រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី៖ ការយល់ច្រឡំគ្នា និងការវាយតម្លៃសភាពការណ៍ខុសជាការគំរាមកំហែងដ៏ធំសម្រាប់សន្តិភាពតំបន់

លោក អ៊ឹង អេងហិន (Ng Eng Hen) រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី​បាន​លើកឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ការ​គំរាមកំហែង​ធំ​បំផុត​ទៅ​ដល់​សន្តិភាព​តំបន់​អាស៊ីអាគ្នេយ៍​មិនមែន​កើត​ចេញ​ពី​ប្រទេស​ណា​មួយ​នោះ​ទេ តែ​កើត​ចេញ​ពី​ «ការ​យល់​ច្រឡំ» និង​«ការ​វាយ​តម្លៃ​ខុស» ណា​មួយ។

លោក​ថ្លែង​ដូច្នេះ​អំឡុង​ពេល​ដែល​សិង្ហបុរី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​លំហាត់​សមយុទ្ធ Bersama Gold 2021 ដែល​ជា​លំហាត់​សមយុទ្ធ​សម្រាប់​អបអរ​ខួប​ ៥០ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ការពារ​ប្រទេស​ទាំង ៥ (FPDA) ដែល​រួម​មាន​ប្រទេស​អូស្ត្រាលី នូវែលហ្សេឡង់ ម៉ាឡេស៊ី សិង្ហបុរី និង​ចក្រភព​អង់គ្លេស។

កិច្ចព្រមព្រៀង​ FPDA នេះ​ត្រូវ​បាន​ចុះ​នៅ​ឆ្នាំ១៩៧១ ពោល​គឺ​ជា​ដៃគូ​យោធា​ចាស់​ជាង​គេ​បង្អស់​ទី២ នៅ​លើ​ពិភពលោក​បន្ទាប់​ពី​ អង្គការ​សន្ធិសញ្ញា​អាត្លង់ទិច​ខាង​ជើង ឬ គេ​ច្រើន​តែ​ស្គាល់​ថា សម្ព័ន្ធ​មិត្ត​ណាតូ។ ចំណែក​ឯ​នៅ​ទ្វីប​អាស៊ី កិច្ចព្រមព្រៀង​ FPDA នេះ​ជា​ដៃគូ​យោធា​ចាស់​ជាង​គេ។

«ខ្ញុំ​គិត​ថា ការ​គំរាមកំហែង​ធំ​បំផុត​ [ចំពោះ​សន្តិភាព និង​ស្ថិរភាព​តំបន់] មិនមែន​កើត​ចេញ​ពី​ប្រទេស​ណា​មួយ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​កើត​ចេញ​ពី​ការ​មិន​យល់​ចិត្ត​គ្នា និង​ការ​វាយ​តម្លៃ​ស្ថានការណ៍​ខុស»។ នេះ​ជា​ការ​លើកឡើង​របស់​លោក អ៊ឹង។

FPDA នេះ​ត្រូវ​បាន​លេច​ចេញ​ជា​រូបរាង​ឡើង​ក្រោយ​ពេល​ដែល​ចក្រភពអង់គ្លេស​ដក​ទ័ព​ចេញ​ព្រែក​ជីក​ស៊ុយអេ នៅ​ឯ​ប្រទេស​អេហ្ស៊ីប ហើយ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ការពារ​ប្រទេស​សិង្ហបុរី និង​ប្រទេស​ម៉ាឡេស៊ី ដែល​នៅ​ពេល​នោះ​ទើប​តែ​មាន​អាយុ​មិន​ដល់ ១០ឆ្នាំ​ផង​។

៥ ទសវត្ស​កន្លង​ផុត​ទៅ ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​សង្គ្រាម​ត្រជាក់​រវាង​លោក​សេរី និង​លោក​កុម្មុយនិស្ត​ត្រូវ​បាន​បញ្ចប់។ តំបន់​អាស៊ីអាគ្នេយ៍​ធ្លាប់​តែ​ញាំញី​នឹង​សង្គ្រាម​ប្រដាប់​អាវុធ និង​ការ​ជ្រៀតជ្រែក​ពី​សំណាក់​ប្រទេស​មហាអំណាច ខណៈ​នៅ​ពេល​នេះ​ក្នុង​តំបន់​ជួប​ប្រទះ​នូវ​បញ្ហា​ប្រឈម​ថ្មី តែ​ជា​ទូទៅ​មាន​ភាព​បើក​ចំហ​នឹង​គ្នា ហើយ​កំពុង​ឈាន​ទៅ​ដល់​សមាហរណកម្ម​ថ្នាក់​តំបន់។

ជាមួយ​នឹង​ស្ថានភាព​នេះ​ដែរ លោក អ៊ឹង នៅ​តែ​យល់​ឃើញ​ថា កិច្ចព្រមព្រៀង​យោធា FPDA នៅ​តែ​សំខាន់ និង​សមស្រប​នឹង​បរិបទ​បច្ចុប្បន្ន។

«ចំណុច​ផ្ដោត និង​គោល​បំណង​នៃ​ FPDA គឺ​នៅ​ដដែល ពោល​គឺ​សម្រាប់​ការ​ការពារ​ពី​ការ​គំរាម​កំហែង​ពី​ក្រៅ​ប្រទេស​សម្រាប់​ម៉ាឡេស៊ី និង​សិង្ហបុរី។ ប្រសិន​បើ​សន្តិសុខ​របស់​យើង​ (ម៉ាឡេស៊ី និង​សិង្ហបុរី) រង​ការ​គំរាមកំហែង នោះ​ដៃ​គូ​របស់​យើង​យល់​ព្រម​ក្នុង​ការ​ពិគ្រោះ​យោបល់​ជាមួយ​គ្នា​ តែ​នៅ​ពេល​នេះ យើង​មិន​ចង់​ប្រាថ្នា​ឱ្យ​រឿង​អាក្រក់​នេះ​កើត​ឡើង​នោះ​ទេ»។ លោក អ៊ឹង បាន​បន្ថែម។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ លោក លី សៀនឡុង នាយករដ្ឋមន្ត្រី​សិង្ហបុរី បាន​សរសេរ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា «FPDA ត្រូវ​បាន​ចូល​ជា​ធរមាន​នៅ​ឆ្នាំ១៩៧១។ នៅ​ពេល​នោះ​ អាស៊ីអាគ្នេយ៍​មិន​មាន​ស្ថិរភាព ហើយ​សង្គ្រាម​វៀតណាម​នៅ​តែ​កំពុង​កើត​មាន។ … ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដែល​កិច្ចព្រមព្រៀង​នេះ​នៅ​តែ​សកម្ម​នៅ​ពេល​នេះ។ កិច្ច​សហប្រតិបត្តិការ​ជួយ​ជំរុញ​ឱ្យ​មាន​សន្តិភាព និង​ស្ថិរភាព​នៅ​តំបន់ ហើយ​សិង្ហបុរី​បន្ត​គាំទ្រ​ FPDA ខណៈ​សណ្ដាប់ធ្នាប់​ពិភពលោក​បាន​ផ្លាស់ប្ដូរ»។

ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ ស្ថានការណ៍​សន្តិសុខ​នៅ​ក្នុង​តំបន់​កំពុង​តែ​ជួប​ភាព​មិន​ប្រាកដប្រជា​ ដោយ​មាន​ការ​ប្រទាញប្រទង់​គ្នា​ពី​សំណាក់​មហាអំណាច​យក្ស​សហរដ្ឋអាមេរិក និង​ចិន។

អូស្ត្រាលី​ ដែល​នៅ​ក្បែរ​របង​អាស៊ីអាគ្នេយ៍ បាន​ចូល​រួម​ជាមួយ​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក ក្នុង​ការ​បង្កើត​កិច្ចព្រមព្រៀង​យោធា​ត្រីភាគី ដែល​ជា​ភាសា​អង់គ្លេស​ហៅ​ថា AUKUS។ ចំណែក​ឯ​ចិន​វិញ កាល​ពី​ពេល​ថ្មីៗ​នេះ​ សារព័ត៌មាន Financial Times បាន​ចុះ​ផ្សាយ​ថា មហាអំណាច​អាស៊ី​មួយ​នេះ​បាន​ធ្វើ​តេស្ត​មីស៊ីល​អេពែរសូនិក ដែល​អាច​បំពាក់​អាវុធ​នុយក្លេអ៊ែរ។

ទាក់ទិន​នឹង​រឿង​ទាំង​អស់​នេះ​ដែរ រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី​បាន​លើកឡើង​ថា សកម្មភាព​ណា​ក៏​ដោយ​ ឱ្យ​តែ​ធ្វើ​ឡើង​ជាមួយ​នឹង​ភាគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក វា​មិន​បង្ក​ជា​បញ្ហា​អ្វី​នោះ​ទេ។

លោក​បាន​លើកឡើង​ថា «ខ្ញុំ​គិត​ថា​លើ​ករណី​អាវុធ​អេពែរសូនិក​ ឬ ក៏​វត្ថុ​ដែល​ទំនង​ជា​អាវុធ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​លើក​មក​ពិភាក្សា​ហើយ។ យោធា​ជា​ច្រើន​កំពុង​តែ​មើល​លើ​រឿង​នេះ។ ខ្ញុំ​ប្រាកដ​ណាស់​ថា ប្រសិន​បើ​គេ​ផលិត​អាវុធ​អេពែរសូនិក ច្បាស់​ណាស់​ថា នឹង​មាន​គេ​ផលិត​បច្ចេកវិទ្យា​ប្រឆាំង​នឹង​អាវុធ​នេះ»។

«ប៉ុន្តែ​សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ការ​អភិវឌ្ឍ​អាវុធ​ទាំង​នេះ​នឹង​មាន​សុវត្ថិភាព ប្រសិន​បើ​ធ្វើ​ឡើង​ក្រោម​ឆត្រ​នៃ​ការ​យោគយល់​គ្នា ឬ ឆត្រ​នៃ​ការ​បន្ត​កិច្ចសន្ទនា ឬការ​ដាក់​ចេញ​នូវ​ច្បាប់​ទម្លាប់​ណា​មួយ»។ នេះ​ជា​ការ​បន្ថែម​របស់​លោក៕

ប្រភព៖ Mindef Singapore

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner