នាយឧត្តមសេនីយ៍ សៅ សុខា៖កីឡាករជម្រើសជាតិកម្ពុជា និងមន្ត្រី ដែលមានវិជ្ជមានកូវីដ-១៩ មានសុខភាពល្អ ដោយសារចាក់វ៉ាក់សាំងទាំងបីដូស

ភ្នំពេញៈកីឡាករជម្រើសជាតិកម្ពុជា និងមន្ត្រី សរុបទាំងអស់ចំនួន៧រូប (កីឡាករ៦រូប និងមន្ត្រី១រូប) មានការឆ្លងជំងឺកូវីដ-១៩។ មកដល់ពេលនេះសុខភាពកីឡាករ និងមន្ត្រី គឺធម្មតាមិនមានបញ្ហាអ្វីទេ ដោយសារតែបានចាក់វ៉ាក់សាំងបីដូសទាំងអស់គ្នា។ នេះជាការបញ្ជាក់មួយថា វ៉ាក់សាំងវាជួយយើងដើម្បីកុំឱ្យឈឺធ្ងន់។ នេះបើតាមការបញ្ជាក់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រលប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍បញ្ជាក់ថា កីឡាករជម្រើសជាតិកម្ពុជា និងមន្ត្រីទាំង៧រូប គឺសហព័ន្ធបាល់ទាត់ទ្វីបអាស៊ីអ្នកទទួលខុសត្រូវ ហើយប្រទេសបារ៉ែន ដែលជាម្ចាស់ផ្ទះ ក៏រដ្ឋាភិបាលរបស់គេ បានចាត់រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់គេបានយកចិត្តទុកដាក់ចំពោះការថែទាំអ្នកដែលវិជ្ជមានកូវីដ-១៩ និងព្យាបាលឱ្យកីឡាករ និងមន្ត្រីរបស់យើងទាំង៧រូបជាបានអាចត្រឡប់មកប្រទេសយើងវិញ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានមានប្រសាសន៍បន្តថា ការប្រកួតសម្រាប់វគ្គជម្រុះពានរង្វាន់ AFC Asian Cup សម្រាប់នៅប្រទេសចិនជាអ្នករៀបចំនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ គឺជុំជម្រុះជាមួយកោះហ្គាំ គឺចប់ហើយ។ ដោយឡែកកីឡាករអាយុក្រោម២៣ឆ្នាំ មានចំនួន៣៦នាក់ បន្តធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមការប្រកួតបន្តទៅទៀត គឺកម្មវិធីនេះ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ីជាអ្នករៀបចំដែរ។ ដោយការចូលររួមប្រកួតនោះ គឺរហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញនៅពេលយប់។

សូមជម្រាបថា កីឡាករចំនួន ៦រូប និងមន្ត្រី១រូប ត្រូវតេស្តឃើញវិជ្ជមានកូវីដ-១៩ មុនការប្រកួតជើងទី២ ជាមួយកោះហ្គាំដែលឈ្នះ ២ទល់នឹង១។ កីឡាករជម្រើសជាតិកម្ពុជាទាំង ៦រូប មានដូចជាៈ ១. កីឡាករ កួច សុកុម្ភៈ, ២. ចាន់ វឌ្ឍនាកា , ៣. កែវ សុខសិលា, ៤. សឿយ វិសាល, ៥. សារ៉េត គ្រីយ៉ា និង៦.អៀន ពិសី៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner