រថយន្ត Toyota Prius ពន្លះរបងផ្ទះប្រជាពលរដ្ឋហេីយបោកផ្ទប់បង្គោលភ្លើងស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ បន្ទាប់ពីពួកគេបើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ ហេីយបោកផ្ទប់បង្គោលភ្លើង កាលវេលាម៉ោង ២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក Toyota Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-6955 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ(ស្លាប់នៅក្នុងរថយន្ត ) និងរួមដំណើរម្នាក់ទៀត រងរបួសធ្ងន់ ។ បេីតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកេីតហេតុគេបានឃើញ រថយន្តបង្កធ្វេីដំណេីរក្នុងល្បឿនលឿនដូចហោះ និងលឺស្នូធុងបាស់ខ្លាំងៗ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ ហេីយបោកផ្ទប់បង្គោលភ្លើង បណ្ដាលរថយន្តស្ទើរដាច់ជាពីរដោយតៃកុងស្លាប់ក្នុងរថយន្ត និងអ្នករួមដំណេីរម្នាក់ទៀតរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយសហការជាមួយជំនាញចរាចរណ៍ធ្វេីការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីដោះស្រាយនាពេលក្រោយ ។ ចំណែកសពដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លាបណ្ដោះអាសន្នដេីម្បីសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner