ឯកឧត្តម ឡុង ណារ៉ូ អំពាវនាវទៅកាន់កងទ័ព ឲ្យបន្តអនុវត្ត ឲ្យបានម៉ឺងម៉ាត់ នូវវិធានការ «៣កុំ និង៣ការពារ» ដើម្បីទប់ស្កាត់ការចម្លងឆ្លងរាលដាល នៃមេរោគកូវីត-១៩.!
ព្រះវិហារ ៖ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឯកឧត្តម ឡុង ណារ៉ូ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានធ្វើការអំពាវនាវទៅកាន់វីរយុទ្ធជន យុទ្ធនារី ព្រមទាំងក្រុមគ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការ «៣កុំ និង៣ការពារ» តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ជាមួយនឹងការអនុវត្តវិធានការ ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ បងប្អូនញាតិមិត្ត និងបានរួមចំណែកជួយការពារសុវត្តិភាពសាធារណៈ លើសពីនេះជួយសម្រាលការលំបាករបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋយើងផងដែរ ។
ឯកឧត្តម ឡុង ណារ៉ូ បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ក្រោមកិច្ចទទួលបដិសណ្ឋារកិច្ចពីសំណាក់លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ។ ឯកឧត្តម ឡុង ណារ៉ូ បានលើកឡើងថា បើទោះបីជាប្រទេសជាតិ កំពុងរងនូវផលប៉ះពាល់ខ្លាំងពីជំងឺរាត្បាតកូវីដ-១៩ កម្ពុជាក៏នៅតែរក្សាបាន នូវស្ថិរភាពសេដ្ឋកិច្ច ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និរន្តរភាព នៃស្ថាប័នរដ្ឋ និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមល្អប្រសើរ នៅទូទាំងប្រទេស ។
ឯកឧត្តម ឡុង ណារ៉ូ បានបញ្ជាក់ថា៖ ទោះបីស្ថិតក្នុងស្ថានភាព ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដ៏លំបាកយ៉ាងណាក៏ដោយ ក៏រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឧបត្ថម្ភជូនដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ទាំងសម្ភារ បរិក្ខារ និងថវិកា គិតជាទឹកប្រាក់សរុបចំនួន ៧.២៦៩.៤១៩.១៤១ រៀល (ប្រាំពីរប៊ីលាន ពីររយហុកសិបប្រាំបួនលាន បួនរយដប់ប្រាំបួនពាន់ មួយរយសែសិបមួយរៀល) ។ ក្នុងឱកាសនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់ជូន សម្ភារសំណង់សម្រាប់ជួលជុលអគារធ្វើការ ផ្ទះបាយ រួមមាន ស៊ីម៉ង់តិ៍ ៤០តោន, ខ្សាច់ ២០០ម៉ែត្រគូប, ថ្មតូច ៤០ម៉ែត្រគូប, ដែកទំហំ១៤លី ៤តោន, អាល់កុល ៦០០លីត្រ,៕ សួន លីណា