នាយកប្រតិបត្តិ Evergrande កំពុងនៅហុងកុង ដើម្បីចរចារឿងពន្យារពេលបង់បំណុល

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន Evergrande លោក​ Xia Haijun កំពុង​ស្ថិត​នៅ​ដែនដី​ហុងកុង​ ដើម្បី​ពិភាក្សា​ជាមួយ​ធនាគារ​វិនិយោគ និង​ម្ចាស់​បំណុល​នានា ក្នុង​គោល​បំណង​រៀបចំ​ឥណទាន​ឡើង​វិញ ស្រប​ពេល​ដែល​ក្រុមហ៊ុន​យក្ស​មួយ​នេះ​កំពុង​រួម​រឹត​ដោយ​បំណុល​សរុប ៣០០ប៊ី​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា លោក Xia មាន​វត្តមាន​នៅ​ហុងកុង​ជាង ២ខែ​មក​ហើយ។ ក្រុមហ៊ុន Evergrande នេះ​មាន​ទ្រព្យសម្បត្តិ​ជា​ច្រើន​នៅ​ដែនដី​ស្វយ័ត​នេះ។

ក្រៅ​ពី​និយាយ​រឿង​បំណុល ប្រភព​ខាង​លើ​បាន​ចុះ​ផ្សាយ​ថា លោក Xia ក៏​បាន​ពិភាក្សា​រឿង​លក់​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា ផ្នែក​សេវាកម្ម និង​ផ្នែក​យានយន្ត​អគ្គិសនី​ ដើម្បី​រៃអង្គាស​ប្រាក់​ឡើង​វិញ​។

ខាង​ក្រុមហ៊ុន Evangrande កំពុង​តែ​លក់​ចំណែក​នៃ​បុត្រ​សម្ព័ន្ធ​ផ្នែក​សេវាកម្ម​អចលនទ្រព្យ​របស់​ខ្លួន​ទៅ​កាន់​ក្រុមហ៊ុន​អចលនទ្រព្យ Hopson Development ចំនួន ៥១% ដែល​មាន​តម្លៃ​ប្រមាណ ២,៥ប៊ី​លាន​ដុល្លារ។

មន្ត្រី​ធនាគារ​កណ្ដាល​ចិន​មួយ​រូប​បាន​លើកឡើង​កាល​ពី​ថ្ងៃ​សុក្រ​ថា ផល​ប៉ះពាល់​បណ្ដាល​មក​ពី​បញ្ហា​បំណុល​របស់​ក្រុមហ៊ុន Evergrande អាច​គ្រប់គ្រង​បាន ខណៈ​ហានិភ័យ​ពី​សំណាក់​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​មាន​មិន​ធំ​ប៉ុន្មាន​នោះ​ទេ៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner