ពលរដ្ឋអាហ្វហ្គានីស្ថានបង្ខំចិត្តលក់កូនរបស់ពួកគេដើម្បីសងបំណុល ខណៈភាពក្រីក្រកើនឡើង

ឪពុក​ម្ដាយ​អាហ្វហ្គានីស្ថាន​មួយ​ចំនួន​បាន​បង្ខំ​ចិត្ត​លក់​កូន​របស់​ពួកគេ​ដើម្បី​សង​បំណុល​ ខណៈ​ពេល​ដែល​ភាព​ក្រី​ក្រ​កំពុង​កើន​ឡើង​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ បន្ទាប់​ពី​ការ​ចូល​កាន់​អំណាច​របស់​ក្រុម​តាលីបង់​ នេះ​បាន​តាម​ការ​រាយការណ៍​របស់​កាសែត​ The Wall Street Journal​។

ជា​ឧទាហរណ៍​កាសែត WSJ បាន​លើកឡើង​អំពី​ករណី​ស្ត្រី​សម្អាត​ផ្ទះ​មួយ​រូប​ឈ្មោះ​សាលេហា​ ដែល​បាន​លក់​កូន​ស្រី​អាយុ​បី​ឆ្នាំ​ទៅ​ឱ្យ​ម្ចាស់​បំណុល​ ដើម្បី​ដោះស្រាយ​បំណុល​ ៥៥០​ ដុល្លារ​។ លោកស្រី​សាលេហា​មាន​ចំណូល​ ៧០​ សេន​ក្នុង​មួយ​ថ្ងៃ​ពី​ការងារ​ ហើយ​ស្វាមី​របស់​លោកស្រី​គឺ​គ្មាន​ការ​ងារ​ច្បាស់​លាស់​ទេ​។ រីឯ​ម្ចាស់​បំណុល​ឈ្មោះ​ខាលីដ អាម៉ាដ​វិញ​បាន​និយាយ​ថា​លោក​ក៏​មិន​មាន​ប្រាក់​ដែរ​ ហើយ​គ្មាន​ជម្រើស​អាច​ដោះ​ស្រាយ​បំណុល​នេះ​ក្រៅ​ពី​ការ​យក​កូនស្រី​របស់​សាលេហា​។

កាល​ពី​ខែ​មុន​ កម្មវិធី​អភិវឌ្ឍ​របស់​អង្គការ​សហប្រជាជាតិ​ (UDNP) បាន​និយាយ​ថា​ប្រទេស​អាហ្វហ្គានីស្ថាន​គឺ​កំពុង​ឈាន​ទៅ​រក​ «ភាព​ក្រីក្រ​សកល» បន្ទាប់​ពី​ការ​ចូល​កាន់​អំណាច​របស់​ក្រុម​តាលីបង់​ ដោយ​មាន​ការ​ព្យាករណ៍​ថា​ក្នុង​រយៈ​ពេល​មួយ​ខាង​មុខ​នេះ​អត្រា​ភាព​ក្រីក្រ​នឹង​កើន​ដល់ ៩៧ ទៅ​ ៩៨ ភាគរយ​។

កត្តា​ជា​ច្រើន​បាន​បង្ក​ឱ្យ​មាន​វិបត្តិ​ក្រីក្រ​នេះ​។ កត្តា​ដ៏​ធំ​មួយ​នោះ​គឺ​ការ​សម្រេច​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​បង្កក​ទ្រព្យ​បម្រុង​របស់​ធនាគារ​កណ្ដាល​អាហ្វហ្គានីស្ថាន​ប្រមាណ​ ១០ ពាន់​លាន​ដុល្លារ​ ដែល​គេ​សង្ស័យ​ថា​ត្រូវ​បាន​ផ្ញើ​នៅ​នៃ​ធនាគារ​កណ្ដាល​អាមេរិក​សាខា​ទីក្រុង​ញូវយ៉ក​។ រដ្ឋាភិបាល​អាមេរិក​បាន​ធ្វើ​បែប​នេះ​ដើម្បី​ដាក់​កំណត់​លើ​ធនធាន​របស់​តាលីបង់ ប៉ុន្តែ​អ្នក​រិះគន់​ជា​ច្រើន​បាន​និយាយ​ថា​ការ​សម្រេច​ចិត្ត​នេះ​ចុង​ក្រោយ​នឹង​ប៉ះពាល់​ប្រជាជន​អាហ្វហ្គានីស្ថាន​ដោយ​ផ្ទាល់​៕

ប្រភព៖ Yahoo News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner