អូស្ត្រាលីដល់ថ្នាក់រំពឹងភ្លៀងនិងខ្យល់ព្យុះ ជួយពន្លត់ភ្លើងឆេះព្រៃ ១៥ មករា ២០២០
សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃពុធ ទី១៥ មករា ២០២០នេះថា អាជ្ញាធរឧតុនិយម និងធនធានទឹកនៃប្រទេសអូស្ត្រាលីបានព្យាករណ៍ថា ភ្លៀង និងព្យុះអាចនឹងនាំភាពធូរស្រាលមួយចំនួនធំ ទៅកាន់តំបន់ដែលរងគ្រោះ និងបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងបច្ចុប្បន្នកំពុងបង្កហានិភ័យ នៃគ្រោះរអិលបាក់ដី និងការបំពុលទឹក។
ភ្លើងឆេះព្រៃដែលបានឆាបឆេះតាំងតែពីខែកញ្ញា ឆ្នាំ២០១៩ មកទល់នឹងពេលបច្ចុប្បន្ននេះ បានផ្ដាច់ជីវិតមនុស្ស ២៨នាក់, បំផ្លាញផ្ទះសម្បែងច្រើនជាង ២,៥០០ខ្នង ហើយសត្វអាចដល់ទៅមួយពាន់លានក្បាល ត្រូវបានគេព្រួយបារម្ភថាបានងាប់ ខណៈផ្ទៃដីត្រូវបានអណ្តាតភ្លើងលេបត្របាក់ មានទំហំប៉ុនប្រទេសប៊ុលហ្គារី។
គួរជម្រាបថា ភ្លើងឆេះព្រៃតែងតែជាកើតឡើងជាញឹកញាប់ នៅកំឡុងរដូវក្ដៅនៅអូស្ត្រាលី ប៉ុន្តែភ្លើងឆេះព្រៃនៅឆ្នាំនេះគឺមានសភាពខុសប្រក្រតី និងធ្ងន់ធ្ងរហួសប្រមាណ។ ចំណែកឯអង្គការ NASA នៅថ្ងៃពុធនេះក៏បានបញ្ចេញទិន្នន័យពីផ្កាយរណបផងដែរថា ផ្សែងបង្កឡើងដោយភ្លើងឆេះព្រៃកំពុងរសាត់អាណ្ដែត ស្ទើរតែពាសពេញបរិយាកាសពិភពលោក៕