរិក​ ជន​បរទេស​ ធ្វើ​ដំណើរ​ដោយ​សុវត្ថិភាព និង​បញ្ហា​សិទ្ធ​មនុស្ស​។

កាល​ពី​ចុង​សប្ដាហ៍​មុន​ គណៈ​ប្រតិភូ​ជាន់​ខ្ពស់​អាមេរិក​ ដែល​រួមមាន​អនុ​តំណាង​ពិសេស​សម្រាប់​ការ​ផ្សះផ្សា​អាហ្វហ្គានីស្ថាន​លោក​ថម វេសន៍​ អគ្គនាយករង​ភ្នាក់ងារ​ចារកម្ម​ CIA លោក​ដេវីឌ កូហេន ​និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID) លោក​ស្រី​សារ៉ា ឆាល បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ដូហា​សម្រាប់​ជំនួប​ដំបូង​ជា​មួយ​ក្រុម​តាលីបង់​ ចាប់​តាំង​ពី​អាមេរិក​ដក​ទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន​កាល​ពី​ខែ​សីហា​។

រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន បាន​និយាយ​ថា​ពួកគេ​ចង់​ផ្ដល់​ជំនួយ​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រជាជន​អាហ្វហ្គានីស្ថាន ខណៈ​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​វិបត្តិ​មនុស្សធម៌​ដ៏​ធំ​។ ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រទេស G20 កាល​ពី​ថ្ងៃ​អង្គារ មេដឹកនាំ​ពិភពលោក​បាន​និយាយ​ថា​ប្រទេស​អាហ្វហ្គានីស្ថាន​ត្រូវ​ការ​វិធាន​ការ​បន្ទាន់​ដើម្បី​បញ្ចៀស​ការ​ដួល​រលំ​។ សហភាព​អឺរ៉ុប​បាន​យល់​ព្រម​ផ្ដល់​ជំនួយ​មនុស្សធម៌​ប្រមាណ​ ៨០០ លាន​ដុល្លារ​បន្ថែម​ទៀត​ទៅ​អាហ្វហ្គានីស្ថាន​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner