ថៃ-ឥណ្ឌូនេស៊ីចុះកិច្ចព្រមព្រៀង ប្រយុទ្ធប្រឆាំងពួកបះបោរ
ថៃនិងឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ៍ ទី១៤ មករា ម្សិលមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការមួយ ដោយមេទ័ពថៃអះអាងថា កិច្ចព្រមព្រៀងនេះនឹងជួយបន្ថយសកម្មភាពពួកបះបោរ ដែលកំពុងធ្វើប្រតិបត្តិការ នៅតំបន់ភាគខាងត្បូងប្រទេសថៃ ពោលគឺភាគច្រើនគឺជាឥស្លាម។
បើតាមឯកសារដែលត្រូវបានចុះហត្ថលេខានោះ ថៃ និងប្រទេសឥណ្ឌូនេស៊ីដែលសម្បូរអ្នកកាន់សាសនាឥស្លាមនោះនឹងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ពីសកម្មភាពរបស់ពួកបះបោរ ឬ ឧទ្ទាម ដែលត្រូវបានឃ្លាំមើលជាប្រចាំពីកម្លាំងសន្តិសុខជាតិ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្នុងពេលមានដំណើរទស្សនកិច្ចផ្លូវការរបស់នាយឧត្តមសេនីយ៍ Apirat Kongsompong មេទ័ពកំពូលរបស់ថៃនៅប្រទេសឥណ្ឌូនេស៊ី ហើយ អភិបាលខេត្តម្នាក់របស់ឥណ្ឌូនេស៊ីបានចូលរួមចុះហត្ថលេខានេះដែរ។
លោក Apirat បាននិយាយថា «កិច្ចព្រមព្រៀងនេះគឺសំដៅលើការកម្រិតសេរីភាពរបស់ក្រុមប៉ះបោរ ដោយសារតែពួកយើងនឹងចែករំលែកព័ត៌មានជាមួយគ្នា និងឃ្លាំមើលទាំងអស់គ្នា នៅលើទីតាំងរៀងៗខ្លួន»។ លោកបន្តថា ខេត្ត Aceh របស់ឥណ្ឌូនេស៊ីធ្លាប់ត្រូវបានប្រើប្រាស់ដោយពួកបះបោរថៃ ដើម្បីហ្វិកហាត់ ក៏ដូចជាលាក់ខ្លួន និងធ្វើផែនការវាយប្រហារថៃ។
គួរបញ្ជាក់ថា ថៃនៅតែបន្តប្រតិបត្តិការបង្ក្រាបពួកបះបោរ នៅបណ្តាភាគខាងត្បូងប្រទេស មានដូចជា យ៉ាឡា ប៉ាតានី និងណារ៉ាត់ធីវ៉ាត់ជាដើម ក្នុងនោះ មានមនុស្សជិត៧០០០នាក់ហើយដែលត្រូវបានសម្លាប់ តាំងពីឆ្នាំ២០០៤មក ស្លាប់ព្រោះការធ្វើសកម្មភាពវាយប្រហាររបស់ពួកឧទ្ទាមទាំងនោះ សំដៅលើការបំផ្ទុះគ្រាប់បែកជាដើម៕ធ.ដ