រាជរដ្ឋាភិបាលចេញសារាចរទប់ស្កាត់ការវាយអគារបេតិកភណ្ឌ (Video Inside)
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ឈប់ជាបន្ទាន់ចំពោះការវាយកម្ទេច និងការបំផ្លាញអគារបេតិកភណ្ឌ ក្នុងនិងក្រៅតំបន់ការពារនៅទូទាំងប្រទេសនិងរាជធានី។ ការសម្រេចនេះបានធ្វើឡើងតាមរយ:សារាចរណែនាំ មួយក្នុងសប្តាហ៍នេះ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។
សារាចរស្តីពីការទប់ស្កាត់ការវាយកម្ទេចនិងបំផ្លាញ សំណង់អគារបេតិកភណ្ឌ បានសរសេរថាដោយសារកត្តាទំនើបកម្មបច្ចុប្បន្នទើប «…បណ្តាល ឱ្យមានការបាត់ បង់, ការវាយបំផ្លិចបំផ្លាញ, ការធ្វើឱ្យខូចខាតតាមគ្រប់រូបភាព ជាបន្តបន្ទាប់ចំពោះសំណង់អគារបេតិកភណ្ឌ ដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌទីក្រុង, តាមបណ្តារាជធានី ខេត្ត ដែលជាសម្បត្តិបេតិកភណ្ឌជាតិដ៏មាន តម្លៃ …»។
សារាចរដដែលជាមួយការដាក់ចេញការណែនាំបួនចំណុចបានទាមទារឱ្យមានការថ្លឹងថ្លែងរវាងការអភិរក្ស និងការអភិវឌ្ឍ ដែលត្រូវតែមានតុល្យភាពរវាងគ្នា។ សេចក្តីណែនាំទាំង៤ចំណុចរួមមាន ហាមឃាត់ចំពោះការកែ ប្រែ, ការប្តូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង, ទប់ស្កាត់ ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់វប្បធម៌ប្រវត្តិសាស្ត្រ, សំណង់បុរាណ និងសំណង់អគារបេតិកភណ្ឌ។
ដើម្បីការពារឱ្យបានគង់វង្ស, ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារ និងក្រៅ តំបន់ការពារ ដោយផ្តោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្ស និង ការអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តរភាព, និងសំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងអាជ្ញាធរ ពាក់ព័ន្ធជាមុនសិន៕