សហរដ្ឋអាមេរិកព្រមានថា នឹងពិចារណាលើជម្រើសទាំងអស់ ប្រសិនបើអ៊ីរ៉ង់បរាជ័យក្នុងការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន ព្រមានថា ប្រទេសរបស់លោកនឹងងាកទៅរក “ជម្រើសផ្សេងទៀត” ប្រសិនបើផ្នែកការទូតបរាជ័យ ក្នុងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយលោកបានអះអាងថា “ពេលវេលាកំពុងតែខាចទៅៗ”។

លោក ប្លីងគែន នៅថ្ងៃពុធសប្តាហ៍នេះ បានជួបជាមួយសមភាគីអ៊ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួមនៅក្រសួងការបរទេស ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រីភាគី ព្រមទាំងបញ្ហាសន្តិសុខក្នុងតំបន់ រួមទាំងអ៊ីរ៉ង់ផងដែរ។ ​លោក​ ប្លីងគែន ​បាន​ប្រាប់​សន្និសីទសារព័ត៌​មាន​រួម​គ្នា​មួយ​ថា “​យើង​បន្ត​ជឿជាក់ថា ផ្នែគការទូត​គឺជា​វិធី​មាន​ប្រសិទ្ធភាព​បំផុត​” និងថា “​ប៉ុន្តែ​វា​ត្រូវការ​ពីរ​ភាគី​ដើម្បី​ចូលរួម​ក្នុង​ការទូត​ ហើយ​យើង​មិន​បាន​ឃើញ​អ៊ីរ៉ង់​មាន​ឆន្ទៈ​ក្នុងការ​ធ្វើ​ដូច្នេះ​ទេ​នៅ​ចំណុច​នេះ​”​។​ ជាមួយគ្នានេះ ​លោកក៏​បាន​ព្រមានដែរ​ថា ​យើង​បាន​ត្រៀម​ងាក​ទៅរក​ជម្រើស​ផ្សេង​ទៀត ​ប្រសិនបើ​អ៊ីរ៉ង់​មិន​ផ្លាស់​ប្តូរ​ទិស​ដៅ​​។ ដោយឡែករដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល​លោក ​យ៉ែ ឡា​ភី​ដ បាន​និយាយថា ការព្រួយបារម្ភអំពីសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺស្ថិតនៅចំកណ្តាលនៃដំណើរទស្សនកិច្ចរបស់លោក។ លោកសង្កត់ធ្ងន់ថា អ៊ីស្រាអែលសូមរក្សាសិទ្ធិធ្វើសកម្មភាពនៅពេលណាមួយតាមវិធីណាក៏ដោយ ដើម្បីបញ្ឈប់អ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់ផងដែរថា មន្ត្រីអាមេរិក និងអ៊ីរ៉ង់បានចាប់ផ្តើមកិច្ចចរចាដោយប្រយោលនៅទីក្រុងវីយែនក្នុងខែមេសាកន្លងទៅនេះ ដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ផែនការសកម្មភាពរួមដ៏ទូលំទូលាយ (JCPOA)។ ភាគីទាំងពីរនៅតែមានភាពខុសគ្នាគួរឱ្យកត់សម្គាល់ បន្ទាប់ពីការចរចា ៦ ជុំដែលត្រូវបានផ្អាកចាប់តាំងពីខែមិថុនា៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner