ប្រធានាធិបតីអ៊ីរ៉ង់ប្តេជ្ញាដាក់ទោសអ្នកដែលពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន ដែលផ្តាច់ជីវិតមនុស្សសរុប១៧៦នាក់

អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស់ស្សាន រូហាន់នី បានសន្យានៅថ្ងៃទី១៤ ខែមករានេះថា នឹងដាក់ទោសអ្នកដែលទទួលខុសត្រូវ ចំពោះការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនដោយអចេតនា ដែលធ្វើឲ្យមនុស្សសរុប១៧៦នាក់ស្លាប់ ហើយលោកបានហៅហេតុការណ៍នេះថា ជាហេតុការណ៍ដែល មិនអាចលើកលែងទោសឲ្យបានទេ ។

នៅថ្ងៃដដែលនេះ អ្នកនាំពាក្យតុលាការអ៊ីរ៉ង់បានលើកឡើងថា មនុស្សមួយចំនួនត្រូវបានចាប់ខ្លួនរួចហើយ ដោយសារតែពួកគេមានតួនាទីពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះនោះ ប៉ុន្តែអ្នកនាំពាក្យរូបនោះមិនបានបញ្ជាក់ឲ្យបានច្បាស់ថាប៉ុន្មាននាក់ ឬក៏អ្នកទាំងនោះពាក់ព័ន្ធបែបណានោះទេ ។

បច្ចុប្បន្នរដ្ឋាភិបាលអ៊ីរ៉ង់បាននិងកំពុងប្រឈមជាមួយការតវ៉ាដ៏កក្រើក បន្ទាប់ពីបានទទួលស្គាល់កាលពីថ្ងៃសៅរ៍កន្លងទៅនេះថា ទាហានអ៊ីរ៉ង់ជាអ្នកបាញ់ទម្លាក់យន្តហោះនោះ ទោះបីជាដំបូងខ្លួនបានអះអាងថា យន្តហោះនោះធ្លាក់គឺដោយ សារបញ្ហាបច្ចេកទេស ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner