បែកធ្លាយលិខិតទទួលលុយលោក វ៉ិត វឌ្ឍនា ពីប្រធានក្រុមហ៊ុន សេង សម្បត្តិ ក្នុងទឹកប្រាក់៥ម៉ឺនដុល្លារ រឿងលក់អាងទឹកដងទង់

ភ្នំពេញៈលេចធ្លាយលិខិតទទួលលុយរបស់លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពត ពីលោក សេង សម្បត្តិ ប្រធានក្រុមហ៊ុន សេង សម្បត្តិ ក្នុងទឹកប្រាក់៥ម៉ឺនដុល្លារអាមេរិក ពាក់ព័ន្ធរឿងលក់អាងទឹកដងទង់ ទៅឱ្យក្រុមហ៊ុន សេង សម្បត្តិ ក្នុងតម្លៃរាប់លានដុល្លារ ដើម្បីសាងសង់ផ្ទះល្វែងលក់។ លិខិតទទួលលុយនេះ រឹតតែបញ្ជាក់កាន់តែច្បាស់ថែមទៀតថា លោក វ៉ិត វឌ្ឍនា ជាប់ពាក់ព័ន្ធក្នុងរឿងលក់អាងទឹកដងទង់។

លិខិតលេចធ្លាយនេះ គឺបន្ទាប់ពីកាលពីពេលថ្មីៗកន្លងមកនេះ លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពត បានបដិសេធលើរូបថតដែលខ្លួនបានទទួលលុយទាំងដុំៗពីលោក សេង សម្បត្តិ ប្រធានក្រុមហ៊ុន សេង សម្បត្តិ ថា ជារូបកាត់ត។ ប៉ុន្តែសាក្សីអះអាងថា រូបនេះ គឺមិនមែនជារូបភាពកាត់តទេ ជាពិសេសនៅមានភស្តុតាងមួយចំនួនទៀតដែលលោក វ៉ិត វឌ្ឍនា មិនអាចប្រកែកបាន។

ចំពោះការលេចធ្លាយលិខិតទទួលលុយ និងររូបថតទទួលលុយទាំងដុំៗ ពីលោក សេង សម្បត្តិ គឺលោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពត មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល។

ប្រភពច្បាស់ការណ៍បានទម្លាយថា លោក វ៉ិត វឌ្ឍនា និងមន្ត្រីពាក់ព័ន្ធនៅសាលាខេត្តកពតមួយចំនួន បានចំណាយលុយជាច្រើនដើម្បីបិតបាំងរឿងរឿងលក់អាងទឹកដងទង់ ទៅឱ្យក្រុមហ៊ុន សេង សម្បត្តិ ក្នុងតម្លៃរាប់លានដុល្លារ ដើម្បីសាងសង់ផ្ទះល្វែងលក់។ មិនតែប៉ុណ្ណោះក៏មានការអន្តរាគមន៍ពីរដ្ឋលេខាធិការម្នាក់ (សុំមិនបញ្ចេញឈ្មោះ) បានចូលខ្លួនដើរតួសម្របសម្រួលជាបណ្តាញសារព័ត៌មានបិទរឿងនេះផងដែរ។ ពាក់ព័ន្ធរឿងនេះ ប្រជាពលរដ្ឋរស់នៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បានលើកគ្នាមកដាក់ពាក្យបណ្តឹងនៅអង្គភាពប្រឆាំងអំពើពុករលួយ (A.C.U) ដើម្បីធ្វើការស៊ើបអង្កេត និងរកយុត្តិធម៌ ក្រោយពីអាជ្ញាធរ ស្រុក ខេត្ត គ្មានដំណោះស្រាយជូនដល់ពួកគាត់។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់កម្មវត្ថុថា៖ ទាក់ទងអំពើពុករលួយរបស់អាជ្ញធរ និងក្រុមហ៊ុន សេង សម្បត្តិ។

នៅក្នុងពាក្យបណ្តឹងនេះប្រជាពលរដ្ឋ បញ្ជាក់នូវចំណុចយោង ចំនួន៦ ដើម្បីជាទឡ្ហីករណ៍ ជម្រាបជូន ឯកឧត្តមប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ ដោយបានរៀបរាប់អំពីការរៀបចំឃុបឃិតគ្នាជាប្រព័ន្ធរបស់អាជ្ញាធរស្រុកដងទង់ ដើម្បីប្រមូលដីលក់ឲ្យទៅក្រុមហ៊ុន សេង សម្បត្តិ ចំនួនប្រមាណ១២ហិតា។ ក្នុងនោះក៏មានភស្តុតាងនៃការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីសាលាខេត្តកំពត លោក បិល កុសល និងលោក វ៉ិត វឌ្ឍនា ជាប្រធាន និងអនុប្រធានបំពេញបេសកម្មនេះមិនបានធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ដែលបណ្ដាលឱ្យមានអំពើឃុបឃិតគ្នាជាប្រព័ន្ធ និងមានការតវ៉ាពីសំណាក់ប្រជាពលរដ្ឋ។ មួយវិញទៀត ក៏មានឯកសារបែកធ្លាយរបស់លោក វ៉ិត វឌ្ឍនា ទទួលប្រាក់ពីលោក សេង សម្បត្តិ ៥០,០០០ (ប្រាំម៉ឺនដុល្លារ) និងសារសំឡេងលោក សេង សម្បត្តិ បានឧបត្ថមជូនលោកអភិបាលស្រុកដងទង់ លោក ស៊ីវ ផេង ថែមទៀតផង។ លោក សេង សម្បត្តិ និងអភិបាលស្រុកដងទង់ លោក ស៊ីវ ផេង បានប្រព្រឹត្តិអំពើរឃុបឃិតសូកប៉ាន់គ្នាប្រើអំណាចចេញលិខិតដកហូតដីពីប្រជាពលរដ្ឋ ប្រគល់ជូន សេង សម្បត្តិ, ចាន់ ស្រីឡែន, និងសុខ ហ្គិច។

ប្រភពដដែលបានបន្តថា មន្ត្រីសូរិយោដីស្រុកខេត្ត បានសហការគ្នាជាប្រពន្ធ័បំពេញបែបបទបន្ថែមទៀតជូន សេង សម្បត្តិ, ចាន់ស្រីឡែន និងសុខ ហ្គិច ដើម្បីធ្វើការបង់ពន្ធចេញប្លង់កម្មសិទ្ធ ដោយមិនបានពិនិត្យឱ្យច្បាស់លាស់នូវដំណើរការប្រគល់កម្មសិទ្ធដីទៅអ្នកទាំងបីនោះទេ។ បើយោងតាម ស.ជ.ណ ០៥១/២១ លោក ងន លាង ជាបេសកជនទទួលបេសកម្មបំពេញភារកិច្ចលើដី១២៩០៧១ ម៉ែត្រការ៉េ ចែកជូនប្រជាពលរដ្ឋ៣០គ្រួសារនោះដែរ។ ដីមិនបានដល់ដៃពលរដ្ឋ ដែលជាម្ចាស់ មានន័យថា គ្មានពលរដ្ឋណាម្នាក់ បានទទួលសិទ្ធតាមផ្លូវច្បាប់ ដើម្បីទទួលប្លង់កម្មសិទ្ធិនោះទេ។ តែបែជាមានពាក្យគំរាមកំហែង បើមិនព្រមលក់ឱ្យទេ និងដកហូតយកដីនេះទៅវិញ។ លិខិតនេះបញ្ជាក់បន្ថែមថា នៅថ្ងៃចន្ទទី៥ ខែកក្កដា ឆ្នាំ២០២១នេះ មានក្រុមមន្ត្រីដឹកនាំដោយលោកអភិបាលរងស្រុកដងទង់ លោក ជុល រី បានដឹកនាំកម្លាំងចុះមកដកបង្គោលព្រំ និងរុះរើទ្រព្យសម្បត្តិរបស់ពលរដ្ឋ ដែលមិនព្រមលក់ឱ្យក្នុងតម្លៃថោក តាមដែលពួកគេបង្ខំ ដោយពួកគេបានប្រើកម្លាំអអាជ្ញាធរ មកគាបសង្កត់ដកបង្គោលព្រំដី ដែលពីមុនខាងសូរិយោដី ស្រុកដងទង់ បានធ្លាប់វាស់វែង និងបោះបង្គោលជាព្រំដីរបស់ពលរដ្ឋ។

លោក មាស ជីន បានឱ្យដឹងថា ទីតាំងទំនាស់នេះ ជាអាងទឹក សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងភូមិ និងដីដែលប្រជាពលអាស្រ័យផលជារៀងរហូតមក។ អាងទឹកនេះ មានតាំងពីឆ្នាំ១៩៨៥មក។ ប្រជាពលរដ្ឋរូបនេះបន្តថា លោកបានរស់នៅលើដីនេះ ប្រមាណជា២០ឆ្នាំមកហើយ។ លោកបញ្ជាក់ថា “ទីរួមស្រុកដងទង់នេះ គ្មានទឹកប្រើប្រាស់ទេ បើលោកហ្វាយស្រុក លុបអាងទឹកហ្នឹងដូច្នេះ ពេលរដ្ឋគ្មានទឹកប្រើប្រាស់ទេចប់ហើយ”។ មិនត្រឹមតែដីអាងទឹកដែលគេរំលោភយក គឺដោយទាំងដីរបស់ខ្ញុំថែមទៀត។

មិនខុសពីលោក មាស ជីន ស្រ្តីឈ្មោះ ញ៉យ ផល្លី បានរៀបរាប់ទាំងទឹកភ្នែកថា នាងឈឺចាប់ នឹងអាជ្ញាធរស្រុកដងទង់ ដែលមិនទទួលស្គាល់។ នាងដែលបានរស់នៅតំបន់នេះជាង១០ឆ្នាំមកហើយនោះ។ ផល្លី បញ្ជាក់ថា “ ខ្ញុំឈឺចាប់នឹងអាជ្ញាធរស្រុកដងទង់ណាស់ ខ្ញុំរស់នៅលើដីនេះជាង១០ឆ្នាំមកហើយ មិនទទួលស្គាល់ខ្ញុំថាជាដីខ្ញុំ។ ម្តងចេញលិខិតឱ្យរុះរើផ្ទះ ម្តងឲ្យរុះរើរបង។ ជាពិសេស ចេញលិខិតព្រមាន ថានឹងដេញខ្ញុំពេលណាក៏បានដែរ ”។
អ្នកស្រី ឈឹម ណាន ប្រជាពលរដ្ឋរងគ្រោះមួយគ្រួសារដែរ បានបញ្ជាក់បន្ថែមថា អាជ្ញាធរ មិនព្រមដោះស្រាយឱ្យទោះបីលោកស្រីមានឯកសារទៅបង្ហាញពិតៗ គេមិនទទួលស្គាល់ ហើយឲ្យទៅនិយាយ ចចារ ជាមួយក្រុមហ៊ុន ។ អ្នកស្រីឈឹម ណាន ចោទជាសំណួរថា “ខ្ញុំជាម្ចាស់ដីរស់នៅតាំងពីឆ្នាំ១៩៧៩ ហេតុអ្វីត្រូវទៅចចារជាមួយក្រុមហ៊ុនទៅវិញ? ហើយអាជ្ញាធរ ផ្តល់សិទ្ធិខ្លាំងដល់ក្រុមហ៊ុន សេង សម្បត្តិ មកចាត់ចែងលើដីរបស់ខ្ញុំ។ មកដករបង រុះរើតូបរបស់ខ្ញុំ”។ អ្នកស្រីបានឱ្យដឹងដែរថា ទោះបីតវ៉ាទៅស្រុក ក៏មិនដោះស្រាយ ទៅដល់ខេត្ត ក៏មិនដោះស្រាយ។ មានតែជម្រើសមកប្តឹងដល់អង្គភាពប្រឆាំងអំពើរពុករលួយ ឱ្យស៊ើបអង្កេតរកយុត្តិធម៌តែប៉ុណ្ណោះ។ អ្នកស្រីក៏សូមសម្តេច ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយដល់ពលរដ្ឋផង ព្រោះគ្មានសង្ឃឹមអ្វីទេ បើអាជ្ញាធរមូលដ្ឋានមិនស្រាយឱ្យយ៉ាងដូច្នេះនោះ។ អ្នកស្រី ឈឹម ណាន ថា “បើគេឃុបឃិតគ្នាជាប្រព័ន្ធ ប្រព្រឹត្តអំពើពុករលួយ និងគាបសង្កត់ពលរដ្ឋដូច្នេះមានសង្ឃឹមអីទៀត?”។

ប្រជាពលរដ្ឋបានទទូចសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យមើលរឿងរបស់លោក វ៉ិត វឌ្ឍនា ជានាយករដ្ឋបាលខេត្តកំពត, លោក ប៉ិល កុសល អភិបាលរងខេត្តកំពត និងជាប្រធានគណៈកម្មការទទួលបន្ទុកដីធ្លី មន្ត្រីពាក់ព័ន្ធមួយចំនួនចាប់តាំងពីថ្នាក់ភូមិឃុំថ្នាក់ស្រុក ថ្នាក់មន្ត្រីជំនាញ រហូតដល់ថ្នាក់ខេត្ត បានឃុបឃិតគ្នាលក់អាងទឹកដងទង់ទៅឱ្យក្រុមហ៊ុន សេង សម្បត្តិ ក្នុងតម្លៃរាប់លានដុល្លារដើម្បីសាងសង់ផ្ទះល្វែងលក់នោះ។

គួរឱ្យដឹងថា អាងទឹកដងទង់ ស្ថិតនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ជាកន្លែងស្តុកទឹកស្រោចស្របស្រែប្រាំងកសិកម្ម និងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ដែលមានផ្ទៃដីទំហំជាង១២ហិកតា។ ប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគាត់សង្ឃឹមលើអភិបាលខេត្តកំពតថ្មី ដែលនឹងត្រូវចូលមកជំនួសឯកឧត្តម ជាវ តាយ នឹងអាចដោះស្រាយរឿងមន្ត្រីមួយចំនួនឃុបឃិតគ្នាលក់ដីអាងទឹកដងទង់ទៅឱ្យក្រុមហ៊ុន សេង សម្បត្តិ ក្នុងតម្លៃរាប់លានដុល្លារដើម្បីសាងសង់ផ្ទះល្វែងលក់នោះ។ ជាពិសេសពួកគាត់សង្ឃឹមថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង នឹងចាត់វិធានការលើមន្ត្រីពាក់ព័ន្ធទាំងនោះ និងសើរើករណីនេះឡើងវិញ។

ប្រភពច្បាស់ការណ៍បានបង្ហើបថា បើទោះបីជាមានភស្តុតាងរូបថតលោក វ៉ិត វឌ្ឍនា ជានាយករដ្ឋបាលខេត្តកំពត បានទទួលលុយរាប់ម៉ឺនដុល្លារពីលោក សេង សម្បត្តិ ប្រធានក្រុមហ៊ុន សេង សម្បត្តិ យ៉ាងណាក៏ដោយក៏លោក វ៉ិត វឌ្ឍនា បានអះអាងថា ជារូបកាត់ត មិនមែនជារូបពិតនោះទេ។ ប៉ុន្តែនៅពេលដែលមានការចោទសួរថា បើរូបថតទទួលលុយពីលោក សេង សម្បត្តិ កាត់ត ចុះវីដេអូនៅពេលទទួលលុយនោះ កាត់តដែរឬទេ? ស្រាប់តែឮបែបនេះ លោក វ៉ិត វឌ្ឍនា ហាក់ដូចជាភ័យ និងបានហៅអ្នកសារព័ត៌មានឱ្យទៅជួបខ្លួននៅខេត្តកំពតដើម្បីសម្របសម្រួល។ ចំណែកលោកលោកសេង សម្បត្តិ ប្រធានក្រុមហ៊ុន សេង សម្បត្តិ បានទទួលស្គាល់ថាខ្លួនពិតជាបានប្រគល់លុយជូនលោក វ៉ិត វឌ្ឍនា។ ដោយលោកបានបញ្ជាក់ថា “… យើងមកអភិវឌ្ឍន៍អ៊ីចឹងទៅ យើងចេះតែជួយទៅ គ្នាសុំដំបូងអីតិចតួច សុំអង្ករ កូវីដអីយើងជួយរហូត”៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner