រយៈពេល៩ខែ ឆ្នាំ២០២១ ចិនឈរលំដាប់ទី១ ដែលវិនិយោគនៅកម្ពុជាច្រើនជាងគេ ដោយមានទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារ (Video Inside)

ភ្នំពេញ៖ របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអោយដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ចិនឈរនៅលំដាប់លេខ១ ដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ដោយមានទំហំទឹកប្រាក់វិនិយោគជាង២ពាន់លានដុល្លារ ខណៈដែលកាលពីឆ្នាំ២០២០ ចិនឈរនៅលំដាប់ទី៣ និងឆ្នាំ២០១៩ ឈរនៅលំដាប់ទី២។

បើតាមរបាយការណ៍ខាងលើនេះ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ ក្នុងចំណោមប្រទេសចំនួន១០ ដែលមកវិនិយោគនៅកម្ពុជា ប្រទេសចិនបានឈរនៅលំដាប់ទី១ ដែលមកវិនិយោគនៅកម្ពុជា ក្នុងទឹកប្រាក់ប្រមាណ២.២ពាន់លានដុល្លារ មានចំណែក ៦៥.៨៩% នៃការវិនិយោគសរុប។ ចំណែកកម្ពុជាស្ថិតក្នុងលេខ២ ដែលមានចំណែកវិនិយោគ ២០.៧៤% មានទឹកប្រាក់ជិត៧០០លានដុល្លារ។ បន្ទាប់មកគឺប្រទេស ខេមិន អាយលែន, ប្រីដធីស វឺរជីន អាយលែន, ជប៉ុន, ថៃ, សីស្ហែល (Seychelles), សិង្ហបុរី និងប្រទេសកូរ៉េខាងត្បូង។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានព្យាករណ៍ថា នាពេលខាងមុខនេះ សន្ទុះនៃការវិនិយោគរបស់ចិននៅកម្ពុជានៅតែខ្ពស់ ដោយសារចិនជាដៃគូគ្រប់ជ្រុងជ្រោយរបស់កម្ពុជា ដែលធ្វើឱ្យចិននៅតែឈានមុនលើការវិនិយោគនៅកម្ពុជា។ ហើយប្រទេសមួយទៀត ដែលលោករំពឹងថា នឹងមកវិនិយោគនៅកម្ពុជាបន្ទាប់ពីចិន គឺជប៉ុន ដែលកំពុងតែដើរតួនាទីយ៉ាងសកម្ម ក្នុងការមកបោះទុនវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យឧស្សាហកម្មធុនមធ្យម។ លោកកត់សម្គាល់ឃើញថា កន្លងមក វិស័យដែលចិនមកវិស័យច្រើនជាងគេ គឺវិស័យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប ការធ្វើដំណើរសម្រាប់នាំចេញទៅអឺរ៉ុប និងសហរដ្ឋអាមេរិក, វិស័យសំណង់ វិស័យទេសចរណ៍ វិស័យកសិកម្មជាដើម។ ប៉ុន្តែនិន្នាការថ្មីៗនេះ ចិនហាក់ចង់ងាកចេញពីវិស័យកាត់ដេរ ដោយបង្វែរលើការវិនិយោគលើឧស្សាហកម្មធុនមធ្យមដូចជាការផលិតគ្រឿងចក្រ សំបកកង់ឡាន ក្រដាស និងកសិកម្មច្រើនជាង។

គួរបញ្ជាក់ផងដែរថា រយៈពេល៩ខែ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន១៣៤គម្រោង សរុបទុនវិនិយោគជាង៣ពាន់៣៥៨លានដុល្លារ ថយចុះ៥៤គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ មាន១៨៨គម្រោងទុនវិនិយោគ៦ពាន់៤៤២លានដុល្លារ។ សម្រាប់វិស័យដែលវិនិយោគនៅរយៈពេល៩ខែ ឆ្នាំនេះ រួមមាន៖ កសិកម្ម និងកសិឧស្សាហកម្ម មានចំនួន១២គម្រោង, ឧស្សាហកម្ម មានចំនួន១១១គម្រោង, ទេសចរណ៍មានចំនួន២គម្រោង និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានចំនួន៩គម្រោង៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner