ប្រធានាធិបតីតួកគី ព្រមានផ្ដល់មេរៀនដល់មេដឹកនាំលីប៊ីខាងកើត ក្រោយច្រានចោលការចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់

តួកគី៖ តួកគីនឹងផ្ដល់មេរៀនមួយដល់លោកឧត្ដមសេនីយ៍ ខាលីហ្វា ហាស់តា បើសិនជារដ្ឋាភិបាលលីប៊ីខាងកើតរបស់លោក ហ៊ានដឹកនាំការវាយប្រហារណាមួយលើរដ្ឋាភិបាលលីប៊ី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ។

ការព្រមានបែបនេះរបស់ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ ត្រូវបានធ្វើឡើងកំឡុងពេលថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាតួកគី នៅថ្ងៃទី១៤ ខែមករានេះ និង បន្ទាប់ពីរុស្ស៊ី និង តួកគីបានបរាជ័យក្នុងការបញ្ចុះបញ្ចូលឱ្យលោកឧត្ដមសេនីយ៍ ខាលីហ្វា ហាស់តា ចុះហត្ថលេខាលើបទឈប់បាញ់ជាមួយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលីប៊ីលោក ហ្វាយ៉េស អាល់សឺរ៉ាច ។

សូមបញ្ជាក់បន្ថែមថា អំឡុងកិច្ចចរចាក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃទី១៣ ខែមករានេះ ក្រោមកិច្ចសម្របសម្រួលដោយរុស្ស៊ី និងតួកគី ប្រមុខរដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិលីប៊ី នាយករដ្ឋមន្ត្រីលីប៊ីលោក ហ្វាយ៉េស អាល់សឺរ៉ាច មានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី បានចុះហត្ថលេខាលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ ខណៈមេដឹកនាំរដ្ឋាភិបាលកងទ័ពជាតិលីប៊ី មានមូលដ្ឋាននៅភាគខាងកើតនៃប្រទេសលោក ខាលីហ្វា ហាស់តា បានស្នើសុំពេលវេលាបន្ថែម ដើម្បីពិចារណាថាតើគួរតែចុះហត្ថលេខាដែរឬទេ ។ ប៉ុន្តែនៅថ្ងៃទី១៤ ខែមករានេះលោក ហាស់តា ស្រាប់តែចាកចេញពីទីក្រុងមូស្គូ ដោយមិនបានចុះហត្ថលេខាលើបទឈប់បាញ់នោះទេ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner