អ្នកផ្សព្វផ្សាយសាសនាអាមេរិក ១៧ នាក់រួមទាំងកុមារ ត្រូវបានក្រុមទំនើងចាប់ជំរិតនៅហៃទី

មន្រ្តី​សន្តិសុខ​ហៃទី​និយាយ​ថា​ ​ក្រុម​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​គ្រឹស្ត​ជន​ជាតិ​អាមេរិកាំង​ចំនួន​ ១៧​ នាក់​ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​រួម​ទាំង​កុមារ​ផង​ ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​ចាប់​ជំរិត​នៅ​ក្នុង​រដ្ឋធានីព័រអូ​ប្រាំង​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​។​

​ហេតុការណ៍​កើត​ឡើង​នៅ​ពេល​ដែល​បេសកជន​មួយ​ក្រុម​​នេះ ជិះ​ឡាន​ក្រុង​ចេញ​​មណ្ឌល​កុមារ​កំព្រា​មួយ​ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រលាន​យន្តហោះដើ​ម្បី​ទម្លាក់​សមាជិក​ខ្លះ​របស់​ខ្លួន​។​ ទីភ្នាក់ងារ​សារព័ត៌មាន​ AFP ​ស្រង់​សម្ដី​មន្រ្តី​​សន្តិសុខ​ដែល​និយាយ​ថា​ ​ក្រុម​ទំនើង​ដែល​ចាប់​ជំរិត​ក្រុម​បេសកជន​គឺ​ជាក្រុ​ម​ប្រដាប់​អាវុធ​​មាន​ជាប់​ពាក់​ព័ន្ធ​ធ្វើ​សកម្មភាព​លួច​ និង​ចាប់​ជំរិត​នៅក្នុ​ង​តំបន់​រវាង​រដ្ឋធានី​ព័រអូប្រាំង ​និង​ព្រំដែន​ជាមួយ​សាធារណរដ្ឋ​ដូមីនីក​។​

​ទីភ្នាក់ងារសារព័ត៌មាន​ Associated Press ​ចុះ​ផ្សាយ​ថា​ ក្រសួង​ជំនួយ​គ្រីស្ទាន​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​ផ្ញើសារ​ទៅ​បេសកកម្ម​សាសនា​ផ្សេង​ៗ​ដោយ​និយាយ​ថា​ ក្រុម​ដែល​ត្រូវ​បាន​ចាប់​ជំរិត​កំពុង​សាង​សង់​មណ្ឌល​កុមារ​កំព្រា​មួយ​នៅ​ហៃទី​។​ សារ​របស់​ក្រសួង​និយាយ​ថា​៖​ «​នេះ​គឺ​ជា​ការ​ដាស់​តឿន​ឱ្យ​មាន​ការ​អធិស្ឋាន​ពិសេស។​ សូម​អធិស្ឋាន​ឲ្យ​សមាជិក​ក្រុម​ទំនើង​មក​​រក​ការ​ប្រែ​ចិត្ត​»​។

​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​អាមេរិក​​ម្នាក់​និយាយ​ថា​ ពួក​គេ​បាន​ដឹង​អំពី​របាយការណ៍​ស្តី​ពី​ការ​ចាប់​ជំរិត​នេះ​។​ អ្នក​នាំ​ពាក្យ​ដដែល​និយាយ​ដោយ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​វែង​ឆ្ងាយ​ថា​៖​ «​សុខុមាលភាព​ និង​សុវត្ថិភាព​របស់​ពលរដ្ឋអា​មេរិក​នៅ​បរទេស​ គឺ​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ខ្ពស់​បំផុត​របស់​ក្រសួង​ការបរទេស​»​។​

​​​​ហៃទី​កំពុង​ជួប​ការ​លំបាក​ជា​ថ្មី​ម្តង​ទៀត​ជាមួយ​នឹង​ការ​ចាប់​ជំរិត​ទាក់​ទង​នឹង​ក្រុម​ក្មេង​ទំនើង​ដែល​​ថយ​ចុះ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​ Jovenel Moise ​ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាល​ពី​ថ្ងៃទី​​ ៧​ ខែ​កក្កដា​ និង​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​កម្រិត​ ៧,២ ​រ៉ិចទ័រ​ដែល​​សម្លាប់​មនុស្ស​ជាង​ ២ ២០០​ នាក់​កាល​ពី​ខែ​សីហា​។​

​​យោងតាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​វិភាគ​ និង​ស្រាវ​ជ្រាវ​សិទិ្ធ​មនុស្ស​ដែល​ជា​ក្រុម​សង្គម​ស៊ីវិល​​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​ព័រអូប្រាំង​ ​មនុស្ស​ជាង​ ៦០០ ​ត្រូវ​បាន​ចាប់​ជំរិត​​ក្នុង​ត្រីមាស​ទី​ ៣​ នៃ​ឆ្នាំ​ ២០២១ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ ២៣១ ​នាក់​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​

​ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner