អាម៉េរិក-ចិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយ នៅថ្ងៃពុធនេះ
មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាមេរិកនិងចិនគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ នៅថ្ងៃពុធ ទី១៥ មករា ២០២០នេះ ដែលនឹងអនុញ្ញាតិឲ្យធ្វើពាណិជ្ជកម្មជុំវិញពិភពលោកអាចដកដង្ហើមបាន ខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនមិនទាន់មានភាពធូរស្រាលនៅឡើយនោះ។
បើទោះបីជាការតំឡើងពន្ធទៅវិញទៅមករវាងអាមេរិកនិងចិនរាប់រយពាន់លានដុល្លារអាមេរិកនៅតែមានសុពលភាពនៅឡើយ ពោលគឺអាចរហូតទាល់តែលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំប្រឈមនឹងការបោះឆ្នោតឡើងវិញ នាខែវិច្ឆិកានោះ ក៏ដោយ ក៏ភាពមិនប្រាកដប្រជាខ្លះនឹងទៅបាត់។
ស្របពេលដែលលោកដូណាល់ ត្រាំ ត្រៀមប្រឈមនឹងការសម្រេចចិត្តរបស់សភាជាន់ខ្ពស់ចំពោះការប៉ុនប៉ងដកតំណែងរបស់លោកនោះ លោកត្រាំអាចនឹងប្រកាសពីជោគជ័យជាមួយនឹងកិច្ចព្រមព្រៀងដំណាក់កាលដំបូងរបស់លោក ពីកិច្ចព្រមព្រៀងដែលចុះហត្ថលេខានេះ ដែលរួមមានទាំងការសន្យាពីប្រទេសចិនក្នុងការបង្កើនការទិញផលិតផលនិងដំណាំកសិកម្មរបស់អាំាមេរិក យ៉ាងហោចណាស់ក្នុងរយៈពេលខ្លី។
អ្នកវិភាគសេដ្ឋកិច្ច Mary Lovely បាននិយាយថា កិច្ចព្រមព្រៀងដំណាក់កាលដំបូងរវាងអាមេរិកនិងចិននេះគឺមានសារៈសំខាន់ណាស់ លើវិស័យពាណិជ្ជកម្ម ក្នុងនោះ មានការបញ្ជាទិញកម្រិតរដ្ឋដ៏ធំ។ លោកថា កិច្ចព្រមព្រៀងនេះគឺជាដំណឹងល្អសម្រាប់អាមេរិកនិងសេដ្ឋកិច្ចពិភពលោក។
មន្ត្រីអាមេរិកធ្លាប់បាននិយាយថា ឯកសារលម្អិតនៃកិច្ចព្រមព្រៀងដែលត្រូវចុះហត្ថលេខានៅសេតវិមាន នាថ្ងៃពុធនេះ នឹងត្រូវបង្ហាញឲ្យដឹងពេលក្រោយ៕ធ.ដ