កម្ពុជាបង្កើតមជ្ឈមណ្ឌលផលិតផែនទីជាលើកដំបូង (Video Inside)
កម្ពុជាបានធ្វើពិធីបញ្ចុះបឋមសិលាកសាងអគារមជ្ឈមណ្ឌលផលិតផែនទី ដែលកម្ពុជាទើបនឹងមានជាលើក ដំបូងក្នុងប្រវត្តិសាស្ត្រ។ សំណង់មជ្ឈមណ្ឌលដែលបានបុកគ្រឹះធ្វើក្នុងរាជធានីភ្នំពេញថ្ងៃព្រហស្បតិ៍នេះ គឺជា ជំនួយរបស់ក្រសួងការពារជាតិនៃប្រទេសចិន។
រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត បានថ្លែងក្នុងពិធីបុកគ្រឹះថា គម្រោងសាងសង់នូវអគារសម្រាប់ផលិតផែនទីនេះ ត្រូវបានក្រសួង ការពារប្រទេសចិន បានសម្រេចផ្តល់ជូនតាំងពីឆ្នាំ២០២០មកម៉្លេះ ប៉ុន្តែដោយសារបញ្ហាកូវីដ ទើបភាគីទាំងពីរ សម្រេចពន្យាពេលការសាងសង់រហូតមកដល់ពេលនេះ។
កម្ពុជានិងប្រទេសចិន គឺជាប្រទេសនៃមិត្តភាពដែក ថែប។ នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត បានថ្លែងថានេះជាមោទនភាពបំផុតរបស់នាយកដ្ឋានភូមិសាស្រ្ត នៃក្រសួងការពារ ជាតិកម្ពុជា ដែលទទួលបាននូវមជ្ឈមណ្ឌលផលិតផែនទី ដែលជាយូរយារណាស់មកហើយ កងយោធពលខេមរភូមិន្ទពុំធ្លាប់មានមជ្ឈមណ្ឌលបែបនេះឡើយ បន្ទាប់ពីបារាំងបានបង្កើតផែនទីនោះមកចាប់ តាំងពីឆ្នាំ១៨៩៩ ។ គួរបញ្ជាក់ថាកម្ពុជាបានស្ថិតក្រោមអាណានិគមនិយមបារាំងរយៈពេលជិត១០០ឆ្នាំរវាងពីឆ្នាំ ១៨៦៣ដល់ឆ្នាំ១៩៥៣៕