ជនដៃដល់ដែលជាម្តាយតារាចម្រៀង ពេជ្រ សូលីកា ត្រូវនគរបាលខណ្ឌមានជ័យបញ្ជូចូនទៅតុលាការ នាព្រឹកនេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះថា ការស៊ើបអង្កេតសំណុំរឿងជនដៃដល់ដែលជាម្តាយតារាចម្រៀង ពេជ្រ សូលីកា បានសម្លាប់គូស្នេហ៍ស្រីស្រលាញ់ស្រីដូចគ្នា បានបិទបញ្ចប់ហើយ គឺនៅដំណាក់ការអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ហើយត្រូវកម្លាំងនគរបាលបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៥ ខែមករា នេះ ដើម្បីផ្ដន្ទាទោសតាមច្បាប់ផងដែរ ។

លោកអធិការខណ្ឌមានជ័យបានបញ្ចាក់ថា ករណីនេះ គឺ មានតែម្តាយតារាចម្រៀង ពេជ្រ សូលីកា ដែលជាអ្នកប្រព្រឹត្ត ពោលគឺគ្មានអ្នកដទៃផ្សេងទៀតទេ ដែលត្រូវបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៥ ខែមករា នេះ ។     ក្នុងចម្លើយការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង អាយុ៤៥ឆ្នាំ បានសារភាពរួចហើយថា ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ ពិតប្រាកដមែន ដោយសារតែភ្លើងប្រចណ្ឌ ។ ក្នុងអំពើឃាតកម្មដ៏រន្ធត់នេះ គឺ បានកើតឡើងកាលពីវេលាម៉ោង២២ យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ L42A ក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

សូមបញ្ចាក់ថា ជនរងគ្រោះឈ្មោះ ងិន សុខលី បានជិះម៉ូតូតែម្នាក់ឯង មកលេងផ្ទះរបស់ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ដោយមានទំនាក់ទំនងស្រលាញ់ស្រីដូចគ្នា ។ ពេលនោះជនសង្ស័យ បានឃើញជនរងគ្រោះពុំមានពាក់ចិញ្ចៀនពេជ្រទាំង២វង់ដូចធម្មតា បានខឹងប្រចណ្ឌ ដោយដឹងថាជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត ទើបជនសង្ស័យបានទារលុយចំនួន១៥០០០ដុល្លារដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញ ។

តែជនរងគ្រោះមិនព្រមឲ្យក៏មានទំនាស់វាយប្រតាយប្រតប់គ្នា ខណៈនោះជនរងគ្រោះមានអាការៈទន់ដៃ ទន់ជើង ដូចមនុស្សស្រវឹងស្រាជោកជាំ ទើបជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួន១ខ្សែមកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា ។ ក្រោយពីទទួលបានករណីខាងលើនេះភ្លាម  លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងបំបែកសំណុំរឿងនេះ បានដោយជោគជ័យ ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner