មនុស្សយ៉ាងហោចណាស់ ២៦ នាក់ស្លាប់ដោយសារគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសឥណ្ឌា

​មន្រ្តី​ក្នុង​តំបន់​ឥណ្ឌា​និយាយ​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់ ​​២៦ ​នាក់​​ស្លាប់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​ និង​ការ​រអិល​បាក់​ដី​នៅ​រដ្ឋ​ Kerala ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា ​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​បណ្តាល​ឱ្យ​ទឹក​ទន្លេ​ហូរ​កាត់​ផ្តាច់​ទី​ក្រុង​ និង​ភូមិ​កាល​ពី​ចុង​សប្ដាហ៍​មុន​។​

​ក្មេង​ប្រាំ​នាក់​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ ហើយ​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​​បន្ថែម​ទៀត​ដោយ​សារ​មនុស្ស​ជា​ច្រើន​កំពុង​បាត់​ខ្លួន​ ខណៈ​ផ្ទះ​ជា​ច្រើន​ខ្នង​ក្នុង​ស្រុក​ Kottayam ដែល​មាន​មនុស្ស​ជាប់​នៅ​ក្នុង​ ត្រូវ​បាន​ទឹក​អូស​នាំ​យក​​ទៅ​។ ​ស្រុក​ Kottayam ​និង​ Idukki ​គឺ​ជា​ស្រុក​ពីរ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​បំផុត​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ​បណ្តាល​ឱ្យ​មាន​ការ​រអិល​បាក់​ដី​​​។

មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ ហើយ​ជំរុំ​ជួយ​សង្គ្រោះ​ចំនួន​ ១៨៤ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ទូទាំង​រដ្ឋ​ Kerala ​ដែល​មាន​មនុស្ស​ជាង​ ៨ ០០០ ​នាក់​កំពុង​ត្រូវ​បាន​ផ្តល់​អាហារ​ ទី​ជម្រក​ និង​សម្លៀក​បំពាក់​។​ រដ្ឋាភិបាល​ឥណ្ឌា​ ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​អ្នក​ដែល​​បាត់​បង់​ផ្ទះ​សម្បែង ​និង​ផលដំ​ណាំ​ផង​ដែរ​។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ ទំនប់​វារី​អគ្គិសនី​មួយ​ចំនួន​នៅ​ទូទាំង​រដ្ឋ​ Kerala ​ត្រូវ​បាន​បើក​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​​​នៃ​ទឹក​ជោរ​ជន់​។​ ​នៅ​ឆ្នាំ​ ២០១៨ ​មនុស្ស​ជិត​ ៥០០ ​នាក់​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋ​ Kerala ​នៅ​ពេល​​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត​​វាយ​ប្រហារ​រដ្ឋ​​នេះ​។​ ​កាល​នោះ​ មាន​ភាព​ចម្រូង​ចម្រាស​ជាច្រើន​ជុំ​វិញ​ការ​ពិត​ដែល​ថា​ ទំនប់​វារីអគ្គិសនី​ត្រូវ​បាន​បើក​ដោយ​គ្មាន​ការ​ព្រមាន​ដល់​ប្រជាជន​ដែល​រស់​នៅ​តំបន់​ទំនាប​ខាង​ក្រោម​។​

​នាយក​ដ្ឋាន​ឧតុនិយម​ឥណ្ឌា​​និយាយ​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​ជោគ​ជាំ​កាល​ពី​ចុង​សប្ដាហ៍​មុន​ ​បណ្តាល​មក​ពី​តំបន់​សម្ពាធ​ទាប​មួយ​នៅ​សមុទ្រ​​អារ៉ាប់​​​ភាគ​អាគ្នេយ៍ ​និង​រដ្ឋ​ Kerala ​ហើយ​ថយ​ចុះ​មក​វិញ​នៅ​ថ្ងៃ​ច័ន្ទ​។​ ការិយាល័យ​អាកាស​ធាតុ​​និយាយ​ថា ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា ​រដ្ឋ​មួយ​ចំនួន​រួម​ទាំង​តំបន់​ហិមាល័យ​នៃ​រដ្ឋ​ Uttarakhand ​និង​រដ្ឋ​ Himachal​ Pradesh ​​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រហូត​ដល់ជោគជាំ​​​ក្នុង​រយៈពេ​ល​ពីរ​ទៅ​បី​ថ្ងៃ​ខាង​មុខ​នេះ​។

ប្រភព៖ BBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner