គណៈកម្មការរៀបចំការប្រកួតទូកក្ដោងជើងឯកអាស៊ីអាគ្នេយ៍ ជម្រុញផែនការទទួលបដិសណ្ឋាកិច្ចភ្ញៀវមកចូលរួម ដើម្បីសុវត្ថិភាព និងជោគជ័យការទទួលធ្វើជាម្ចាស់ផ្ទះនៅ ខេត្តព្រះស៊ីហនុ

ការរៀបចំការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ នៅក្រុងព្រះសីហនុ ត្រូវបានសម្រេចជាផ្លូវការហើយ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ2023និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ បានមានប្រសាសន៍ឲ្យដឹងថា ឯកឧត្តម បណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា “ ការរៀបចំការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ នៅក្រុងព្រះសីហនុ គឺជាការបំផុសឆ្ពោះទៅ Sea Games 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយក៏ជាការប្រកួតតេស្តសាកល្បងមើលការរៀបចំប្រភេទកីឡាមួយ ដើម្បីជាបទពិសោធឆ្ពោះទៅការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ផងដែរ ” ។

វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា គោលដៅចម្បង នៃការទទួលធ្វើម្ចាស់ផ្ទះកីឡាទូកក្តោងថ្នាក់តំបន់ចុងឆ្នាំនេះ គឺដើម្បីសម្រួចគុណផល និងបច្ចេកទេសកីឡាឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ហើយក៏ជាកិត្តិយស និងកិត្យានុភាពជាតិ ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់នេះផងដែរ។


ឯកឧត្ត បញ្ជាក់ទៀតថា លើគោលការណ៍នេះ ត្រូវបានគណៈកម្មការរៀបចំការប្រកួតរៀបចំឲ្យកាន់តែច្បាស់លាស់ក្នុងការតួនាទី ភារៈកិច្ចនៃគណៈកម្មការជំនាញនីមួយៗ»។ សម្រាប់សមាសភាពថ្នាក់ដឹកនាំគណៈកម្មការរៀបចំព្រឹត្តិការណ៍ទូកក្ដោងអាស៊ីអាគ្នេយ៍ខាងលើ គឺមានឯកឧត្តម បណ្ឌិត ថោង ខុន ជាប្រធាន,ឯកឧត្តម វ៉ាត់ ចំរើន ជាអនុប្រធានអចិន្ដ្រៃយ៍ រួមជាមួយអនុប្រធាន ៣រូបទៀត គឺមានលោក ឈន សុភាព, លោក ថោង រដ្ឋសក្ដិ និងលោក ម៉ាង ស៊ីណេត។ រីឯសមាជិកគណៈកម្មការមាន ៦រូប រួមមានលោក អ៊ុក សិទ្ធិជាតិ, លោក គៀត ច័ន្ទថារិទ្ធ, លោក ហ៊ឹម យ៉ាន, លោក អ៊ុក សីហា និងលោក សោម សុទ្ធរិទ្ធិពង្ស។ ក្នុងនោះក៏មានការបែងចែកគណៈកម្មការជំនាញចំនួន ៦ផ្សេងទៀតផងដែរដែរ។


ឯកឧត្តម ពន្យល់ថា ការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ គ្រោងរៀបចំពីថ្ងៃទី១២-១៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ក្រោមកិច្ចសហការរៀបចំរវាងសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី គ្រោងមានការចូលរួមពីកីឡាករ ១៥០នាក់ មកពី ៧ប្រទេស។ឯកឧត្តម បញ្ជាក់ទៀតថា សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះនេះ យើងនឹងទទួលធ្វើបដិណ្ឋាកិច្ចភ្ញៀវមកចូលរួមទាំង៧ប្រទេសឲ្យទទួលបានជោគជ័យ និងមានសុវត្ថិភាព ពីជំងឺកូវីដ១៩ តាមស្តង់ដា (S O P)។

សូមបញ្ជាក់ថា ទីតាំងដែលប្រកួតទូកក្តោងជើងឯកអាស៊ីអាគ្នេយ៍លើកទី១នៅទឹកដីកម្ពុជា ដែលធ្វើនៅខេត្ត ព្រះសីហនុ គឺ ជ្រើសរើស ឆ្នេរអូឈើទាលជាកន្លែងរៀបចំការប្រកួត ហើយ ភ្ញៀវដែលមកចូលរួមទាំងអស់ស្នាក់នៅក្នុងសណ្ឋាគារក្នុងតំបន់អូឈើទាលដែរ៕ អត្ថបទ៖ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner