អត្តពលកីឡាវាយកូនបាល់កម្ពុជាចូលរួមព្រឹត្តិការណ៍ដាវីសខាប់បានទៅដល់ប្រទេសបារ៉េនដោយសុវត្ថិភាព និងហ្វឹកហាត់ពង្រឹងសាច់ដុំ

បន្ទាប់ពីចាកចេញពីព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃ ទី១២ ខែ តុលាកន្លងទៅនេះ នៅទី១៣ ខែ តុលា ឆ្នាំ២០២១ម្សិលមិញ ក្រុមអត្តពលិកកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅដល់ប្រទេសបារ៉េនដោយសុវត្ថិភាព ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាវាយកូនបាល់កម្រិតពិភពលោកដាវីសខាប់គ្រុបទី៤ នៅក្នុងទីក្រុងអ៊ីសា ប្រទេសបារ៉េន។


លោក ប្រាយអន អានីរ៉ូស គ្រូបង្វឹកជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ឲ្យដឹងថា អត្តពលិកកីឡាវាយកូនបាល់កម្ពុជាបានចាកចេញពីព្រះរាជាណាចក្រកម្ពុជានៅថ្ងៃ ទី១២ ខែ តុលា មកដល់ប្រទេសបារ៉េន នៅម៉ោង១យប់ថ្ងៃ ទី១៣ ខែ តុលា ឆ្នាំ២០២១ ហើយ ព្រឹកថ្ងៃ ទី ១៤នេះ អត្តពលិកជម្រើសជាតិកម្ពុជាបានហ្វឹកហាត់កម្លាំង ដើម្បីពង្រឹងកាយសម្បទា ។
គ្រូបង្វឹកជម្រើសជាតិ ខាងលើ បញ្ជាក់ទៀតថា ចាប់ពីថ្ងៃ ទី១៥ ដល់ថ្ងៃទី១៧ ខែ តុលាក្រុមជម្រើសជាតិកម្ពុជាបន្តហ្វឹកហាត់កម្លាំង ចូលទីលានហ្វឹកហាត់ពង្រឹងសមត្ថភាព ហើយ ចូលរួមក្នុងពិធីចាប់ឆ្នោតចែងចែកពូលការប្រកួត។


លោក បញ្ជាក់ទៀតថា ការប្រជែងក្នុងព្រឹត្តិការណ៍ដាវីខាប់លើកនេះ សម្រាប់ក្រុមកម្ពុជា គឺបានដាក់សមាសភាពកីឡាករចំនួន៤ ក្នុងនោះ កីឡាជើងចាស់២រូប មានប៊ុន កេន្នី ឡុង សំនៀង រីឯកកីឡាករយុវជនដែលជាចំណូលថ្មី២រូប គឺ កីឡាករឃ្លាំង ពន្លក និង ទេព ទីម៉ូធី។ ទោះបីជាពួកគេទាំងមានបទពិសោធន៍ប្រកួតខ្ចីនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែពួកគេបានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អ។ លោក សង្ឈឹមជឿជាក់ថា ការចូលរួមក្នុងឆ្នាំ២០២១នេះ ក្រុមកម្ពុជាអាចមានលទ្ធភាពឈ្នះឡើងទៅកាន់គ្រុបទី៣ នាឆ្នាំ២០២២បាន។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិភពលោកខាវីសខាប់គ្រុបទី៤នេះ ដំណើរការប្រកួតចាប់ពីថ្ងៃ ទី១៨ដល់ថ្ងៃ ទី២៣ ខែ តុលា ឆ្នាំ២០២១ នៅទីក្រុងអ៊ីសា ប្រទេសបារ៉េន ដោយមានប្រទេសចូលរួមចំនួន១៣ប្រទេស ម្ចាស់ផ្ទះបារ៉េន ហ្គាំ អ៊ឺរ៉ង់ អ៊ឺរ៉ាក់ កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី អូម៉ង អារ៉ាប់ប៊ីសាអូឌីត តួកមេនីស្ថាន យ៉េមេន និងអារ៉ាប់រួម ធ្វើការប្រកួតវិលជុំជម្រុះក្នុងពូល ដោយចែកចេញជា២ពូល ជ្រើសរើសយកក្រុមខ្លាំងចេញពីពូលទាំងពីរតែ៣ប៉ុណ្ណោះឡើងទៅកាន់គ្រុមទី៣ ដែលធ្វើការប្រកួត នាឆ្នាំ២០២២ឆ្នាំក្រោយ៕ អត្ថបទ៖ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner