កម្ពុជា ត្រៀមបង្កើតក្រុមហ៊ុន League បាល់ទាត់កម្ពុជាលើកដំបូង (Video Inside)
កម្ពុជាបានប្រកាសបង្កើតក្រុមហ៊ុន League បាល់ទាត់កម្ពុជាលើកដំបូងខណៈការព្យាករណ៍មើលឃើញនូវ ជំហានដ៏សំខាន់ក្នុងការធានាការអភិវឌ្ឍនិងភាពជោគជ័យសម្រាប់បាល់ទាត់កម្ពុជានៅថ្ងៃអនាគត។ សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា FFC បានប្រកាសនៅព្រឹកថ្ងៃទី១៤តុលាតែងតាំងអតីតអ្នកគ្រប់គ្រងផ្នែកទីផ្សារក្រុមហ៊ុន បាល់ទាត់ Barcelona គឺលោក Satoshi Saito ធ្វើជានាយកប្រតិបត្តិ។ លោក Satoshi Saito គឺជាទីប្រឹក្សារបស់ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ផងដែរ។
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា «នេះគឺជាយុគសម័យថ្មីមួយ នៃបាល់ទាត់កម្ពុជា»។ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងបន្តថា «បើយើងសម្លឹងមើលប្រទេសដែលមាន បាល់ទាត់ឈានមុខជុំវិញពិភពលោក ការមាន League អាជីពប្រកបដោយគុណភាពខ្ពស់ នឹងរួមចំណែកនូវ ភាពជោគជ័យរបស់ក្រុមជម្រើសជាតិ និងពង្រឹងប្រព័ន្ធអេកូបាល់ទាត់ បានកាន់តែប្រសើរទៀតផង»។
ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះ នាយកប្រតិបត្តិដែលបានតែងតាំង ជា មួយសម្តីបញ្ជាក់ការជឿជាក់ថា «…លោក Satoshi ដែលមានបទពិសោធន៍ច្រើនក្នុងការគ្រប់គ្រងកីឡាបាល់ទាត់ ជាបុគ្គលមួយរូបដែលស័ក្តិសមបំផុត ក្នុងការតម្រង់អនាគតរបស់ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា ដែលទើបបង្កើត ថ្មីនេះ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធរបស់យើង ដើម្បីភាពជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យ បាល់ទាត់កម្ពុជា»៕