អង្គការសហប្រជាជាតិបញ្ជាក់ថា ឆ្នាំ២០២០ នេះនឹងក្លាយជាទសវត្សរ៍ដែលមានអាកាសធាតុក្តៅបំផុត
ស្វីស៖ គ្រោះធម្មជាតិធ្ងន់ធ្ងរជាច្រើនបង្កឡើងដោយសារការកើនឡើងខ្ពស់នៃសីតុណ្ហភាព នឹងកើតមានជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២០នេះ ក៏ដូចជាបណ្តាឆ្នាំតទៅមុខទៀត នេះបើតាមការព្រមានរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ។
ប្រធានអង្គការឧតុនិយមពិភពលោក WMO របស់អង្គការសហប្រជាជាតិលោក ផេតធើរី ថាអាឡាស បាននិយាយថា ឆ្នាំ២០២០នេះ បានចាប់ផ្តើមឡើងពីចំណុចដែលឆ្នាំ២០១៩បានបន្សល់ទុក ពោលគឺលោកចង់សំដៅទៅលើមហន្តរាយភ្លើងឆេះព្រៃនៅអូស្រ្តាលី ដែលបន្តវាយប្រហារប្រទេសនេះជាច្រើនខែមកហើយ ។ ជាមួយគ្នានេះ លោក ថាអាឡាស បានសង្កត់ធ្ងន់ថា គ្រោះធម្មជាតិធ្ងន់ធ្ងរបង្កឡើងដោយសីតុណ្ហភាពកើនឡើង នឹងកើតឡើងជាបន្តបន្ទាប់ទៀតនៅក្នុងឆ្នាំ២០២០ និងនៅក្នុងទសវត្សរ៍ខាងមុខៗទៀត ដោយសារតែកំណើននៃកម្រិតឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស ។
បើតាមប្រធានអង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិរូបនេះ សីតុណ្ហភាពជាមធ្យមនៅទូទាំងពិភពលោកកំឡុង០៥ឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៥-២០១៩ និង១០ឆ្នាំចាប់ពីឆ្នាំ២០១០-២០១៩ គឺខ្ពស់បំផុតមិនធ្លាប់មាន ហើយចាប់តែពីទសវត្សរ៍ឆ្នាំ១៩៨០ មកទសវត្សរ៍បន្ទាប់ៗ ទៀតសុទ្ធតែមានសីតុណ្ហភាពខ្ពស់ជាងទសវត្សរ៍មុនៗ ហើយវាទំនងជានឹងបន្តបែបនេះទៀត ៕ធ.ដ