ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីព្រមព្រៀងក្នុងការសិក្សាបង្កើតច្រករបៀងធ្វើដំណើរ

ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​កំពុង​តែ​ជំរុញ​ឱ្យ​កិច្ចព្រមព្រៀង​បង្កើត​ច្រក​របៀង​ធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំង​ពីរ​លេច​ចេញ​ជា​រូប​រាង​នា​ពេល​ឆាប់ៗ​ខាង​មុខ ស្រប​ពេល​ស្ថានភាព​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​ហាក់​បី​ដូច​ជា​នៅ​ស្ថេរ​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ប្រទេស​ទាំង​ពីរ​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​រួម​កាល​ពី​ថ្ងៃ​ច័ន្ទ។

លោក Saifuddin Abdullah រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​ធ្វើ​ដំណើរ​ទស្សនកិច្ច​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​រយៈពេល ៤ថ្ងៃ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៧ទៅ។

អ្នកស្រី Retno Marsudi រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​បាន​លើកឡើង​ថា ដោយសារ​តែ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ការ​កើន​ឡើង​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩ ទើប​ការ​បង្កើត​ច្រក​របៀង​ធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំង​ពីរ​សម្រាប់​ធុរជន​សំខាន់​ពិត​ជា​ចាំបាច់​ណាស់។

បន្ថែម​ពី​លើ​នេះ​ទៀត កិច្ចព្រមព្រៀង​រវាង​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​នឹង​ជួយ​បំពេញ​បន្ថែម​ដល់​ក្របខ័ណ្ឌ​នៃ​ការ​រៀបចំ​ច្រក​របៀង​ធ្វើ​ដំណើរ​របស់​អាស៊ាន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកស្រី។

លោក Abdullah បាន​បញ្ជាក់​ថា ច្រក​របៀង​ធ្វើ​ដំណើរ​នេះ​អាច​នឹង​ធ្វើ​ឡើង​ជា​ដំណាក់កាល​ៗ ដោយ​ដំណាក់កាល​ដំបូងៗ​ធ្វើ​ឡើង​សម្រាប់​ការ​ធ្វើ​ដំណើរ​ចាំ​បាច់​នានា​ដូច​ជា ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​ជា​ដើម។ បន្ត​មក​ទៀត​ ការ​បើក​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​នឹង​ធ្វើ​ឡើង​បន្តិច​ម្ដងៗ​ពី​បើក​ឱ្យ​ដើរ​នៅ​ចំណុច​កំណត់​ណា​មួយ រហូត​ដល់​ការ​បើក​ទាំង​ស្រុង​សម្រាប់​វិស័យ​ផ្សេងៗ​ទៀត​ដូច​ជា វិស័យ​អប់រំ និង​វិស័យ​ទេសចរណ៍។

លើស​ពី​នេះ​ទៅ​ទៀត ប្រទេស​ទាំង​ពីរ​ក៏​កំពុង​តែ​ត្រៀម​ក្នុង​ការ​ទទួល​ស្គាល់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ៕

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner