ប្រធានាធិបតីបារាំងប្រកាសផែនការ ៣៥ ប៊ីលានដុល្លារអាមេរិកដើម្បីធ្វើឧស្សាហកម្មឡើងវិញ

ប៉ារីស៖ ​​ប្រធានាធិបតី​បារាំង​លោក​ អេម៉ានុយអែល ​ម៉ាក្រុង​ (Emmanuel Macron) ​កាល​ពី​ថ្ងៃ​អង្គារ​​ បាន​ប្រកាស​ផែន​ការ​មួយ​ដែល​ចំណាយ​ទឹក​ប្រាក់​៣៥​ប៊ីលាន​ដុល្លារ​ ដើម្បី​ធ្វើ​ឧស្សាហកម្ម​ក្នុង​ប្រទេស​ឡើង​វិញ​​ដោយ​ផ្អែក​លើ​បច្ចេក​វិទ្យា​ប្រកប​​ដោយ​​ភាព​ច្នៃ​ប្រឌិត​និង​បៃតង​ដែល​រួម​មាន​រថយន្ត​អេឡិចត្រូនិក​ ឥន្ធនៈ​អ៊ីដ្រូសែន​ និង​រោងចក្រ​នុយក្លេអ៊ែរ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។​

​ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ប្រមាណ​ជា​ ៦ ​ខែ​ប៉ុណ្ណេះ​មុន​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ និង​មួយ​ខែ​មុន​កិច្ច​ប្រជុំ​កំពូល​អាកាស​ធាតុ​របស់​អង្គការ​សហ​ប្រជាជាតិ​។​ លោក​និយាយ​ថា​ ​ប្រទេស​បារាំង​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់ៗ​ពី​ ១៥ ​ទៅ​ ២០​ ឆ្នាំ​ក្រោយ​ជាង​ប្រទេស​ជិត​ខាង​អឺរ៉ុប​​ផ្សេង​ទៀត​ ហើយ​ឥឡូវ​នេះ​ត្រូវ​ការ​ដើម្បី​ក្លាយ​ជា​ប្រទេស​នៃ​ការ​ច្នៃ​ប្រឌិត​ និង​ការ​ស្រាវជ្រាវ​ម្តង​ទៀត​។​

​លោក​ ម៉ាក្រុង ​និយាយ​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​ និង​និស្សិត​សាកល​វិទ្យាល័យ​ថា​ ការ​ចំណាយ​ក្នុង​ផែនការ​នេះ​ គឺ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​កំណើន​ឱនភាព​ដែល​បណ្តាល​មក​ពី​ការ​វិនិយោគ​មិន​គ្រប់​គ្រាន់​នាពេល​កន្លង​មក​។​ លោក​បន្ត​ថា​ ​បារាំង​ត្រូវ​ការ​ត្រឡប់​ទៅ​វដ្ត​ប្រកប​ដោយ​គុណធម៌​ ដែល​មាន​ការ​ច្នៃ​ប្រឌិត​ ការ​បង្កើត​ និង​ការ​នាំ​ចេញ​ ហើយ​តាម​វិធី​ទាំង​នោះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គំរូ​សង្គម​របស់​បារាំង​ ដែល​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​ថ្មី​ «​បារាំង​ ២០៣០​»​។​

​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ខាង​មុខ​នេះ​ ប្រទេស​បារាំង​មាន​បំណង​ក្លាយ​ជា​មេដឹក​នាំ​ពិភព​លោក​លើ​អ៊ីដ្រូសែន​បៃតង​ដែល​ក្រុម​ហ៊ុន​ និង​រដ្ឋាភិបាល​ កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​សេដ្ឋកិច្ច​ពឹង​ផ្អែក​ភាគ​ច្រើន​លើ​ឥន្ធនៈ​ហ្វូស៊ីល​ សម្រាប់​តម្រូវការ​ថាមពល​របស់​ខ្លួន។​

​​លោក​ ម៉ាក្រុង ​និយាយ​ថា​ បន្ទាប់​ពី​ការ​រីករាល​ដាល​នៃជំ​ងឺ​កូវីដ-១៩​ ដែល​ធ្វើឱ្យ​​បារាំង​ប្រឈម​មុខ​នឹង​ភាព​ងាយ​រង​គ្រោះ​​បារាំង​ត្រូវ​ខិត​ខំ​ឆ្ពោះ​ទៅ​រក​ស្វ័យ​ភាព​ផលិតភាព​របស់​បារាំង​និង​អឺរ៉ុប​ ដោយ​រួម​មាន​ទាំង​ការ​ចាំបាច់​ត្រូវ​ធ្វើ​ការ​វិនិយោគ​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ការ​ស្រាវ​ជ្រាវ​វេជ្ជសាស្ត្រ​ផង​។​

​​ឥស្សរជន​ប្រឆាំង​​រិះ​គន់​លោក​ម៉ាក្រុង​​ចំពោះពេ​ល​វេលា​នៃ​ការ​ប្រកាស​នេះ​ ដោយ​លោក​ស្រី​ ម៉ារីន​ ឡឺប៉ែន​ (Marine Le Pen ) ​ដែល​ជា​គូ​ប្រជែង​ស្តាំ​និយម​របស់​លោក​​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ខែ​មេសា​ឆ្នាំ​ ២០២២ ​​និយាយ​ថា​ លោក​ម៉ាក្រុង​កំពុង​ធ្វើ​ការ​សន្យា​សម្រាប់​អ្នក​ស្នង​តំណែង​របស់​លោក។​ ចំណែក​ឯ​បេក្ខជន​ឆ្វេង​និយម​លោក​ ហ្សង់-លុកមេលេនឆុន ​(Jean-Luc Melenchon ) ​​វិញ​ ហៅ​ការ​ប្រកាស​នេះ​ថា​ ជា​ការ​ឃោសនា​​របស់​លោក​ម៉ាក្រុង​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner