ខណៈពេលក្រុងប៉េកាំងឆ្ពោះនឹងកំណែទម្រង់ សេដ្ឋកិច្ចចិនក៏អាចប្រឈមនឹងភាពរង្គោះរង្គើ

ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​គឺ​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្យុះ​ភ្លៀង​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​បំផុត​ក្នុង​ប្រទេស​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​បំណុល​ និង​​​អាច​ឈាន​ដល់​​ក្ស័យធន​ ហើយ​រោងចក្រ​ធំ​ៗ​កំពុង​ជួប​ឧបសគ្គ​ជា​ច្រើន​ខណៈ​​ងើប​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩​ ដោយ​មាន​ទាំង​​​កង្វះ​អគ្គិសនី​ទូទាំង​ប្រទេសផងដែរ​​។

ក្រៅ​ពី​ការ​ខិតខំ​តម្រូវ​​​ដំណើរ​តូចតាចខ្លះ​​ អ្នក​វិភាគ​និង​ទីប្រឹក្សា​រដ្ឋាភិបាល​មួយ​ចំនួន​បាន​គិត​ថា​លោក​ស៊ី​អាច​នឹង​ទាញ​ប្រយោជន៍​ពី​ស្ថានភាព​បច្ចុប្បន្ន​ ដែល​លោក​ហៅ​ថា​ «បង្អួច​ឱកាស» ដើម្បី​ធ្វើ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​ដ៏​លំបាក​។

ប្រសិន​បើ​បាន​ជោគជ័យ​ កំណែទម្រង់​ទាំង​នេះ​គឺ​ជា​ចំណុច​ចុង​ក្រោយ​នៃ​សកម្មភាព​នយោបាយ​របស់​លោក​ស៊ី ដែល​រួមមាន​ការ​លុប​បំបាត់​ដែន​កំណត់​អាណត្តិ​ប្រធានាធិបតី រហូត​ដល់​ការ​ស្វែង​រក​ «វិបុលភាព​រួម​» សម្រាប់​ប្រជាជន​ចិន ដែល​បាន​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​មេដឹកនាំ​ចិន​មាន​អំណាច​បំផុត​ចាប់​តាំង​ពី​លោក​ម៉ៅ សេទុង​។

ការ​លុប​បំបាត់​ដែន​កំណត់​អាណត្តិ​ប្រធានាធិបតី​ បាន​អនុញ្ញាត​ឱ្យ​លោក​ស៊ី​បន្ត​កាន់​អំណាច​ដល់​អាណត្តិ​ទី​បី ដែល​មេដឹកនាំ​មុន​ៗ​មិន​អាច​កាន់​។ គោល​ដៅ​ «វិបុលភាព​រួម» ពោល​គឺ​ការ​កាត់​បន្ថយ​តម្លៃ​អចលនទ្រព្យ និង​ការ​កាត់​បន្ថយ​វិសមភាព​ប្រាក់​ចំណូល​ គឺ​អាច​ផ្ដល់​ប្រជាប្រិយភាព​បន្ថែម​ទៀត​សម្រាប់​លោក​ស៊ី ខណៈ​ពេល​ដែល​លោក​ត្រៀម​ខ្លួន​សម្រាប់​សមាជ​ប្រជាជន​ចិន​នៅ​ឆ្នាំ​ក្រោយ​។

ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​ថា​ «វិបុលភាព​រួម» គឺ​មាន​ហានិភ័យ​ជា​ពិសេស​ ខណៈ​ពេល​ដែល​គោលនយោបាយ​កាត់​បន្ថយ​តម្លៃ​អចលនទ្រព្យ និង​កាត់​បន្ថយ​វិសមភាព​ប្រាក់​ចំណូល​របស់​ក្រុង​ប៉េកាំង​ អាច​បង្ក​ផល​អវិជ្ជមាន​ច្រើន​ជាង​ផល​វិជ្ជមាន​ចំពោះ​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ពីរ​ក្នុង​ពិភពលោក​។

នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​របស់​ការិយាល័យ​នយោបាយ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​កាល​ពី​ខែ​មេសា​លោក​ស៊ី​ បាន​កត់​សម្គាល់​ថា​ការ​ងើប​ឡើង​វិញ​ដ៏​រឹងមាំ​នៃ​សេដ្ឋកិច្ច​របស់​ចិន​ពី​ជំងឺ​រាតត្បាត​កូវីដ-១៩ បាន​ផ្ដល់​នូវ «បង្អួច​ឱកាស» ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ហិរញ្ញវត្ថុ​ជា​ពិសេស​នៅ​ក្នុង​វិស័យ​ដែល​ជំពាក់​បំណុល​ច្រើន​ដូចជា​វិស័យ​អចលនទ្រព្យ។ វា​ក៏​ជា​ឱកាស​ដើម្បី​បន្ត​គោលដៅ​បរិស្ថាន​ប្រកប​ដោយ​មហិច្ឆតា​ដូចជា​ការ​សម្រេច​បាន​នូវ​ការ​បញ្ចេញ​កាបូន​ខ្ពស់​បំផុត​ត្រឹម​ឆ្នាំ ២០៣០ និង​អព្យាក្រឹតភាព​កាបូន​ត្រឹម​ឆ្នាំ ២០៦០​។

ប៉ុន្តែ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ចិន​ ក៏​បាន​បង្ក​ឱ្យ​តម្លៃ​អចលន​ទ្រព្យ​ផង​ដែរ​ ដែល​ជា​ការ​គំរាម​កំហែង​ដល់​គោលដៅ «វិបុលភាព​រួម»។ កត្តា​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​មន្ត្រី​កាន់​តែ​មាន​ឆន្ទៈ​ធ្វើ​កំណែ​ទម្រង់​និយតកម្ម​លើ​ក្រុមហ៊ុន​អចលនទ្រព្យ​។

កំណែទម្រង់​និយតកម្ម​នេះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ Evergrande ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​ជាង​គេ​ទី​ពីរ​របស់​ចិន​ ប្រឈម​នឹង​វិបត្តិ​មិន​អាច​សង​បំណុល​។ រដ្ឋបាល​លោក​ស៊ី​មាន​ជំហរ​យ៉ាង​តឹងរ៉ឹង​ថា​មិន​ដក​ថយ​ពី​ការ​អនុវត្ត​កំណែ​ទម្រង់​ទាំង​នេះ​ បើ​ទោះ​បី​ជា​ក្រុម​ហ៊ុន​ Evergrande ដួល​រលំ​ក៏​ដោយ​៕ អ្នក​វិភាគ​ជា​ច្រើន​ព្រមាន​ថា​ការ​ដួល​រលំ​របស់​ក្រុមហ៊ុន​ Evergrande ដែល​ជំពាក់​បំណុល​ជាង​ ៣០០ ពាន់​លាន​ដុល្លារ​ នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​សេដ្ឋកិច្ច​ចិន​ទាំង​មូល​។

វិបត្តិ​កង្វះ​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​ចិន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ ក៏​ជា​ឧទាហរណ៍​មួយ​ទៀត​នៃ​ផល​អវិជ្ជមាន​បាន​មក​ពី​គោល​នយោបាយ​មាន​បំណង​ល្អ​។ ដើម្បី​បំពេញ​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​កាត់​បន្ថយ​ផលិតកម្ម​អគ្គិសនី​នៅ​ខេត្ត​ដែល​មិន​បាន​ឈាន​ដល់​គោលដៅ​ទិន្នភាព​ខ្ពស់​។ រោងចក្រ​អគ្គិសនី​ជា​ច្រើន​គឺ​កំពុង​ប្រឈម​កង្វះ​ធ្យូង​ថ្ម​ ការ​ឡើង​តម្លៃ​ធ្យូង​ថ្ម និង​ដែន​កំណត់​តម្លៃ​អគ្គិសនី​ទាប​ មាន​ន័យ​ថា​ពួកគេ​ធ្វើ​ការ​ផ្គត់​ផ្គង់​ដោយ​ខាត​បង់​។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ តំបន់​ផលិត​ធ្យូង​ថ្ម​សំខាន់​ៗ នៃ​ប្រទេស​ចិន​ គឺ​កំពុង​រង​គ្រោះ​ទឹក​ជំនន់​ ដែល​ធ្វើ​ឱ្យ​បញ្ហា​ទាំង​នេះ​កាន់​តែ​លំបាក​។

នៅ​សប្ដាហ៌​ក្រោយ​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​នឹង​ចេញ​ផ្សាយ​ការ​ប៉ាន់ស្មាន​របស់​ខ្លួន​សម្រាប់​កំណើន​សេដ្ឋកិច្ច​ត្រីមាស​ទី ៣ ​ឆ្នាំ​នេះ និង​សូចនាករ​សេដ្ឋកិច្ច​សំខាន់​ៗ​ដទៃ​ទៀត​។ ទិន្នន័យ​នេះ​នឹង​ផ្ដល់​នូវ​ការ​ចង្អុល​បង្ហាញ​ដ៏​ល្អ​បំផុត​អំពី​ផល​ប៉ះពាល់​ពី​វិបត្តិ​នៅ Evergrande និង​វិបត្តិ​កង្វះ​ថាមពល​។

ជា​លទ្ធផល ​អ្នក​ព្យាករណ៍​ជា​ច្រើន​កំពុង​ពិនិត្យ​ឡើង​វិញ​នូវ​ការព្យាករណ៍​សេដ្ឋកិច្ច​ពេញ​មួយ​ឆ្នាំ​របស់​ពួកគេ​ចំពោះ​សេដ្ឋកិច្ច​ចិន​។ ប៉ុន្តែ​ភាគ​ច្រើន​នៅ​តែ​ប៉ាន់ស្មាន​ថា​ទិន្នផល​សេដ្ឋកិច្ច​ពេញ​មួយ​ឆ្នាំ​នឹង​ធំ​ជាង​គោល​ដៅ​កំណើន​ ៦ ភាគរយ​របស់​រដ្ឋាភិបាលចិន​ផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner