អាមេរិកក្លាយជាមជ្ឈមណ្ឌលទាញយកប៊ីតខញធំជាងគេ ក្រោយចិនហាមឃាត់អាជីវកម្មរូបិយប័ណ្ណប្រភេទនេះ

ហុងកុង៖ ​ទិន្នន័យ​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​របស់​មជ្ឈមណ្ឌល​ខេមប្រ៊ីដ​សម្រាប់​ហិរញ្ញវត្ថុ​ជំនួស (CCAF) ​របស់​ចក្រភព​អង់គ្លេស​​បង្ហាញ​ថា​ សហរដ្ឋ​អាមេរិក​​វ៉ា​ដាច់​ប្រទេស​ចិន​​ក្លាយ​ជាម​ជ្ឈមណ្ឌល​ទាញ​យក​ប៊ីតខញ​ធំជា​ងគេ​​នៅ​លើ​ពិភព​លោក​ ក្រោយ​ចិន​បង្រ្កាប​ និង​ហាម​ឃាត់​អាជីវកម្ម​ប្រភេទ​នេះ​។​

តួលេខ​នេះ​ក៏​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ការ​បង្ក្រាប​ការ​ជួញ​ដូរ​ និង​ទាញ​យក​ ​របស់​ប្រឹក្សា​រដ្ឋ​ឬ​ខុទ្ទកាល័យ​ចិន​នៅ​​​ចុង​​ខែ​ឧសភា​ដោយ​ផ្តោត​លើ​ហានិភ័យ​ហិរញ្ញ​វត្ថុ​ និង​បំផ្លាញ​ឧស្សាហកម្ម​ ដែល​ធ្វើ​ឱ្យ​ឈ្នួញ​ និង​ក្រុម​ហ៊ុន​ទាញ​យក​បិទ​ហាង​ ឬ​ប្ដូរ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ទៅ​ក្រៅ​ប្រទេស​។​

​តាម​ទិន្នន័យ​​ ចំណែក​នៃ​ថាមពល​កុំព្យូទ័រ​របស់​ចិន​ដែល​​ភ្ជាប់​ទៅ​បណ្តាញ​ប៊ីតខញ​សកល​ដែល​គេ​ស្គាល់​ថា​ជា​ ​«​អត្រា​ហាស​» បាន​ធ្លាក់​ចុះដ​ល់​សូន្យ​ត្រឹម​ខែ​កក្កដា​ពី​ ៤៤% ​ក្នុង​ខែឧ​សភា​ និង​ពី ​៧៥% ​ក្នុង​ឆ្នាំ​ ២០១៩​។​

អ្នក​ទាញ​យក​នៅ​កន្លែង​ផ្សេង​ទៀត​ ​ទទួល​យក​ភាព​យឺត​យ៉ាវ​ដោយ​ក្រុម​ហ៊ុន​ទាញ​យក​​ប្តូរ​គោល​ដៅ​របស់​ខ្លួន​ទៅ​អាមេរិក​ខាង​ជើង​ និង​អាស៊ី​កណ្តាល ​ហើយ​អ្នក​ទាញ​យក​ចិន​ធំ​ៗ​ កំពុង​ធ្វើ​ចលនា​ផង​ដែរ ​ទោះ​បី​ជា​ដំណើរការ​នេះ​ពោរ​ពេញ​ទៅ​ដោយ​ការ​លំបាក​ផ្នែក​ភ័ស្តុភារ​ក៏​ដោយ​។​

​ជា​លទ្ធផល​ សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​មាន​ចំណែក​ធំ​បំផុត​នៃ​ការ​ទាញ​យក​ ប្រហែល​ ៣៥,៤% ​នៃអ​ត្រា​ហាស​ពិភព​លោក​គិត​ត្រឹម​ចុង​ខែ​សីហា​ បន្ទាប់​មក​គឺ​កាហ្សាក់ស្ថាន​ និង​រុស្ស៊ី​។​ នេះ​បើ​យោង​តាម​ទិន្នន័យ​ដដែល​។​

​ប៊ីតខញ​ត្រូវ​បាន​បង្កើត​ឬ​ ទាញ​យក​ដោយ​កុំព្យូទ័រ​ដែល​មាន​ថាមពល​ខ្ពស់​ដែល​ជាធ​ម្មតា​នៅ​មជ្ឈមណ្ឌល​ទិន្នន័យ​ក្នុង​ផ្នែក​ផ្សេង​ៗ​នៃ​ពិភព​លោក​ ចេញ​ពី​ការ​​​ដោះ​​ស្រាយ​​រូប​មន្ត​គណិត​វិទ្យា​ដ៏​ស្មុគ​ស្មាញ​នៅ​ក្នុង​ដំណើរការ​មួយ​ដែល​ធ្វើ​ឱ្យ​ការ​ប្រតិបត្តិការ​ទាញ​យក​វា​ត្រូវ​ប្រើ​ប្រាស់​អគ្គិសនី​​យ៉ាង​មហា​សាល​។

​តំណាង​របស់​ក្រុម​ហ៊ុន​​ Ebang International Holdings ​​ប្រាប់​ទីភ្នាក់ងារ​រ៉យទ័រ​បន្ទាប់​ពី​ការ​បង្ក្រាប​ចុង​ក្រោយ​​របស់​រដ្ឋាភិបាល​ចិន​​ថា៖ «​គោលដៅ​បច្ចុប្បន្ន​របស់​យើង​ គឺ​ការ​ពន្លឿន​ការ​សាង​សង់​មូលដ្ឋាន​ទាញ​យក​នៅ​​អាមេរិក​ខាង​ជើង​ និង​នៅ​ទ្វីប​អឺរ៉ុប​»​។​

​យ៉ាង​ណា​មិញ​ អ្នក​ប្រឡូក​ក្នុង​វិស័យ​នេះ​ពី​មុន​មក​នៅ​តែ​រង​គ្រោះ​ក្រោមឥទ្ធិពល​ការ​បង្រ្កាប​នេះ​​​។​​ លោក​​ Mao ​Shihang ​ស្ថាប​និក​ F2Pool ​ដែល​ធ្លាប់​ជា​ទី​ដ៏​ធំ​បំផុត​របស់​ពិភព​លោក​ដើម្បី​ទាញ​យក​ប៊ីតខញ​ និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ Cobo ​និង​​ជា​អ្នក​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​គ្រីបតូ​​មាន​ទីស្នាក់ការ​នៅ​​សិង្ហបុរី​រៀបរាប់​​ថា​៖​ «​ក្នុង​នាម​ជា​អតីត​យុទ្ធ​ជន​[​នៃ​អ្នក​ទាញ​យក​]​ម្នាក់​ដែល​បាន​ឃើញ​កំណើត​នៃ​ឧស្សាហកម្ម​នេះ​នៅ​ក្នុង​ប្រទេស​ចិន​ ខ្ញុំ​មាន​អារម្មណ៍​ថា​ស្ថានភាព​សព្វ​ថ្ងៃ​នេះ​គឺ​គួរ​ឱ្យ​សោក​ស្តាយ​ណាស់​»​។​

​លោក​និយាយ​បែប​នេះ​មុន​ពេល​ស្ថាប័ន​ស្រាវជ្រាវ​ Cambridge ​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​របស់​ខ្លួន​ដោយ​បន្ត​ថា​៖​ «​ប្រទេស​ចិន​កំពុង​បាត់​បង់​ចំណែក​នៃ​ថាមពល​កុំព្យូទ័រ​ ហើយ​មជ្ឈមណ្ឌល​ទំនាញ​របស់​ឧស្សាហកម្ម​កំពុង​ផ្លាស់​ប្តូរ​ទៅ​សហរដ្ឋ​អាមេរិក​»​។​

យោង​តាម​ការ​វិភាគ​របស់​ South China Morning Post ​យ៉ាង​ហោច​ណាស់​មាន​ក្រុមហ៊ុន​ទាញ​យក​លុយ​គ្រីបតូ​ចំនួន​ ២១ ​បាន​ចាក​ចេញ​ពី​ទីផ្សាររូបិយប័ណ្ណ​ឌីជីថល​របស់​ចិន​​ ដោយ​ប្ដូរ​ទីដៅ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​ដែល​​រូបិយប័ណ្ណប្រ​ភេទ​នេះ​កាន់​តែ​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​ទ្រព្យ​សម្បត្តិ​ហិរញ្ញវត្ថុ​។​

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ BBC ​កាល​ពី​ដើម​ខែ​កញ្ញា ​ក្រុមហ៊ុន​ប៊ីតខញ​ចិន​ជា​ច្រើន​បាន​សម្លឹង​មើល​រដ្ឋ​តិចសាស់​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ស្ថិរភាព​អាជីវកម្ម​របស់​ខ្លួន​ និង​ឱកាស​។​

លោក​ Alejandro De La Torres ​អនុប្រ​ធាន​ក្រុម​ហ៊ុន​ប៊ីតខញ​ Poolin ​និយាយ​នា​ពេល​នោះ​ថា​៖​ «​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​យើង​នៅ​ប្រទេស​ចិន​ នឹង​មិន​កើត​ឡើង​នៅ​អាមេរិក​ទេ​»​។​

​រដ្ឋ​តិចសាស់​មាន​តម្លៃ​ថាមពល​ថោក​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក​ ដោយ​សារ​តែ​បណ្តាញ​ថាមពល​គ្មាន​ច្បាប់​កំណត់​​។​អ្នក​ប្រើ​ប្រាស់​រីករាយ​ជាមួយ​នឹង​ជម្រើស​ជា​ច្រើន​នៃ​អ្នក​ផ្តល់​អគ្គិសនី​ ដែល​លើក​ទឹក​ចិត្ត​អ្នក​ផ្តល់​សេវា​ឱ្យ​បញ្ចុះ​តម្លៃ​ដើម្បី​បន្ត​ការ​ប្រកួត​ប្រជែង​។​ក្នុង​កំឡុង​ពេល​ដែល​មាន​តម្រូវការ​អគ្គិសនី​ច្រើន​ កន្លែង​ទាញ​យក​ប៊ីតខញ​​ថែម​ទាំង​អាច​លក់​ថាមពល​ដែល​មិន​ប្រើ​ត្រឡប់​ទៅ​បណ្តាញ​អគ្គិសនី​វិញ​។​

លោក​ De La Torre ​និយាយ​ថា​ បើ​ទោះ​បី​ជា​ប្រទេស​អែលសាល់វ៉ាឌ័រ​គឺ​ជា​ប្រទេស​ដំបូង​គេ​ដែល​ប្រើ​ប៊ីតខញ​ជា​រូបិយ​ប័ណ្ណ​ជាតិ​ក៏​ដោយ​ ក៏​អ្នក​ទាញ​យក​ចូល​ចិត្ត​អាមេរិក​ជាង​ដោយ​សារ​តែ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​អគ្គិសនី​មាន​ការ​អភិវឌ្ឍន៍​ល្អ​។​

ប៉ុន្តែ​អ្នក​វិភាគ​ខ្លះ​ព្រមាន​ថា​ ការ​ប្ដូរ​ទី​តាំង​ទាញ​យក​ទៅ​សហរដ្ឋ​អាមេរិក​អាច​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដោយ​សារ​ទី​ក្រុង​ និង​ទីប្រជុំ​ជន​ប្រឈម​មុខ​នឹង​តម្រូវ​ការ​ថាមពល​ដ៏​​ធំ​។​ កាល​ពី​ខែ​កុម្ភៈ​ ការ​ដាច់​ចរន្ត​អគ្គិសនី​បន្ទាប់​ពី​ព្យុះ​ព្រឹល​វាយប្រហារ​​ បាន​​បណ្តាល​ឱ្យ​ផ្ទះ​ និង​អាជីវកម្ម​រាប់​លាន​នៅ​រដ្ឋតិចសាស់​គ្មាន​ថាមពល​អស់​​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ​និង​មនុស្ស​ប្រមាណ​ជាង​ ២០០​​ នាក់​ស្លាប់​ដោយ​សារ​តែ​ការ​​ប្រែប្រួល​​អា​កាសធាតុ​ហួស​ហេតុ​កន្លង​មក​​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner