នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ឱ្យមាន​ភាព​រីកចម្រើន​

ភ្នំពេញ:នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​ប្រទេស​កម្ពុជា​ លោកស្រី Sunniya Durrani-Jamal បាន​បញ្ជាក់ថា លោកស្រី​បាន​មើលឃើញ​ពី​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ឱ្យមាន​ភាព​រីកចម្រើនគួរ​ឱ្យ​កត់សម្គាល់ និង​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចូលរួមអភិវឌ្ឍន៍​លើ​វិស័យ​ជាច្រើន​របស់​ជាតិ​។​

​ការកត់សម្គាល់​នេះ​ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​(Zoom) នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១​។​ ក្នុងជំនួប​នេះ​ លោកស្រី​នាយ​កា​បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​លើ​វិស័យ​ជាច្រើន​របស់​ជាតិ ក្នុងនោះ​ជាមួយ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​ចាត់ទុកថា​ជា​វិស័យ​ស្នូរ​ដ៏​សំខាន់​មួយ​ក្នុងការ​លើកស្ទួយ​កំណើនសេដ្ឋកិច្ច​។​

​លោកស្រី​នាយិកា​បាន​បញ្ជាក់ថា ឆ្លងកាត់​បទពិសោធន៍​ក្នុង​អាណត្តិ​ការងារ​របស់លោក​ស្រី​កន្លងមក ​លោកស្រី​បាន​មើលឃើញពី​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ឱ្យមាន​ភាព​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​។​ ទន្ទឹមនេះដែរ ​លោកស្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ធនាគារ​អភិវឌ្ឍន៍ អាស៊ី​ប្រកបដោយ​ភាពស្និទ្ធស្នាល​បំផុត​។​

​ចំណែក​ឯកឧត្តម អ៊ិត សំហេង វិញ​បាន​ជម្រាបជូន​នាយិកា​អំពី​វឌ្ឍនភាព​មួយចំនួន​ដែល​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អនុវត្ត​នូវ​គម្រោង​ធំៗ ដែលជា​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​ធនាគារ​អភិវឌ្ឍ​ន៍អាស៊ី​។ ឯកឧត្តម​លើកឡើងថា បច្ចុប្បន្ន អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ​បាននិងកំពុង​អនុវត្ត​គម្រោង​ធំៗ​ចំនួន​២​ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារ អភិវឌ្ឍន៍អាស៊ី គឺ​៖១.​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​និង​២.​គម្រោង​ជំនាញ​សម្រាប់​ការប្រកួតប្រជែង​ ដែល​គម្រោង​ទាំង​២​នេះ បាន​ចូលរួម​អនុវត្ត​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​, គោលនយោបាយ​អភិវឌ្ឍ​ន៍​មុខរបរ និង​ការងារ​, គោលនយោបាយ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​,​ផែនការ​យុទ្ធសាស្ត្រ​សកម្មភាព​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ និង​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងនោះ​រួមមាន​៖ ហេដ្ឋារចនាសម្ព័ន្ធ​, ការបំពាក់​ឧបករណ៍​សម្ភារ​, ការអភិវឌ្ឍ​ធនធានមនុស្ស​, ការអភិវឌ្ឍ​កម្មវិធីសិក្សា, ការបណ្តុះបណ្តាល​, ប្រាក់ឧបត្ថម្ភ​សិស្ស​, កម្មសិក្សា (​គ្រូ​និង​សិស្ស​) និង​ការសិក្សា​ផ្អែកលើ​ការងារ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី គូសបញ្ជាក់ថា ជាការ​ពិត គម្រោង​ដែល​ទទួលបាន​ផ្លែផ្កា​ទាំងនេះ បើ​មិនមាន​ការចូលរួម​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​លោកស្រី Sunniya Durrani-Jamal ទេ ការអនុវត្ត​នូវ​គម្រោង​ទាំងនោះ ពិតជា​មិន​ទទួលបាន​នូវ​ភាពជោគជ័យ​តាម​ការគ្រោងទុក​នោះឡើយ​៕
ដោយៈពល​ជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner