ស៊ី ជីនភីង និយាយរាក់ទាក់ជាមួយ មើរកែល ស្របពេលទំនាក់ទំនងចិន-អឺរ៉ុបមានសភាពរកាំរកូស

ប្រធានាធិបតី​ចិន​លោក ស៊ី ជីនភីង បាន​ជួប​ពិភាក្សា​គ្នា​ជាមួយ​អធិការបតី​អាល្លឺម៉ង់​អ្នកស្រី អង់ជេឡា មើរកែល (Angela Merkel) កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ដោយ​ពិនិត្យ​មើល​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស ក៏​ដូច​ជា​ទំនាក់ទំនង​រវាង​ចិន និង​សហភាព​អឺរ៉ុប។

ប្រភព​ព័ត៌មាន​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់​មិន​សូវ​ជា​ចុះ​ផ្សាយ​ច្រើន​ដូច​ខាង​ចិន​នោះ​ទេ ដោយ​ខាង​អាល្លឺម៉ង់​បាន​និយាយ​ថា ថ្នាក់ដឹកនាំ​ទាំង​ពីរ​ពិភាក្សា​អំពី​ ការ​រៀបចំ​កិច្ចប្រជុំ​ប្រទេស​សេដ្ឋកិច្ច​ខ្ពស់​ជាង​គេ​នៅ​ពិភពលោក ដែល​ហៅ​ថា G20 បញ្ហា​ការពារ​អាកាសធាតុ បញ្ហា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល ក៏​ដូច​ជា​បញ្ហា​សិទ្ធិមនុស្ស ហើយ​ជាពិសេស​គឺ​និយាយ​អំពី​កិច្ចព្រមព្រៀង​វិនិយោគ​រវាង​ចិន និង​អឺរ៉ុប។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន ក្នុង​ជំនួប​នេះ​ជា​ជំនួប​លា​គ្នា​រវាង​ លោក ស៊ី និង​អ្នកស្រី មើរកែល ខណៈ​ថ្នាក់ដឹកនាំ​អាល្លឺម៉ង់​រូប​នេះ​នឹង​ចុះ​ចេញ​ពី​តំណែង​នា​ពេល​ឆាប់ៗ ក្រោយ​ពី​កាន់​អំណាច​អស់​រយៈពេល ១៦ឆ្នាំ។

អំឡុង​រយៈពេល ១៦ឆ្នាំ​ក្នុង​ការ​កាន់​តំណែង​ជា​អធិការបតី​អាល្លឺម៉ង់ អ្នកស្រី​ មើរកែល បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចំនួន ១២ដង ច្រើន​ជាង​ថ្នាក់ដឹកនាំ​ប្រទេស​លោក​ខាង​លិច​ណា​ទាំង​អស់។

លោក ស៊ី បាន​និយាយ​រាក់ទាក់​ទៅ​កាន់​អ្នកស្រី មើរកែល ណាស់ បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​របស់​ចិន។ ប្រធានាធិបតី​ចិន​រូប​នេះ​បាន​និយាយ​ថា អធិការបតី​អាល្លឺម៉ង់​រូប​មាន​ការ​រួម​ចំណែក​ខ្ពស់​ចំពោះ​ការ​រក្សា​នូវ​ទំនាក់ទំនង​ដ៏​ល្អ និង​ស្ថិរភាព​រវាង​ចិន និង​អាល្លឺម៉ង់។

ទោះ​បី​ជា​អ្នកស្រី​នឹង​មិន​បន្ត​កាន់​តំណែង​ជា​ថ្នាក់ដឹកនាំ​ប្រទេស​អឺរ៉ុប​មួយ​នេះ​ក្ដី ក៏​ប្រទេស​ចិន​នៅ​តែ​បន្ត​ស្វាគមន៍​វត្តមាន​របស់​អ្នកស្រី​ផង​ដែរ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ លោក ស៊ី ជីនភីង។

«ប្រជាជន​ចិន​ផ្ដល់​តម្លៃ​ដល់​សេចក្ដី​ស្រលាញ់ និង​ភាព​ត្រឹមត្រូវ​ណាស់។ យើង​មិន​ដែល​ភ្លេច​មិត្ត​ចាស់​របស់​យើង​ទេ។ ទ្វារ​របស់​ប្រទេស​ចិន​តែងតែ​បើក​សម្រាប់​អ្នកស្រី​ជានិច្ច។ ខ្ញុំ​សង្ឃឹម​ថា អ្នកស្រី​នឹង​បន្ត​គិតគូរ​ និង​គាំទ្រ​ដល់​ការ​វិវត្ត​នៃ​ទំនាក់ទំនង​ចិន-អាល្លឺម៉ង់ និង​ទំនាក់ទំនង​ចិន-អឺរ៉ុប»។ នេះ​ជា​ការ​សម្រង់​សម្ដី​របស់​មេដឹកនាំ​កំពូល​ចិន ដោយ​ក្រសួង​ការបរទេស​ចិន។

ពាក់ព័ន្ធ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​អាល្លឺម៉ង់ លោក ស៊ី ជីនភីង បាន​លើកឡើង​ថា ចិន និង​អាល្លឺម៉ង់​បាន​បំពេញ​បន្ថែម​គ្នា​ទៅ​វិញ​ទៅ​មក​ផ្នែក​សេដ្ឋកិច្ច ហើយ​ព្រម​ទាំង​ជួយ​ចូល​រួម​ចំណែក​យ៉ាង​ច្រើន ដល់​សេដ្ឋកិច្ច​ពិភពលោក​ទៀត​ផង​។ លោក ស៊ី បាន​គូស​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ អាច​ចៀសវាង​ពី​ភាព​យក​ឈ្នះ​យក​ចាញ់ ហើយ​​សម្រេច​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ឈ្នះ-ឈ្នះ​ទាំង​សង​ខាង។

លុះ​ដល់​ទំនាក់ទំនង​របស់​ចិន ជាមួយ​អឺរ៉ុប​វិញ លោក ស៊ី បាន​លើកឡើង​ថា ភាគី​ទាំង​សងខាង​គួរ​តែ​ដោះស្រាយ​ភាព​ខុស​គ្នា ប្រកប​ដោយ​ភាព​សម​ហេតុផល ក៏​ដូច​ជា​ប្រកប​ដោយ​សន្តិភាព និង​ភាព​ស្ថាបនា​គ្នា​ទៅ​វិញ​ទៅ​មក។

លោក ស៊ី បាន​សង្កត់​ធ្ងន់​នូវ​ក្ដី​សង្ឃឹម​របស់​លោក​ថា «សហភាព​អឺរ៉ុប​នឹង​ប្រកាន់​ខ្ជាប់​នូវ​ឯករាជ្យ​ភាព និង​ការពារ​ផលប្រយោជន៍​ពិត​ប្រាកដ​របស់​ខ្លួន និង​សាមគ្គីភាព​នៅ​ក្នុង​សហគមន៍​អន្តរជាតិ»។

ត្រង់​ចំណុច​នេះ​ដែរ អ្នកស្រី មើរកែល​ បាន​ប្រាប់​លោក ស៊ី ទៅ​វិញ​ថា អ្នកស្រី​តែងតែ​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​ ធ្វើការ​ជាមួយ​ចិន​ប្រកប​ដោយ​ឯករាជ្យ​ភាព ហើយ​ដោះស្រាយ​បញ្ហា​នានា​តាម​រយៈ​កិច្ចសន្ទនា​រវាង​គ្នា​។

ចិន និង​សហភាព​អឺរ៉ុប​មាន​ភាព​រកាំរកូស​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយ​ខាង​អឺរ៉ុប​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ចិន លើ​រឿង​មិន​គោរព​សិទ្ធិមនុស្ស​របស់​ជនជាតិ អ៊ុយហ្គ័រ ដែល​នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង ក៏​ដូច​ជា​រឿង​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ​នៅ​ដែនដី​ហុងកុង​ផង​ដែរ។ ជា​លទ្ធផល​ អឺរ៉ុប​បាន​ធ្វើ​ការ​ដាក់​ទណ្ឌកម្ម​ចិន ចំណែក​ឯ​ចិន​វិញ ក៏​មិន​បន្ធូរ​ដៃ ក៏​បាន​ដាក់​ទណ្ឌកម្ម​ទៅ​កាន់​អឺរ៉ុប​វិញ។

បន្ថែម​ពី​នេះ​ទៀត ខាង​អឺរ៉ុប​ក៏​ឈាន​ទៅ​ដល់​បង្កក​កិច្ចព្រមព្រៀង​វិនិយោគ​រវាង​អឺរ៉ុប និង​ចិន​ផង​ដែរ កាល​ពី​ពាក់កណ្ដាល​ឆ្នាំ២០២១​កន្លង​ទៅ។

កិច្ចព្រមព្រៀង​នេះ​ហើយ ជា​គំនិត​ផ្ដួចផ្ដើម​របស់​អាល្លឺម៉ង់​ នៅ​ក្នុង​សហភាព​អឺរ៉ុប។

លោក Cui Hongjian នាយក​ដេប៉ាតេម៉ង់​សិក្សា​អឺរ៉ុប​ នៃ​​វិទ្យាស្ថាន​ចិន​នៃ​ការ​សិក្សា​អន្តរជាតិ​បាន​ប្រាប់​សារព័ត៌មាន Global Times ថា ប្រធានាធិបតី​ចិន​កម្រ​និយាយ​ឱ្យ​តម្លៃ​ខ្ពស់​ទៅ​ដល់​មេដឹកនាំ​លោក​ខាង​លិច​ណាស់ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ចិន​សង្ឃឹម​មេដឹកនាំ​ស្នង​តំណែង​អ្នកស្រី​មើរកែល នឹង​ដើរ​តាម​គន្លង​របស់​អ្នកស្រី​ក្នុង​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​ទ្វេភាគី​ប្រទេស​ទាំង​ពីរ​មាន​ស្ថិរភាព។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អាល្លឺម៉ង់ DW អ្នកស្រី​មើរកែល ច្រើន​តែ​ទទួល​រង​ការ​រិះគន់​ចំពោះ​គោលនយោបាយ​របស់​អ្នកស្រី​ជាមួយ​នឹង​ចិន ដែល​ជាពិសេស​រឿង​សិទ្ធិមនុស្ស​តែ​ម្ដង។

អ្នកស្រី​មើរកែល ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ជា​ អ្នក​បើក​ផ្លូវ​ក្នុង​ការ​នាំ​ចេញ​ផលិតផល​អាល្លឺម៉ង់​ ជា​ពិសេស​រថយន្ត​អាល្លឺម៉ង់​ទៅ​កាន់​ប្រទេស​ចិន ចាប់​តាំង​ពី​អ្នកស្រី​ឡើង​កាន់​នៅ​ឆ្នាំ២០០៥មក។ យ៉ាងណាមិញ ស្រប​ពេល​ដែល​សម្ព័ន្ធ​មិត្ត​របស់​អាល្លឺម៉ង់ – សហរដ្ឋអាមេរិក ប្រកួត​ប្រជែង​ជាមួយ​ចិន អាល្លឺម៉ង់​មាន​បំណង​រក្សា​តុល្យភាព​រវាង​មហាយក្ស​ទាំង​ពីរ ហើយ​ច្រើន​តែ​ជ្រើសរើស​ផលប្រយោជន៍​សេដ្ឋកិច្ច​ ជា​ជាង​ការ​ប្រឈម​ដាក់​ចិន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Frederick Kliem។

អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​សាលា​សិក្សា​អន្តរជាតិ​ S. Rajaratnam នៃ​ប្រទេស​សិង្ហបុរី​បាន​សរសេរ​នៅ​ក្នុង​ទំព័រ The Diplomat ថា ដោយសារ​តែ​ជំហរ​របស់​អ្នកស្រី​បែប​នេះ​ហើយ បាន​បង្ក​ជា​កំហឹង​ទៅ​ដល់​អ្នក​នៅ​ស្រុក​អាល្លឺម៉ង់ ក៏​ដូច​ជា​ដៃគូ និង​សម្ព័ន្ធ​មិត្ត​នានា​ជាពិសេស​អាមេរិក​តែ​ម្ដង។

អាល្លឺម៉ង់​បាន​រៀប​ចំ​ការ​បោះឆ្នោត​សកល​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​បេក្ខភាព​ណា​មួយ​ជា អធិការបតី​ ជំនួស​អ្នកស្រី​មើរកែល​នោះ​ទេ ដោយសារ​តែ​សំឡេង​ឆ្នោត​របស់​គណបក្ស​នានា​ឈ្នះ​មិន​ដាច់ ម្ល៉ោះ​ហើយ​ភាគី​ទាំង​អស់​កំពុង​តែ​ជជែក​ពិភាក្សា​បង្កើត​រដ្ឋាភិបាល​ចម្រុះ ដែល​នឹង​លេចចេញ​ជា​រូបរាង​នៅ​ប៉ុន្មាន​ខែ​ទៀត​ឯណោះ។

លោក Kliem យល់​ឃើញ​ថា អធិការបតី​ថ្មី​អាច​នឹង​កាត់​បន្ថយ​អំណាច​សមត្ថកិច្ច​លើ​គោលនយោបាយ​ការបរទេស ហើយ​កិច្ចការ​នេះ​នឹង​ប្រគល់​ជូន​ឱ្យ​ក្រសួង​ការបរទេស​វិញ​ម្ដង។

សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា ប្រអប់​ក្រសួង​ការបរទេស​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​គណបក្ស​បៃតង ដែល​មាន​គោលជំហរ​ហាក់​បី​ដូច​ជា​តឹងតែង​ជាមួយ​ចិន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner