ភរិយារបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន បានកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋកម្ពុជា មានទឹកមុខស្រស់ ស្រាយ និងរស់រវើក ក្រោមម្លលប់សុខសន្តិភាព, នេះជាជោគជ័យ ដ៏ពិតប្រាកដរបស់កម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ OBUCHI Chizuko ដែលភរិយា របស់លោក Keizō Obuchi អតីតនាយករដ្ឋមន្ត្រីជប៉ុន។

ក្នុងជំនួបនោះ លោកជំទាវ OBUCHI Chizuko បានគោរពជម្រាបជូនសម្ដេចតេជោថា លោកជំទាវ ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅក្នុងខួប២០ឆ្នាំបន្ទាប់ពីលោកជំទាវ និងស្វាមី មកកាន់កម្ពុជាកាលពី២០ឆ្នាំមុន ។ លោកជំទាវ បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យលោកជំទាវ និងគណៈប្រតិភូបានចូលជួបសំដែងការគួរសមនាពេលនេះ និងក៏សូមថ្លែងអំណរគុណសម្ដេចតេជោផងដែរ ដែលតំណាងឱ្យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសជូនលោកជំទាវ ។

លោកជំទាវ OBUCHI Chizuko បានមានប្រសាសន៍ថា លោកជំទាវមានការចងចាំយ៉ាងរស់រវើកក្នុងដំណើរទស្សនកិច្ចរបស់ លោកជំទាវទៅកាន់មជ្ឍមណ្ឌលស៊ីម៉ាក់កាលពី២០ឆ្នាំមុន ជាមួយនឹងស្វាមី ហើយក្នុងដំណើរទស្សនកិច្ចលើកនេះ ក៏បានទៅធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស៊ីម៉ាក់ផងដែរ។ លោកជំទាវបានកត់សម្គាល់ឃើញថា ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ លោកជំទាវ បានមើលឃើញថា ព្រះរាជាណាចក្រកម្ពុជា បានទទួលនូវសុខសន្តិភាពយ៉ាងពិតប្រាកដ។

លើសពីនេះទៅទៀតប្រជាពលរដ្ឋកម្ពុជាមានទឹកមុខស្រស់ស្រាយ និងរស់រវើក។ ជាមួយគ្នានេះផងដែរ លោកជំទាវបានមានប្រសាសន៍បន្តថា នេះជាជោគជ័យដ៏ពិតប្រាកដរបស់កម្ពុជា ។ បន្ទាប់មក លោកជំទាវក៏បានជូនពរឲ្យចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុនកាន់តែស្អិតរមួតរឹងមាំបន្ថែមទៀត ហើយលើសពីនេះទៅទៀតលោកជំទាវក៏បានគោរពជូនពរជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី សូមឱ្យមាតាក្មេករបស់សម្ដេច ដែលត្រូវជាមាតាបង្កើតរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ឱ្យជាសះស្បើយពីជម្ងឺនាពេលខាងមុខនេះ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវ និងគណៈប្រតិភូដែលបានជូនពរដល់ម្ដាយក្មេករបស់សម្ដេចឱ្យជាសះស្បើយពីជំងឺ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីអតីតកាល ដែលពេលនោះឯកឧត្តម Obuchi មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងទស្សនកិច្ចនោះផងដែរ មានតែឯកឧត្តម Obuchi និងលោកជំទាវទេ ដែលជាជនជាតិបរទេសធ្វើទស្សនកិច្ចទៅមើលសកម្មភាពដោះមីននៅមជ្ឈមណ្ឌលស៊ីម៉ាក់ ហើយមានតែឯកឧត្តម Obuchi ទេដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងបញ្ហាដោះមីននៅកម្ពុជានេ។

លើសពីនេះទៅទៀតសម្ដេចតេជោ ក៏បានរំលឹកពីអតីតកាលផងដែរនោះគឺឯកឧត្តម Keizō Obuchi និងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុននៅក្នុងការជួយដល់ប្រទេសកម្ពុជាឲ្យមានការបោះឆ្នោតក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីកម្ពុជាមានជម្លោះដោយប្រដាប់អាវុធនៅឆ្នាំ១៩៩៧ លើសពីនេះទៅទៀតសម្ដេចតេជោបានបញ្ជាក់ថាឯកឧត្តម Obuchi ជានាយករដ្ឋមន្ត្រីទី២ ក្នុងប្រវត្តិសាស្ត្រដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយឯកឧត្តមបានមកកាន់ប្រទេសកម្ពុជាកាលពី២០ឆ្នាំមុននោះគឺជាប្រវត្តិសាស្ត្រ ហើយឯកឧត្តមគឺជាមនុស្សទីពីរហើយនៅក្នុងដំណាក់កាលរបស់ឯកឧត្តមជានាយករដ្ឋមន្ត្រីជប៉ុនដែលបានចូលរួមក្នុងប្រទេសកម្ពុជាជាច្រើន ជាពិសេសក្នុងការជំរុញឲ្យមានការផ្តល់នូវថវិកាទ្រទ្រង់ដល់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលគាត់បានប្រកាសក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនោះ។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និង សូមជូនពរដល់លោកជំទាវ OBUCHI Chizuko ទទួលបាននូវភាពជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner