ប្រធានថ្មី World Bank ប្រចាំកម្ពុជាអបអរសាទរការចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជា (Video Inside)
ប្រធានថ្មីនៃធនាគារពិភពលោក World Bank ប្រចាំកម្ពុជា បានអបអរសាទរចំពោះភាពជោគជ័យនៃការចាក់ វ៉ាក់សាំងក្នុងប្រទេសកម្ពុជា ដែលរំពឹងថានឹងធ្វើឲ្យកម្ពុជាបើកសកម្មភាពសេដ្ឋកិច្ចសាឡើងវិញ តាមគន្លងថ្មី ក្នុង ពេលដ៏ឆាប់ខាងមុខ។
ការអបអរសាទររបស់លោកស្រីម៉ារីយ៉ាំ សាលីម បានធ្វើឡើងក្នុងឳកាសជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីលោក វង្សី វិស្សុត ដែលជារដ្ឋលេខាធិការប្រចាំការក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទី១៣តុលា។ យោងតាមទិន្នន័យ Our World Data របស់ពិភពលោក, កម្ពុជាក្នុង ចំណោមប្រមាណ២០០ ប្រទេសលើសកលលោក គឺជាប្រតេសដែលបានស្ថិតក្នុងលំដាប់ទី ៦នៃប្រទេសដែល មានការចាក់វ៉ាក់សាំងលើពលរដ្ឋច្រើនជាងគេបំផុត។
រដ្ឋមន្រ្តីប្រតិភូលោក វង្សី វិស្សុត បានថ្លែងថាក្នុងបរិការណ៍ វិបត្ដិសកលដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលកម្ពុជានិងធនាគារពិភពលោក គួររួមគ្នាធ្វើវិចារណកម្មឡើងវិញលើឯកសារក្រប ខណ្ឌភាពជាដៃគូ Country Partnership Framework 2019-2023 ។
ឯកសារនោះ គឺជាឯកសារ ដើម្បីការធានាភាពឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ន ដែលពិភពលោក ក៏ដូចកម្ពុជាត្រូវរស់នៅជាមួយនឹងជំងឺ កូវីដ-១៩ ស្របតាមគន្លងប្រក្រតីភាពថ្មី ជាពិសេសដើម្បីសម្របតាមផែន ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ឡើងវិញ សម្រាប់ឆ្នាំ២០២១-២០២៣ របស់ រាជរដ្ឋា ភិបាលកម្ពុជា ដែល គ្រោងនឹងដាក់ចេញ ក្នុងពេលឆាប់ៗ ខាងមុខនេះ។
លោករដ្ឋមន្រ្តីប្រតិភូនៅបានស្នើឱ្យមានការរៀបចំសិក្ខាសាលារួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភព លោកថែមទៀត ដើម្បីពិនិត្យនិងវាយតម្លៃរួមគ្នាលើតម្រូវការរបស់កម្ពុជា និងការធ្វើបច្ចុប្បន្នកម្មឯកសារ Country Partnership Framework នោះ។
លោកស្រីប្រធានថ្មី World Bank បានថ្លែងគាំទ្រចំពោះសំណើរបស់មន្ត្រីកម្ពុជា ចំពោះការធ្វើ បច្ចុប្បន្នភាពរួមគ្នា ជាមួយនឹងមន្ត្រីកម្ពុជា លើឯកសារ Country Partnership Frameworkនោះ ក្នុងគោលបំណងឆ្លើយ តបទៅនឹង តម្រូវការជាក់ស្តែងរបស់កម្ពុជា៕