នាយករដ្ឋមន្រ្តីប៉ូឡូញចោទប្រកាន់ក្រុមប្រឆាំងថានិយាយកុហកអំពី Polexit

ប៊ុយដាប៉ែស៖ ​​លោក​នាយក​រដ្ឋ​មន្រ្តី​ Mateusz Morawiecki ​​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​​​ថា​ ប៉ូឡូញ​គ្មាន​បំណង​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ទេ​ ដោយ​ចោទ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ថា​បាន​ផ្សព្វផ្សាយ​រឿង​កុហក​ដែល​ថា​ប៉ូឡូញ​នឹង​ចេញ​ពី​ប្លុក​ (Polexit)​នេះ​។​

​ការ​អត្ថា​ធិប្បាយ​របស់​លោក​ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ក្តី​ធម្មនុញ្ញ​ប៉ូឡូញ​បាន​សម្រេច​កាល​ពី​សប្តាហ៍​មុន​ថា​ ផ្នែក​ខ្លះ​នៃ​ច្បាប់​សហភាព​អឺរ៉ុប​មិន​ត្រូវ​នឹង​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​ ដែលធ្វើ​​ឱ្យ​ប៉ះ​ពាល់​ដល់​គោលការណ៍​សំខាន់​នៃ​ការ​ធ្វើ​សមាហ​រណកម្ម​អឺរ៉ុប​ និង​ជំរុញ​ឱ្យ​មាន​ការ​ពិភាក្សា​ថា​ប៉ូឡូញ​អាច​ចាក​ចេញ​ពី​សហភាព​ថ្ងៃ​ណា​មួយ​​​។​ សេចក្ដី​សម្រេច​បង្ក​ឱ្យ​ប្រជា​ជន​ប៉ូឡូញ​ជាង​ ១០ ​ម៉ឺន​នាក់​ ​ចូល​រួម​ក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​គាំទ្រ​ដល់​សមាជិកភាព​សហភាព​អឺរ៉ុប​។​

​លោក​ Morawiecki ​​និយាយ​អំឡុង​កិច្ច​ប្រជុំ​កំពូល​នៃ​ប្រទេស​ Visegrad ​នៅ​អឺរ៉ុប​កណ្តាល​ទាំង​បួន​នៅ​រដ្ឋ​ធានី​ប៊ុយដាប៉ែស​ថា​៖​​ ​«​ក្រុម​ប្រឆាំង​ជា​ទីស្រឡាញ់​របស់​យើង​កំពុង​ព្យាយាម​បញ្ចុះ​បញ្ចូល​ថា​ យើង​ចង់​ធ្វើ​ឱ្យ​សហជីព​ចុះ​ខ្សោយ​ដោយ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​»​។ ​លោក​បន្ត​ថា​៖​ «​នេះ​ច្បាស់​ណាស់​មិន​មែន​គ្រាន់​តែ​ជា​ព័ត៌មាន​ក្លែង​ក្លាយ​នោះ​ទេ​ វា​គឺ​ជា​អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៅ​ទៀត​ វា​គឺ​ជា​ការ​កុហក​ដែល​មាន​គោល​បំណង​ធ្វើ​ឱ្យ​សហភាព​ធ្លាក់​ចុះ​»​។​

​គណបក្ស​ប្រឆាំង​ Civic​ Platform ​មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​ភ្លាម​ៗ​ទេ​ ប៉ុន្តែ​នៅ​ឯ​បាតុកម្ម​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្រុង​វ៉ាសូវី​ លោក ​Donald Tusk ​អតីត​ប្រធាន​ក្រុម​ប្រឹក្សា​អ៊ឺរ៉ុប​ និង​បច្ចុប្បន្ន​ជា​អ្នក​ដឹក​នាំ​បក្ស​នេះ​និយាយ​ថា​ គណបក្ស​កាន់​អំណាច​ PiS ​កំពុង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​អនាគត​របស់​ប៉ូឡូញ​នៅ​អឺរ៉ុប​។​

​គណបក្ស​​ PiS និ​យាយ​ថា​ សហភាព​អឺរ៉ុប​បាន​ហួស​អាណត្តិ​របស់​ខ្លួន​ក្នុង​ការ​ព្យាយាម​បញ្ឈប់​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​ប៉ូឡូញ​ ដែល​​ក្រុង​ប្រ៊ុចសែល​និយាយ​ថា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ​។​ ជាមួយ​គ្នា​នោះ​ លោក​ Morawiecki ​​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​៖​ «​ប្រ៊ុចសែល​គួរ​តែ​ផ្តោត​លើ​សន្តិសុខ​ បញ្ឈប់​អំពើ​ភេរវកម្ម​ និង​កិច្ចសហការ​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ដទៃ​ទៀត​»​។​

​ថ្វី​បើ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុង​វ៉ាសូវី​និង​ប្រ៊ុចសែល​ក្ដី​ ក៏​ការ​គាំទ្រចំ​ពោះ​សមាជិកភាព​សហភាព​អឺរ៉ុប​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅ​ប៉ូឡូញ​ ដែល​ជា​អតីត​ប្រទេស​កុម្មុយនិស្ត​ដ៏​ធំ​បំផុត​របស់​ប្លុក​នេះ​ និង​ជា​អ្នក​ទទួល​ផល​កំពូល​នៃ​ជំនួយ​របស់​សហភាព​អឺរ៉ុប​ដើម្បី​ជួយ​សមាជិក​ក្រីក្រ​បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​អ្នក​មាន​ដទៃ​ទៀត​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner